អ្នកឃ្លាំមើលចង់ឱ្យមេដឹកនាំកម្ពុជាប្រកាសទ្រព្យសម្បត្តិមានតម្លាភាព ខណៈច្បាប់តម្រូវឱ្យប្រកាសដាក់ក្នុងកញ្ចប់ ក្រោយមេដឹកនាំថៃ ប្រកាសទ្រព្យសម្បត្តិ ដែលមានជាង $៤០០លាន
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ចង់ឱ្យក្រុមមេដឹកនាំធំៗនៃកម្ពុជា ក្លាហានប្រកាសទ្រព្យសម្បត្តិរបស់ពួកគេជាសាធារណៈ និងដោយតម្លាភាពឱ្យប្រជាពលរដ្ឋបានដឹង ខណៈច្បាប់តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិដាក់ក្នុងកញ្ចប់។ ការណ៍នេះ ក្រោយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រកាសទ្រព្យសម្បត្តិរបស់លោកស្រី កាលពីថ្ងៃទី៣ មករា ដែលមានជាង ៤០០លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn បានប្រកាសទ្រព្យសម្បត្តិរបស់លោកស្រី ដែលមានតម្លៃជាង ៤០០លានដុល្លារអាមេរិក នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ លោកស្រី គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra។ លោកស្រីបានជាប់ឆ្នោតឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីខែកញ្ញា ឆ្នាំ២០២៤។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងនាថ្ងៃទី៥ មករា ថា ការប្រកាសទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថៃ គឺដោយសារច្បាប់ប្រកាសទ្រព្យសម្បត្តិរបស់ថៃ គឺជាច្បាប់ ដែលមិនអាចប្រកែកបានសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីមានតួនាទីស្របទៅតាមច្បាប់កំណត់ ដោយតម្រូវឱ្យប្រកាសទ្រព្យសម្បតិ្តជាសាធារណៈ។ សម្រាប់កម្ពុជា ច្បាប់ប្រកាសទ្រព្យសម្បត្តិនេះ គឺប្រកាសដោយដាក់បញ្ចូលទៅក្នុងកញ្ចប់សម្ងាត់ លើកលែងតែករណីមានបញ្ហា ទើបធ្វើការបើកកញ្ចប់នោះ ដើម្បីផ្ទៀងផ្ទាត់ថា តើថវិកា ឬក៏ទ្រព្យសម្បត្តិ ដែលមាននោះ វាមានកត់ត្រាទុកក្នុងបញ្ជីប្រកាសទ្រព្យសម្បត្តិ ដែរឬទេ។
លោកសុជាតិថ្លែងថា៖«បើសិនជាមិនមាននៅក្នុងបញ្ជីប្រកាសទ្រព្យសម្បតិ្តទេ គេអាចចាត់ទុកថាជាប្រាក់ ឬក៏ជារបស់ ដែលទទួលបានពីអំពើពុករលួយអ៊ីចឹងជាដើម។ ដូច្នេះរដ្ឋាភិបាល ឬអង្គភាពប្រឆាំងអំពើពុករលួយនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេត និងធ្វើការដោះស្រាយបញ្ហាហ្នឹងដោយផ្ទាល់តាមផ្លូវច្បាប់តែម្តង»។
លោកបន្តថា៖«អ៊ីចឹងច្បាប់របស់កម្ពុជា និងច្បាប់របស់ប្រទេសថៃទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិ វាជារឿងពីរផ្សេងគ្នា ហើយលុះត្រាតែកម្ពុជាធ្វើការកែច្បាប់អំពីការប្រកាសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំសិន ទើបអាចនិយាយ និងអាចប្រកាសជាសាធារណៈដូចនៅប្រទេសថៃបាន។ បើមិនអ៊ីចឹងទេ កម្ពុជាមិនអាចធ្វើបានទេក្នុងកាលៈទេសៈបែបហ្នឹង»។
លោក សេក សុជាតិ ថ្លែងថា បើថ្នាក់ដឹកនាំរដ្ឋាភិបាល ឬក៏គណបក្សនយោបាយណាមួយឈ្នះឆ្នោត អាចកែច្បាប់ប្រកាសទ្រព្យសម្បត្តិជាសាធារណៈ និងស្នើសុំឱ្យប្រជាពលរដ្ឋគាំទ្រ។ បើបក្សនយោបាយណា ដាក់ចេញនូវគោលនយោបាយនេះ មានពលរដ្ឋគាំទ្រចង់ដឹងថា ថ្នាក់ដឹកនាំមានទ្រព្យសម្បតិ្តប៉ុនណា ទ្រព្យនោះបានមកពីណាខ្លះ។ ដូច្នេះលុះត្រាតែមានឆន្ទៈ ហើយមានច្បាប់ចែងទើបអាចដោះស្រាយបញ្ហាបាន។
លោក សេក សុជាតិ បញ្ជាក់ថា៖«បើសិនជាក្នុងស្ថានភាពពេលបច្ចុប្បន្ន ខ្ញុំនៅតែយល់ថាវាមិនអាចទៅរួចទេសម្រាប់កម្ពុជាក្នុងការប្រកាសទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំកំពូលៗ ឬក៏មន្ត្រីទាំងអស់ជាសាធារណៈ»។
អ្នកជំនាញផ្នែកនយោបាយ លោក ប៉ោ មករា និយាយនៅថ្ងៃទី៥ មករា ថា បើគ្រប់គ្នាគោរពស្មារតីនៃច្បាប់ប្រឆាំងអំពើពុករលួយ ហើយអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នតុលាការអនុវត្តច្បាប់ ដែលអាចធានាបាននូវភាពត្រឹមត្រូវលើអ្នកប្រព្រឹត្តអំពើពុករលួយ នោះការបង្ហាញទ្រព្យសម្បត្តិជាសាធារណៈគួរតែត្រូវបានធ្វើ ដែលជាផ្នែកមួយ ដើម្បីកសាងសង្គមឱ្យមានតម្លាភាព និងមានសមភាពក្នុងសង្គម។
លោកថា៖«ប្រសិនបើមេដឹកនាំកម្ពុជា អ្នកនយោបាយធំៗបង្ហាញទ្រព្យសម្បត្តិរបស់ខ្លួនឯងជាសាធារណៈ ដើម្បីទី១គឺចូលរួមក្នុងការបំបាត់អំពើពុករលួយក្នុងសង្គមកម្ពុជា។ មួយទៀត អ្វីដែលសំខាន់ បង្ហាញពីភាពរឹងមាំនៃច្បាប់ ទាំងច្បាប់ប្រឆាំងអំពើពុករលួយ ទាំងច្បាប់រដ្ឋធម្មនុញ្ញ ឬក៏ច្បាប់ប្រទេសជាតិទាំងមូល ដែលជាការកសាងប្រព័ន្ធច្បាប់មួយប្រកបដោយភាពរឹងមាំ និងច្បាប់មួយដែលធានាថា ជានីតិរដ្ឋពេញលេញ»។
លោកមករាថ្លែងថា៖«អ្វីដែលសំខាន់ជាងហ្នឹងទៀត គឺធានាទៅដល់សុខុមាលភាពសង្គម តម្លាភាពសង្គម សមភាពសង្គម ធានាទៅដល់សង្គមកម្ពុជាមួយ ដែលប្រព្រឹត្តទៅដោយសន្តិភាព និងរីកចម្រើន»។
ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោកស៊ឹង សែនករុណា សរសេរលើទំព័រហ្វេសប៊ុករបស់លោក ចោទជាសំណួរនាថ្ងៃទី៥ ខែមករា ថា៖«មេដឹកនាំខ្មែរហ៊ានប្រកាសជាសាធាណៈអ៊ីចឹង ឬអត់? ហើយបើប្រកាសអ៊ីចឹងមែន ទ្រព្យច្រើនម្លឹងៗ បានមកពីណា ជួយប្រាប់ពលរដ្ឋឱ្យដឹងផង»។
ជុំវិញការលើកឡើងខាងលើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច លោក សុខ ឥសាន មិនទាន់អាចទាក់ទងសុំអត្ថាធិប្បាយបានទេ នាថ្ងៃទី៥ ខែមករា នេះ៕