ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រហែលជាង១០០បំណែក ក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ពេលកំពុងជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។
បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹមក បល្ល័ង្ក និងបំណែកដៃជើងជាដើម។
បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅសម្អាតគំនរដី ដែលស្ថិតនៅផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្ម ដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ អំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។
លោកស្រី ស៊ីមន មានប្រសាសន៍ថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់ក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រកាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។
មកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថា តើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅមានបដិមាដែរ ឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។
ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមា ដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន។ បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ ទៅ៥០ សង់ទីម៉ែត្រ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/ យី សុថា
Comments are closed.