Your Hot News in Hands

BREAKING NEWS

លោក ហ៊ុន សែន ជួបឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ហើយស្នើឱ្យមានការរៀបចំ ដើម្បីលោកជួបលោកស្រី អោង សានស៊ូជី ដែលកំពុងជាប់ឃុំ

12

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជួបជាមួយមេដឹកនាំរបបយោធា នៃប្រទេសមីយ៉ាន់ម៉ា គឺឧត្តមសេនីយ៍ជាន់ខ្ពស់ លោក មីន អោងឡាំង(Min Aung Hlaing) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី៧ ឧសភានេះ និងបានស្នើលោកអោងឡាំង រៀបចំឱ្យមានជំនួប រវាងលោក និងលោកស្រី អោង សានស៊ូជី ដែលកំពុងជាប់ឃុំក្រោមរបបដឹកនាំដោយយោធាមួយនេះ តាមរយៈប្រព័ន្ធវីដេអូ។

តាមរយៈហ្វេសប៊ុករបស់លោកហ៊ុន សែន នាថ្ងៃទី៧ ខែឧសភានេះ លោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី ហើយធ្លាប់បានជួបលោក មីន អោងឡាំង រួចមកហើយនោះ ក៏បានសម្តែងសេចក្តីរីករាយ និងអរគុណមេដឹកនាំរបបយោធារូបនេះផងដែរ ដែលបានផ្ញើសារអបអរសាទរ ចំពោះលោក សម្រាប់តំណែងជាប្រធានព្រឹទ្ធសភា។ បើតាមប្រភពដដែល លោក ហ៊ុន សែន បានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួរសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាព នៃការវិវឌ្ឍ នៅមីយ៉ាន់ម៉ា។

ជាការឆ្លើយតប លោក មីន អោងឡាំង ក៏បានសម្តែងការអបអរជាថ្មីម្តងទៀតចំពោះលោក ហ៊ុន សែន ក្នុងតំណែងប្រធានព្រឹទ្ធសភា និងអរគុណ ហើយវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់លោក ហ៊ុន សែន ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈដែលលោក ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន។

ប្រភពដដែលបញ្ជាក់ថា៖«ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ដោយរំពឹងថា ការរីកចម្រើននេះ នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។

បើតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន សំណើមួយចំនួននេះ លោក មីន អោងឡាំង បានសន្យាថា នឹងយកទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់ ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជា នាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ៕