Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥

0

នៅក្នុងបរិវេណអង្គរធំ គម្រោងជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំង នៅផ្នែកខាងជើងប្រវែង២២ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង២១ម៉ែត្រ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) គ្រោងនឹងបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥។

គម្រោងជួសជុលដែលចាប់ផ្ដើមដំណើរការយ៉ាងយកចិត្តទុកដាក់ តាំងពីឆ្នាំ២០១៩មក គឺជួសជុលព្រះលានជល់ដំរី ចំនួន២ទីតាំងក្នុងប្រវែងសរុបជាង៤០ម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្នបានសម្រេចលទ្ធផលស្ទើរតែទាំងស្រុង ដោយនៅសេសសល់តែការដាប់ឆ្លាក់ថ្មថ្មីជំនួសឱ្យថ្មចាស់ដែលបាត់បង់ប៉ុណ្ណោះ។

លោក EO JINKYU ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងគម្រោង ឱ្យដឹងថា ការងារជួសជុលព្រះលានជល់ដំរីទាំង២ទីតាំង នៅផ្នែកខាងត្បូងប្រវែងចំនួន២១ម៉ែត្រ បានបញ្ចប់ទាំងស្រុងហើយ។ ចំណែកនៅផ្នែកខាងជើងប្រវែងចំនួន២២ម៉ែត្រ ក៏បានជួសជុលរួចរាល់រចនាសម្ព័ន្ធផ្សេងៗ គឺនៅសេសសល់តែការដាប់ឆ្លាក់សម្អាតមុខថ្មថ្មី ដែលជំនួសថ្មចាស់បាត់បង់។

លោកថា ការងារនេះនឹងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៥។ អ្នកគ្រប់គ្រងគម្រោងដដែលបន្ថែមថា នៅទីតាំងព្រះលានជល់ដំរីប្រវែង២២ម៉ែត្រ នៅផ្នែកខាងជើង គឺបង្កាន់ដៃនាគបានបាត់បង់ទាំងស្រុង ខុសពីផ្នែកខាងត្បូងដែលនៅសេសសល់ និងបានជួសជុលរៀបផ្គុំឡើងវិញទៅតាមលំនាំដើម។

លោក EO JINKYU បញ្ជាក់ថា ស្ថានភាពព្រះលានជល់ដំរីទាំង២ទីតាំង មុនពេលជួសជុលមានហានិភ័យខ្ពស់ ពិសេសផ្នែកខាងជើងបានទ្រេតប្រហែល៨៥ដឺក្រេ។ តាមរយៈកំណាយស្រាវជ្រាវរកឃើញថា គ្រឹះចុះខ្សោយ និងធ្លាប់បានជួសជុលម្ដងមកហើយកាលពីសម័យមុន និងនៅសម័យបារាំង។ ការខូចខាតបណ្តាលមកពីទឹកហូរច្រោះ និងផ្នែកខ្លះធ្លាប់បានជួសជុលមិនសូវមានគុណភាពផង។ ដូច្នេះ ការងារជួសជុលត្រូវធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវតាមបច្ចេកទេសបុរាណ ដើម្បីរក្សាបាននូវភាពរឹងមាំយូរអង្វែងនៃរចនាសម្ព័ន្ធនៃព្រះលានជល់ដំរីជាបន្តទៀត៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងក្រុមការងារជួសជុល

 

Leave A Reply

Your email address will not be published.