Your Hot News in Hands

BREAKING NEWS

នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់អនុសាសន៍៥ចំណុចទៅក្រសួងព័ត៌មាន និង៥ចំណុចទៅអ្នកសារព័ត៌មាន ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ឧសភា

8

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ជូនទៅក្រសួងព័ត៌មាន និង៥ចំណុចទៀតទៅអ្នកសារព័ត៌មាន ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤ ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន។

សារលិខិតរបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃទី២ ឧសភា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ ថ្ងៃទី៣ ខែឧសភា បានសរសេរថា៖«ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនជូនក្រសួងព័ត៌មាន»។

អនុសាសន៍៥ចំណុចនោះ រួមមាន ១ លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។ ២ បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយ ដែលនៅជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ ៣ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដែលជាការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។ ៤ រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យលើបណ្តាញសង្គម។ ៥ រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន និងលើការគាំពារ និងលើកកម្ពស់វិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍៥ចំណុចទៀត ជូនទៅអ្នកសារព័ត៌មាន រួមមាន ១ បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកអ្នកសារព័ត៌មាន។ ២ ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ចំណែកអនុសាសន៍ទី៣ ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ៤ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិអស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ។ ៥ បណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។

លោកហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់នាពេលកន្លងមក និងជាពិសេសក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនប្រទេសជាតិ នាពេលកន្លងមក ក្នុងការលើកកម្ពស់គុណភាពព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព»៕