Breaking News: ជនសង្ស័យជាឃាតករ ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រ នៃគណបក្សប្រឆាំង លោក លឹម គឹមយ៉ា នៅទីក្រុងបាងកក ចាប់ខ្លួនបានហើយនៅប្រទេសកម្ពុជា
ខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ លោក លឹម គឹមយ៉ា ក្នុងទីក្រុងបាងកកប្រទេសថៃ ពីថ្ងៃទី៧ មករា ត្រូវបានចាប់ខ្លួនហើយ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមករា នេះ។ នេះបើយោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មាន The Cambodia Now មុននេះបន្តិចថា ជនសង្ស័យ ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក លឹម គឹមយ៉ា នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ មករា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបានហើយ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក ឆាយ គឹមខឿន ថ្លែងថា៖«យើងចាប់បាននៅភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ យើងកំពុងសាកសួរបន្តនីតិវិធី ត្រង់អ្នកណា ដែលចេះតែចោទថាអ៊ីចេះអ៊ីចុះ អាហ្នឹងជាមន្ត្រីស៊ើបអង្កេត ឬតុលាការ មិនមែនចេះតែសន្និដ្ឋានផ្តេសផ្តាសទេ»។
បើតាមសេចក្តីរាយការណ៍ ជនសង្ស័យឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou)៕