លោក ហ៊ុន សែន ផ្តល់យោបល់ឱ្យប្រទេសមានជម្លោះប្រដាប់អាវុធ បញ្ចប់សង្គ្រាម ដោយការចរចា ខណៈ អ្នកនយោបាយ និងអ្នកឃ្លាំមើល ថា គួរគិតចរចាបញ្ចប់ជម្លោះផ្ទែក្នុងខ្មែរ ជាមុនសិន
ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីដ៏មានអំណាចខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានផ្តល់យោបល់ដល់ប្រទេស ដែលកំពុងមានជម្លោះប្រដាប់អាវុធនឹងគ្នា បញ្ចប់សង្គ្រាមដោយការសន្ទនា ឬចរចា។ អ្នកនយោបាយ និងអ្នកឃ្លាំមើល ថា ជម្លោះនយោបាយផ្ទៃក្នុងខ្មែរ មិនគិតចរចាបញ្ចប់ស្របតាមវប្បធម៌សន្ទនាដែលធ្លាប់មានជាមួយបក្សប្រឆាំង បែរជាប្រាប់ប្រទេសដទៃឱ្យបញ្ចប់សង្គ្រាមដោយការចរចា។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា សម្តែងការងឿងឆ្ងល់ ចំពោះទ្រឹស្តី និងការអនុវត្ត ដែលលោក ហ៊ុន សែន ប្រាប់គេ ឬផ្តល់យោបល់ឱ្យគេ បញ្ចប់សង្គ្រាម ដោយកិច្ចសន្ទនា ឬចរចា ប៉ុន្តែហេតុអ្វីបានជាលោកហ៊ុន សែន មិនអាចបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ តាមរយៈការសន្ទនា ឬចរចា។
លោក មាជ សុវណ្ណារ៉ា ថ្លែងនៅថ្ងៃទី១៥ ខែធ្នូ ថា៖«មានតែការរួបរួមវប្បធម៌សន្ទនា ហើយចុះហេតុអី ដែលយើងអាចបង្រៀនគេបាន យើងមានទ្រឹស្តី យើងមានបញ្ញា មានចំណេះដឹង តែនៅក្នុងប្រទេសរបស់យើង យើងនៅជួបការបែកបាក់ យើងមានបញ្ហានិន្នាការសេរីពហុបក្ស បែរជាយើងមិនជជែកគ្នា។ វប្បធម៌សន្ទនា មួយអន្តរកាលឈ្លោះគ្នា មួយអន្តរកាលឈ្មោះគ្នា ឈ្លោះដោយសារតែរឿងបុគ្គលរបស់ក្រុមគ្រួសារ បក្ខពួក យើងអត់តម្កល់ផលប្រយោជន៍ជាតិជាធំ»។
លោកសុវណ្ណារ៉ា បន្ថែមថា៖«វប្បធម៌សន្ទនាមិនបានប៉ុន្មានខែ យើងឈ្លោះគ្នា យើងជេរបញ្ចោ យើងបង្កើតបញ្ហា ក្រៅតែពីបក្សមានអំណាច ចាប់ចងដាក់គុក ឬក៏ឱ្យរត់ចោលស្រុក នៃអ្នកនយោបាយ។ អ៊ីចឹងហើយ សរុបមក កម្ពុជាមានវិបត្តិក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ ក្រោយពីចាប់មេបក្សដាក់គុក មកដល់ឥឡូវហ្នឹង តើយើងបានជជែកគ្នា វប្បធម៌សន្ទនាហើយ ឬនៅ»?
អ្នកតាមដានបញ្ហាសង្គម និងនយោបាយ លោកវ៉ន ចាន់ឡូត ចាត់ទុកការផ្តល់យោបល់ពីការបញ្ចប់សង្គ្រាមរបស់លោក ហ៊ុន សែន ដល់ប្រទេសដទៃ គឺគ្រាន់តែជាវោហារសាស្ត្រនយោបាយតែប៉ុណ្ណោះ។ ជាក់ស្តែង លោកមិនមែនជាតួអង្គមានឥទ្ធិពលក្នុងការសម្របសម្រួលបញ្ចប់ជម្លោះលើឆាកអន្តរជាតិបានទេ ពីព្រោះកន្លងទៅ កម្ពុជាដែលធ្លាប់ជាប្រធានអាស៊ាន នៅមិនទាន់អាចដោះស្រាយបញ្ហាក្នុងតំបន់ខ្លួនឯងបានផង។
លោក វ៉ន ចាន់ឡូត ថ្លែងនៅថ្ងៃទី១៦ ធ្នូ ថា៖«ករណីប្រទេសមីយ៉ាន់ម៉ា ដែលយើងឃើញជាក់ស្តែង គឺមិនអាចឱ្យមាននូវការចរចាបទឈប់បាញ់ផង ហើយរួមទាំងបញ្ហាផ្ទៃក្នុងកម្ពុជាខ្លួនឯង ដោះស្រាយក៏មិនបានផង ដូច្នេះហើយ អ្វីដែលខ្ញុំយល់ថា ការលើកឡើងរបស់សម្តេច ហ៊ុន សែន ទៅនឹងប្រទេសនៅតំបន់អារ៉ាប់នោះ វាគ្រាន់តែជាទស្សនៈនយោបាយ»។ បើតាមលោកចាន់ឡូត ដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ទៅកាន់ប្រទេសនៅតំបន់អារ៉ាប់នោះ ទំនងជាផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច ឬក៏ដើម្បីស្វែងរកដៃគូវិនិយោគក្នុងប្រទេសកម្ពុជា ជាជាងផ្តោតទៅលើបញ្ហារបស់ពិភពលោក ឬបញ្ហាក្នុងតំបន់។
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ពីថ្ងៃទី៨-១៤ ធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសនីមួយៗផងដែរ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាមិត្ត ភាគីទាំង២ ក៏បានធ្វើការផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការប្រឈមចំពោះមុខសភាពការណ៍ ដែលកំពុងវិវត្តយ៉ាងលឿន កាន់តែតានតឹង និងស្មុគស្មាញ ជាពិសេសស្ថានភាពនៅស៊ីរី លីបង់ ជម្លោះអ៊ីស្រាអែល ប៉ាលីស្ទីន និងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៤។
សេចក្តីប្រកាសបញ្ជាក់ថា៖«ដើម្បីរួមចំណែក ដល់ការស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រ សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពក្នុងតំបន់ និងពិភពលោកទាំងមូល សម្តេចតេជោ[ហ៊ុន សែន] បានសង្កត់ធ្ងន់ថា យោងតាមបទពិសោធផ្ទាល់របស់កម្ពុជា សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានទេគឺមានតែកិច្ចសន្ទនា និងការចរចា»។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ការដាក់ទណ្ឌកម្មជាឯកតោភាគី ក៏មិនមែនជាជម្រើស សម្រាប់ដំណោះស្រាយបញ្ហាដែរ។ ប៉ុន្តែផ្ទុយទៅវិញ បានបង្កនូវភាពស្មុគស្មាញកាន់តែច្រើន ហើយដាក់បន្ទុកដល់ប្រជាជន និងប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ៕