Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា ប្តេជ្ញាមិនចុះចូលជាមួយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ជាថ្នូរនឹងការដោះលែងឪពុករបស់លោក ដែលលោកថា ចាប់ជាចំណាប់ខ្មាំង

0

លោក ស៊ន តារា ដែលគេស្គាល់ថា ជាអ្នកអត្ថាធិប្បាយនយោបាយដ៏ល្បី បានប្តេជ្ញាមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ជាថ្នូរនឹងការដោះលែងឪពុកកំពុងជាប់ឃុំ ដែលលោកថា ជាចំណាប់ខ្មាំងនោះឡើយ។ លោកផ្តាំទៅក្រុមគ្រួសារ សូមកុំសង្ឃឹមឱ្យសោះសូម្បីតែ១% ក្រែងលោថា លោកចុះចូលជាថ្នូរនឹងការដោះលែងឪពុករបស់លោក។

តាមរយៈវីដេអូ រយៈពេលជាង១នាទី ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី១៨ ខែធ្នូ លោក ស៊ន តារា បានអង្វរ និងសូមអភ័យទោសចំពោះឪពុកម្តាយ ក្រុមគ្រួសារ និងសាច់ញាតិទាំងអស់ ដែលលោកមិនអាចធ្វើតាមការអង្វរករពីក្រុមគ្រួសារ សុំឱ្យលោកចុះចូលជាមួយគណបក្សកាន់អំណាច ជាថ្នូរនឹងការដោះលែងឪពុកចេញពីពន្ធនាគារ។

លោក ស៊ន តារា និយាយថា៖«សូមសាច់ញាតិ និងក្រុមគ្រួសារ កុំសង្ឃឹមលើខ្ញុំអី បោះបង់ខ្ញុំចោលទៅ ហើយកុំថាឡើយក្តីសង្ឃឹមត្រឹម១០% តែ១% ក៏អត់ត្រូវការសង្ឃឹមលើខ្ញុំរឿងចុះចូល ដើម្បីដោះដូរចំណាប់ខ្មាំងបានដែរ»។

លោក ស៊ន តារា បញ្ជាក់ទៀតថា៖«អ៊ីចឹង ខ្ញុំអត់មានអីទេ ខ្ញុំមានតែលើកដៃសំពះសុំទោសឪពុកម្តាយ បងប្អូនទាំងអស់ ដែលទទូចអង្វរករខ្ញុំ។ នេះជាការសម្រេចចិត្តមួយថ្ងៃនេះ រហូតទាល់តែខ្ញុំអស់ជីវិត»។

លោក សុខ ស៊ុនណារ៉េត ឪពុកលោក ស៊ន តារា ជាមន្ត្រីយោធាជាន់ខ្ពស់ នៅបញ្ជាការដ្ឋានយោធភូមិភាគ ទី៣ ដែលមានទីតាំនៅខេត្តកំពង់ស្ពឺ។ លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចោទប្រកាន់ពីបទរក្សាទុកសារធាតុញៀនខុសច្បាប់ ហើយបច្ចុប្បន្ន លោកកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺ។

ជំវិញការធ្វើអត្ថាធិប្បាយរបស់លោក ស៊ន តារា ដែលចាត់ទុកការចាប់ខ្លួនឪពុករបស់លោក ជាចំណាប់ខ្មាំងនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានឡើយនៅថ្ងៃទី១៨ ខែធ្នូនេះ។ ប៉ុន្តែលោកធ្លាប់បានអះអាងថា តុលាការមានភស្តុតាងច្បាស់លាស់ក្នុងការចោទប្រកាន់៕

Leave A Reply

Your email address will not be published.