Your Hot News in Hands

BREAKING NEWS

តំណាងបេសកកម្មអចិន្ត្រៃយ៍ប្រចាំ UN ចាត់ទុកការស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ជាការមើលងាយសុចរិតភាពរបស់តុលាការកម្ពុជា ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សថា អ្នកជំនាញសិទ្ធិមនុស្សមើលឃើញការចាប់ ការឃុំខ្លួន ជាការបំពានសិទ្ធិសេរីភាព

17

 

ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN) ចាត់ទុកការធ្វើអត្ថាធិប្បាយរបស់អ្នកនាំពាក្យ នៃការិយាល័យរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ឧសភា សុំឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ មេដឹកនាំសហជីពក្នុងជម្លោះជាមួយកាស៊ីណូណាហ្គាវើលដ៍នោះ ជាការមើលងាយដល់សមត្ថកិច្ច និងសុចរិតភាពរបស់តុលាការកម្ពុជា។

សេចក្តីថ្លែងការណ៍ នាថ្ងៃទី៥ ឧសភា របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នេះបញ្ជាក់ថា៖«ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ ជាបន្ទាន់ ឬ អាជ្ញាធរឱ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីដ៏ត្រឹមត្រូវបំផុត»។

សេចក្តីថ្លែងការណ៍បន្តថា ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាចនៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ គឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាចជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោសនោះទេ។ ការសម្រេចបែបណានោះ គឺស្ថិតក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំងស្រុង។

សេចក្តីថ្លែងការណ៍បន្ថែមថា លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកស្រីត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀត បន្ទាប់ពីបានបំពានកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្ស (លីកាដូ) ប្រាប់ CNN ថា ការអនុវត្តច្បាប់ចាប់ខ្លួន និងឃុំខ្លួនប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ និងសមាជិក ក្នុងជម្លោះជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ទាំងអង្គការសិទ្ធិមនុស្សជាតិ ទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកការចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោសលើកញ្ញា ឈឹម ស៊ីថរ ជាការរំលោភបំពានទៅលើសិទ្ធិសេរីភាពនៃសហជីព និងសិទ្ធិការងារ ដែលកន្លងមកក្រុមមន្ត្រីសិទ្ធិមនុស្សទាំងនោះទាមទារឱ្យដោះលែងដោយឥតលក្ខខណ្ឌ។

លោកថ្លែងថា៖«អ្នកជំនាញក្រុមប្រឹក្សាសិទ្ធិមនុស្សយល់ឃើញថា សកម្មភាពរបស់កញ្ញា ឈឹម ស៊ីថរ ក៏ដូចជាសមាជិកសហជីពណាហ្គាវើលដ៍ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ និងកាត់ទោសហ្នឹង គឺជាសកម្មភាពស្របច្បាប់ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ ដែលធានាពីសកម្មភាព និងសេរីភាពស្របច្បាប់របស់មេដឹកនាំ របស់សហជីព និងរបស់កម្មករនិយោជិក»។

លោកអំ សំអាត បន្តថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ យល់ឃើញថា ការចាប់ ការឃុំខ្លួន និងការកាត់ទោសនេះ វាជាការរំលោភបំពានលើសិទ្ធិសហជីព សិទ្ធិសមាជិកសហជីព ឬក៏ជាការណ៍មួយ ដែលរំលោភបំពានទៅលើបញ្ហាសិទ្ធិមនុស្ស និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស។ ប៉ុន្តែកម្ពុជា បានបកស្រាយថា នេះជាការអនុវត្តច្បាប់កម្ពុជា មិនមែនជាការរំលោភបំពាន។

លោកបញ្ជាក់ថា៖«អ៊ីចឹងហើយ យើងឃើញថា ទោះយ៉ាងណាក៏ដោយ ក្រោយពីតុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ និងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ អ្នកជំនាញក្រុមប្រឹក្សាសិទ្ធិមនុស្សហ្នឹងនៅតែទទូចឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដោយឥតលក្ខខណ្ឌ»៕