មេធាវីចាត់ទុកលោក កឹម សុខា ដែលកំពុងជាប់ឃុំជាកូនសោមាសក្នុងការរក្សា EBA សម្រាប់ទ្រទ្រង់ឆ្នាំងបាយកម្មករ តែមន្ត្រីជាន់ខ្ពស់ថា គ្មានអ្នកណារក្សាឆ្នាំងបាយកម្មករ ក្រៅពីរដ្ឋាភិបាលទេ
អតីតប្រធាននៃអតីតបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានមេធាវីរបស់លោកចាត់ទុកជាមេដឹកនាំស្ថិតក្នុងកំណត់ត្រាពិភពលោក និងជាកូនសោមាស ដើម្បីរក្សាការអនុគ្រោះពន្ធ EBA និងGSP សម្រាប់ទ្រទ្រង់ឆ្នាំងបាយរបស់កម្មករ ខណៈលោកកំពុងជាប់ឃុំក្នុងគេហដ្ឋាននៅរាជធានីភ្នំពេញ ក្រោយផ្តន្ទាទោស២៧ឆ្នាំពីបទក្បត់ជាតិ ក្រោមការដឹកនាំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។
លោក ចាន់ ចេន មេធាវីការពារក្តីឱ្យលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៦ ខែមករា នេះថា៖«ការដោះលែង ការផ្តល់សេរីភាពពេញលេញជូនលោក កឹម សុខា ជាការរក្សាឆ្នាំងបាយកម្មករ ជាលាភសំណាងរបស់ប្រជាពលរដ្ឋខ្មែរ ធ្វើឱ្យយើងចៀសផុតពីការធ្លាក់ចុះខាងសេដ្ឋកិច្ច»។
ជាងនេះទៀត លោកមេធាវីបញ្ជាក់ថា៖«ធ្វើឱ្យប្រទេសយើងមានមុខមានមាត់លើឆាកអន្តរជាតិ ប្រជាពលរដ្ឋធូរធារ ប្រទេសជាតិរីកចម្រើនឈានឡើងជាលំដាប់»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប៉ែន បូណា ប្រាប់សារព័ត៌មាន The Cambodia Now នាថ្ងៃទី៦ មករា ថា រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាអ្នកដឹកនាំ និងជាអតីតនាយករដ្ឋមន្ត្រី គឺជាអ្នកសង្គ្រោះជីវិតមនុស្សទូទាំងប្រទេស និងបង្កើតការងារដែលជាឆ្នាំងបាយកម្មករ ហើយរក្សាឆ្នាំងបាយកម្មករ ព្រមទាំងរក្សាសន្តិភាព និងការអភិវឌ្ឍ ដើម្បីកសាងប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
លោកប៉ែន បូណាថ្លែងថា៖«នេះគឺជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ[ហ៊ុន សែន]អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ អ៊ីចឹង អត់មានអ្នកណាមកអួត មកអះអាងថា ខ្លួនឯងហ្នឹងជាអ្នកការពារឆ្នាំងបាយកម្មករ អត់មានទេ មានតែអ្នកមកញុះញង់ ដុតបំផ្លាញស្ថិរភាពនយោបាយ សន្តិភាព និងបំផ្លាញការងារកម្មករ»។
ក្រោយពីបើកសវនាការជំនុំជម្រះជាង ៦០សប្តាហ៍មក លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ឬក្បត់ជាតិ។ ប៉ុន្តែតុលាការតម្រូវឱ្យសមត្ថកិច្ចឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ៕