អគ្គស្នងការនគរបាល ប្រាប់រដ្ឋលេខាធិការក្រសួងមហាផ្ទៃថា គ្មានសិទ្ធិអំណាចមកបញ្ជា ឬណែនាំអង្គភាពជំនាញបានឡើយ បានត្រឹមអង្គុយស្តាប់ ហើយរាយការណ៍
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រាប់ទៅរដ្ឋលេខាធិការក្រសួងមហាផ្ទៃ គឺនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ថា លោកមិនមានសិទ្ធិបញ្ជា ឬណែនាំអង្គភាពជំនាញបានឡើយ ប៉ុន្តែលោក ម៉ក់ ជីតូ មានសិទ្ធិអង្គុយស្តាប់របាយការណ៍ និងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។
តាមរយៈសំណេរលើលិខិតរបស់លោក ម៉ក់ ជីតូ ដែលបានស្នើសុំលោក ស ថេត អញ្ជើញសមាសភាពចូលរួមប្រជុំកាលពីខែវិច្ឆិកា លោក ស ថេត ឆ្លើយតបថា៖«ជូន[ឯកឧត្តម] ជ្រាបថា [ឯកឧត្តម] អង្គុយស្តាប់របាយការណ៍របស់ផែនបាន បើមានចំណុចខ្វះខាតកន្លែងណា [ឯកឧត្តម] កត់ត្រាទុករាយការណ៍ជូន [ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា]។ តែមិនមានសិទ្ធិអំណាច បញ្ជា ណែនាំដល់អង្គភាពជំនាញឡើយ»។
លិខិតចេញថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៤ ដែលទើបត្រូវបានបង្ហោះជាសាធារណៈ នាថ្ងៃទី១៩ ខែធ្នូ របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្ញើជូននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ម៉ក់ ជីតូ បានស្នើដល់លោក ស ថេត អញ្ជើញសមាសភាពពាក់ព័ន្ធចូលរួមប្រជុំលើកដំបូងលើការងារប្រឆាំងបទល្មើសជួញដូរមនុស្ស និងប្រឆាំងបទល្មើសគ្រឿងញៀន។
ក្នុងលិខិតលោក ម៉ក់ ជីតូ បានប្រាប់លោកស ថេត ថា ដើម្បីដំណើរការអនុវត្តសេចក្តីសម្រេចលេខ ៦២១៥សសរ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ និងដើម្បីជួយជំរុញការងារប្រឆាំងបទល្មើសជួញដូរមនុស្ស និងប្រឆាំងបទល្មើសគ្រឿងញៀន ឱ្យសម្រេចបាន តាមផែនការសកម្មភាពរបស់ក្រសួង និងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនឹងដឹកនាំកិច្ចប្រជុំលើកដំបូងលើការងារប្រឆាំងបទល្មើសជួញដូរមនុស្ស និងប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក នៅក្រសួងមហាផ្ទៃ។
លោកអញ្ជើញសមាសភាពចូលរួមចំនួន៦រូប ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ឯកផ្កាយ៣ ចំនួន៥រូប ដែល៤រូបជាអគ្គស្នងការរងទទួលបន្ទុកផ្សេងៗគ្នា និង១រូប ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឯថ្នាក់ឧត្តមសេនីយ៍ទោផ្កាយ២ ចំនួន១រូប ជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន៕