ក្នុងពិធីខួប៣៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ពលរដ្ឋស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួន ដូចជាទម្លាក់បទចោទលើអ្នកទោសមនសិការ និងបើកលំហសេរីភាពពេញលេញ
តាមរយៈលោកទូច កុសល តំណាងប្រជាពលរដ្ឋចូលរួមពិធីប្រារព្ធខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ ដែលធ្វើឡើនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី២០ តុលា ឆ្នាំ២០២៤ ពលរដ្ឋស្នើរដ្ឋាភិបាល ដោះស្រាយបញ្ហាមួយចំនួន ដូចជា ទម្លាក់បទចោទប្រកាន់លើអ្នកទោសមនសិការ បើកលំហសេរីភាពពេញលេញ និងទាមទារឱ្យរដ្ឋាភិបាល ដាក់ថ្ងៃ២៣ តុលា ជាថ្ងៃឈប់សម្រាកវិញ។
ក្នុងពិធីដែលមានអ្នកចូលរួម ប្រហែលជាង ១ ០០០នាក់ មកពីអង្គការ សហជីព សហគមន៍ សមាគម គណបក្សនយោបាយ និងតំណាងស្ថានទូតផងនោះ លោកទូច កុសល ថ្លែងថា ពលរដ្ឋស្នើរដ្ឋាភិបាល ដាក់ថ្ងៃទី២៣ តុលា ជាថ្ងៃឈប់សម្រាកវិញ ក្រោយពីត្រូវបានដកចេញពីថ្ងៃ ដែលត្រូវឈប់សម្រាកការងារ។ សុំឱ្យរដ្ឋាភិបាល ទម្លាក់ចោលបទចោទទៅលើយុវជន និងអ្នកទោសមនសិការ ហើយបើកលំហសេរីភាពឱ្យបានពេញលេញដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកដែលមានសំឡេងជំទាស់ និងស្នើរដ្ឋាភិបាលជួយដោះស្រាយបញ្ហាបំណុល ដោយបន្ធូរបន្ថយការបា្រក់ធនាគារ ព្រោះអ្នកខ្លះត្រូវបានគេរឹបអូសផ្ទះសម្បែង ដីធ្លី។
លោកកុសល ក៏បានលើកពីការអនុវត្តច្បាប់នៅសាលាជំនុំជម្រះក្តី ដោយបានស្នើឱ្យរដ្ឋាភិបាល ពង្រឹងការអនុវត្តច្បាប់នៅស្ថាប័នតុលាការឱ្យមានតម្លាភាព ស្មើភាពគ្នារវាងអ្នកមានអំណាចនិងអ្នកគ្មានអំណាច រវាងអ្នកមាន និងអ្នកក្រ។ លោកស្នើឱ្យមានការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរី និងយុត្តិធម៌ គ្មានការលួចបន្លំ និងស្នើឱ្យមានច្បាប់ការពារអ្នកនយោបាយ។ ពាក់ព័ន្ធទំនាស់ដីធ្លី ដែលកំពុងកើតឡើងច្រើន លោកស្នើឱ្យមានដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានល្អ និងសុំបញ្ឈប់ការលាបពណ៌ប្រជាពលរដ្ឋ។
លោក ទូច កុសល បញ្ជាក់ថា៖«សុំឱ្យអាជ្ញាធរ ដោះស្រាយបញ្ហា[ជូន]ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនថា រឿងដីធ្លី មិនថា វិវាទអីផ្សេងៗទេ។ បញ្ឈប់នូវការបង្ក្រាប និងការប្រើអំពើហិង្សាទៅលើអ្នកការពារសិទ្ធិ ជាពិសេសទៅលើស្ត្រី។ យើងឃើញថា អាជ្ញាធរមានការប្រើអំពើហិង្សាទៅលើស្ត្រី»។
លោកថ្លែងទៀតថា៖«ស្នើឱ្យរដ្ឋាភិបាល បង្កើតទីផ្សារកសិកម្មឱ្យបានល្អប្រសើរ។ យើងអត់ទាន់មានទីផ្សារកសិកម្មទេ ដាំដុះបានពិបាករកទីផ្សារ លក់អត់បានថ្លៃ។ ស្នើឱ្យរដ្ឋាភិបាល អភិវឌ្ឍ ក៏អភិវឌ្ឍចុះ ប៉ុន្តែកុំឱ្យប៉ះពាល់ទៅដល់អ្នកក្រីក្រ ព្រោះយើងឃើញកន្លងមក នៅពេលដែលអភិវឌ្ឍទៅ កន្លែងណាដែលអភិវឌ្ឍ កន្លែងហ្នឹងមានទឹកភ្នែកប្រជាពលរដ្ឋនៅទីនោះដែរ។ អ៊ីចឹង សូមឱ្យមានសុខសន្តិភាពទាំងអស់គ្នា»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រភិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា ថ្លែងនៅថ្ងៃទី២០ ខែតុលា ថា ការណ៍ដែលរដ្ឋាភិបាលកាត់បន្ថយថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អ្នកវិនិយោគទុន ដោយសារកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនពេក។
លោកថា៖«អ៊ីចឹងទៅ វាធ្វើឱ្យផលិតភាពផ្នែកសេដ្ឋកិច្ចហ្នឹងខាតបង់។ អ៊ីចឹងហើយបានជាយើងកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួន។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អ៊ីចឹង សង្គមស៊ីវិល អត់បានគិតពីរឿងអស់ទាំងហ្នឹងទេ គាត់គិតតែពីរឿងរបៀបវារៈនយោបាយរបស់គាត់ តែរាជរដ្ឋាភិបាលគិតជារួមការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការទាក់ទាញអ្នកវិនិយោគ»។
ឆ្លើយតបនឹងការស្នើឱ្យទម្លាក់បទចោទលើយុវជន និងអ្នកទោសមនសិការ លោក ប៉ែន បូណា បញ្ជាក់ថា កម្ពុជាមិនមានអ្នកទោសមនសិការទេ មានតែអ្នកទោសប្រព្រឹត្តខុសច្បាប់ ហើយត្រូវច្បាប់ចាត់វិធានការ។ លោកថ្លែងថា៖«អ៊ីចឹងមានតែស្ថាប័នតុលាការតែមួយគត់ដែលជាអ្នកសម្រេច អត់មានបុគ្គលណាឬស្ថាប័នណា អាចមកទាមទារ ឬក៏ធ្វើការកាត់សេចក្តីជំនួសតុលាការបានទេនៅក្នុងប្រទេសនីតិរដ្ឋ»។
លោករដ្ឋមន្ត្រីបន្តថា កម្ពុជាមានសិទ្ធិសេរីភាពបញ្ចេញមតិពេញលេញ ធានាដោយរដ្ឋធម្មនុញ្ញ ចំពោះប្រជាពលរដ្ឋដែលបញ្ចេញមតិរបស់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌនៃការគោរពសិទ្ធិអ្នកដទៃ ក្របខ័ណ្ឌនៃការគោរពដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អរបស់សង្គមស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញមាត្រា៤១ ស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ។លោកបញ្ជាក់ថា៖«ដោយឡែក អ្នកដែលបំពានច្បាប់ គឺត្រូវតែទទួលការចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែង»។
ទាក់ទងនឹងការបោះឆ្នោត លោករដ្ឋមន្ត្រីថ្លែងថា កម្ពុជា បោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោកស្នើឱ្យអង្គការសង្គមស៊ីវិលពិនិត្យមើលថា តើភាគីណាការពារការបោះឆ្នោត គឺមានតែរដ្ឋាភិបាល ដោយបោះឆ្នោតហើយការពារលទ្ធផលបោះឆ្នោត និងទទួលយកលទ្ធផលឆ្នោត។ លោកថា ការបោះឆ្នោតមានតម្លាភាពមិនមែនអ្វីលើសពីនេះទៀតទេ ដោយបោះកន្លែងណា មានអ្នកសង្កេតការណ៍មកពីបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាននៅកន្លែងនោះផ្ទៀងផ្ទាត់ទាំងអស់គ្នា។
លោកប្រាប់សង្គមស៊ីវិលថា៖«អ្នកណាដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោត អ្នកណាដែលប៉ុនប៉ងបំផ្លាញការបោះឆ្នោត អ្នកណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយ ដែលមិនប្រជាធិបតេយ្យ សូមឱ្យសង្គមស៊ីវិលទាំងអស់ហ្នឹងពិនិត្យមើល ហើយថ្កោលទោសអ្នកនោះវិញទើបល្អជាង»៕