មេដឹកនាំនយោបាយកំពូលទាំង២ លោក ហ៊ុន សែន និងលោក សម រង្ស៊ី ប្រើពាក្យឌឺដងដាក់គ្នាលើប្រធានបទ«ផ្ការីក» ដែលម្នាក់ថា វាយកូនគោលមើលផ្ការីក និងម្នាក់ទៀតនាំយាយដើរមើលផ្ការីក
អតីតនាយករដ្ឋមន្ត្រី ដ៏មានអំណាចខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន និងអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដ៏មានឥទ្ធិពល លោក សម រង្ស៊ី ដែលបច្ចុប្បន្ន ឥស្សរជនទាំង២ ជាមេដឹកនាំនយោបាយកំពូល បានប្រើពាក្យសម្តីឌឺដងបញ្ឈឺចិត្តដាក់គ្នាទៅវិញទៅមកលើប្រធានបទ«ផ្ការីក»។ លោក ហ៊ុន សែន ប្រើពាក្យថា វាយកូនគោលមើលផ្ការីក ឯលោក សម រង្ស៊ី ប្រើពាក្យថា នាំយាយ(នាំប្រពន្ធ)ដើរមើលផ្ការីក។
«ផ្ការីក» ជាប្រធានបទ ដែលត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកបានបង្កើតចលនាជាតិតស៊ូមួយ ដើម្បីផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក រង្ស៊ី ប្រើពាក្យផ្ការីកនេះ ជាយុទ្ធសាស្ត្រ ក្នុងការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជា ដែលលោកថា លោក ហ៊ុន សែន ភ័យខ្លាចយុទ្ធសាស្ត្រផ្ការីកនេះ។
លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងនោះ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ ធ្នូ ដោយភ្ជាប់នូវរូបភាពលោកកំពុងវាយកូនគោលនៅជាយរាជធានីភ្នំពេញថា៖«ព្រឹកនេះវាយកូនគោលមើលផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវ ធ្វើឱ្យការវាយកាន់តែល្អ»។
សំណេររបស់លោក ហ៊ុន សែន ខាងលើនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការគាំទ្រលោក យកមកបន្ទរ និងសរសេរបន្ថែមនូវពាក្យពេចន៍ឌឺដងបញ្ឈឺចិត្តទៅលើលោក សម រង្ស៊ី វិញ ជាមួយនឹងអត្ថន័យវាយប្រហារធ្ងន់ៗ ហើយក៏ត្រូវបានផ្សាយលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយគាំទ្រ ដែលហ្វេសប៊ុកលោក ហ៊ុន សែន យកទៅផ្យាយបន្តនោះ បានសរសេរដាក់ចំណងជើងថា«វាយកូនគោលមើលផ្ការីក» តើប្រយោគនេះ សម្តេចតេជោបញ្ឈឺចិត្តអ្នកនយោបាយចាញ់ពេញមួយជីវិតនៅបារាំងមែនទេ?
ម្ចាស់សំណេរគាំទ្រនោះ បានរៀបរាប់ថា ពីទីលានវាយកូនគោល ក្រាលគ្របដោយវាលស្មៅខៀវខ្ចី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសំណេរខ្លីមួយថា«ព្រឹកនេះ វាយកូនគោល មើលផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវ ធ្វើឱ្យការវាយកាន់តែល្អ»។ សំណេរមួយប្រយោគនេះខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយដល់នាយសមុទ្រជាមួយទម្ងន់រាប់ពាន់តោន សមល្មមសង្កត់ឱ្យអ្នកនយោបាយដែលកំពុងបំផុសពាក្យ«ផ្ការីក»លើបណ្តាញសង្គមក្អួតឈាម។
ម្ចាស់សំណេរដដែល បន្តថា ក្នុងមួយរយៈនេះពាក្យ«ផ្ការីក» កំពុងត្រូវបានជនក្បត់ជាតិតជំនាន់ សម រង្ស៊ី បង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម។ «ផ្ការីក»ជាចលនាបដិវត្តន៍មួយ ត្រូវបានគេប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន។ ដូច្នេះពាក្យ«ផ្ការីក» ដែលសម រង្ស៊ី បំផុសឡើង ក្នុងចេតនាដ៏អាក្រក់ ញុះញង់ឱ្យពលរដ្ឋក្រោកឡើង បំផ្លាញក្តីសុខរបស់ជាតិកម្ពុជា។
«វាយកូនគោលមើលផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវ ធ្វើឱ្យការវាយកាន់តែល្អ» ជាសារ ដែលបង្ហាញច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន មិនព្រួយមិនព្រឺចំពោះការបំផុសចលនាបដិវត្តន៍ ដោយជនក្បត់ជាតិនោះឡើយ។ ផ្ទុយទៅវិញសម្តេចកំពុងរីករាយមើលការបំផុសដ៏អាក្រក់របស់ជនក្បត់ជាតិ ហើយត្រៀមកម្ទេចចោលរាល់ចលនាទាំងឡាយ ដែលចង់បំផ្លាញក្តីសុខរបស់កម្ពុជា។
កាលពី៣ថ្ងៃមុន ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបង្ហោះរូបថតលោក សម រង្ស៊ី ដឹកដៃលោកស្រី ជូឡុង សូមូរ៉ា ដែលជាភរិយា ដើរកម្សាន្តក្នុងសួនច្បារ។ នៅលើរូបថតឥស្សរជននយោបាយ២នាក់ប្តីប្រពន្ធដឹកដៃគ្នានោះ ក៏បានរំលេចដោយសំណេរយ៉ាងខ្លីថា៖«នាំយាយដើរមើលផ្ការីក»។
ទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ក៏បានសរសេរចំណងជើងខ្លីថា៖«យុទ្ធសាស្ត្រផ្ការីក ធ្វើឱ្យហ៊ុន សែន វង្វេង។ ហ៊ុន សែន កំពុងតែភ័យខ្លាចយុទ្ធសាស្ត្រផ្ការីកខ្លាំងណាស់។ កេះប្រាប់គ្នាពីមួយទៅមួយថា ផ្ការីក»៕