ការផ្តន្ទាទោសដាក់ពន្ធនាគារ ត្រឹមតែ២ឆ្នាំ លើមេបក្សកម្លាំងជាតិ ហើយបែរជាដកហូតសិទ្ធិមិនឱ្យធ្វើនយោបាយមួយជីវិត ត្រូវរងការរិះគន់ខ្លាំង ដោយថា ជាការសម្រេចហួសហេតុពេក
អ្នកនយោបាយ និងមន្ត្រីសិទ្ធិមនុស្ស សម្តែងការងឿងឆ្ងល់ និងសោកស្តាយ ដែលតុលាការផ្តន្ទាទោសលើមេបក្សកម្លាំងជាតិ លោកស៊ុន ចន្ធី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ព្រមទាំងដកសិទ្ធិធ្វើនយោបាយអស់មួយជីវិត។ មេបក្សជំនាន់ថ្មីលើកឡើងថា ការសម្រេចទោសក្នុងកម្រិតនេះដូចជាហួសហេតុពេក ព្រោះមិនមែនជាទោសឧក្រិដ្ឋទេ ឯមន្ត្រីសិទ្ធិមនុស្សថា ជាការប៉ះពាល់សិទ្ធិមនុស្សធ្ងនធ្ងរ។
មេបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Now News (CNN) នាថ្ងៃទី២៨ ធ្នូ នេះថា៖«ទោសត្រឹម២ឆ្នាំ វាមិនមែនជាឧក្រិដ្ឋសម្លាប់មនុស្ស ឬក៏ត្រូវប្រហារជីវិតអីណា ដែលវឹកវរដូចជាការបំពុលសង្គម គ្រឿងញៀន ឬក៏ទាក់ទងទៅអ្វី ដែលជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិអីទេ គឺគ្រាន់តែជាទោសព្រហ្មទណ្ឌ ដែលចោទពីបទញុះញង់»។
លោកបន្ថែមថា៖«ការកាត់ទោស អាហ្នឹងជាឆន្ទានុសិទ្ធិរបស់ចៅក្រម ប៉ុន្តែខ្ញុំមើលឃើញដល់ទៅបិទសិទ្ធិ ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ រហូតដល់មិនឱ្យគាត់ឈរឈ្មោះបោះឆ្នោត មិនឱ្យសិទ្ធិធ្វើនយោបាយអី វាដូចជាពិបាកក្នុងការណ៍ដែលខ្ញុំមើលឃើញ។ ក្នុងនាមជាអ្នកនយោបាយ ខ្ញុំចង់ឃើញអ្វី ដែលជាហេតុជាផលអង្គហេតុអង្គច្បាប់ ហើយកុំភ្ជាប់ទៅនឹងឥទ្ធិពលនយោបាយ»។
នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងនៅថ្ងៃទី២៨ ធ្នូ ថា បើនិយាយពីក្រមព្រហ្មទណ្ឌ គឺមានចែងសម្រាប់ការផ្តន្ទាទោស និងការដកហូតសិទ្ធិបោះឆ្នោត ដែលជាទោសបន្ថែម ដែលតុលាការសម្រេច។
លោក អំ សំអាត ថ្លែងថា៖«ប៉ុន្តែបើយើងនិយាយអំពីសិទ្ធិជាទូទៅវិញ ការដកហូតសិទ្ធិអចិន្ត្រៃយ៍ក្នុងការបោះឆ្នោត និងឈរឱ្យគេបោះឆ្នោតហ្នឹង ប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សិទ្ធិរបស់គេ»។
នៅពេលទាក់ទងនាថ្ងៃទី២៨ ធ្នូ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិនអត្ថាធិប្បាយទេ ដោយលោកបានប្រាប់ឱ្យសួរលោក សេង ឌីណា អ្នកនាំពាក្យម្នាក់ទៀត ដែលមិនអាចទាក់ទងបាន៕
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ព្រមទាំដកហូតសិទ្ធិអចិន្ត្រៃយ៍មិនឱ្យធ្វើនយោបាយ កាលពីថ្ងៃទី២៦ ធ្នូ ៕