Your Hot News in Hands

BREAKING NEWS

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រតិកម្មតបនឹងការប្រើពាក្យ«ថ្កោលទោស»មកលើការអនុវត្តច្បាប់ចាប់ខ្លួនប្រធាន​គណបក្សកម្លាំងជាតិ ដោយថា មិនអាចទទួលយកបាន

17

 

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រតិកម្មតបនឹងគណបក្សកម្លាំង​ជាតិ ដែលបានចេញសេចក្តីថ្លែងការណ៍ ប្រើពាក្យ«ថ្កោលទោស» ចំពោះស្ថាប័នមានសមត្ថកិច្ចរបស់​រដ្ឋាភិបាល ដែលបានចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សនេះភ្លាមៗ នាថ្ងៃទី៩ ឧសភា បន្ទាប់ពីលោកត្រឡប់មកពីប្រទេសជប៉ុន។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«អ្នកនាំពាក្យក្រសួងយុត្តិធម៌ពិនិត្យឃើញថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ«ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែលគណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញ ក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់នៅក្នុងសង្គមនីតិរដ្ឋ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បន្ថែមថា ការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌជាធរមាន។ ដូច្នេះការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សកម្លាំងជាតិ នាថ្ងៃចាប់ខ្លួនលោក ស៊ុន ចន្ធី បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ និងបាន«ថ្កោលទោស»យ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួននេះ។ គណបក្សបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី គឺជាការគំរាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំង​ជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

គណបក្សកម្លាំងជាតិ អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយ សម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕