រយៈពេលជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួនយល់ថា ព្រែកស្រមោច ដែលជា ព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែន រហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប។
ពីមុនពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែកន្លងទៅ ក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀត ដែលបានចុះផ្សាយក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ។
លោក ទិន ទីណា អនុប្រធាននាយកដ្ឋាស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួន ដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់?បើដូច្នេះ ហេតុអ្វី ក៏ទទឹងធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ពីកន្លែងផលិតនៅលើភ្នំគូលែន ចុះមកទន្លេសាប? ឬមួយមានតួនាទីជាផ្លូវដឹកថ្មពីអូរថ្មដាប់ដែលជាកន្លែងដាប់យកថ្មទៅកសាងប្រាសាទ នៅអង្គរ? ចម្ងល់ទាំងនេះហើយ ដែលក្រុម ស្រាវជ្រាវត្រូវស្វែងយល់ថា តើព្រែកជីកបុរាណនេះមានប្រភពពីណា ទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?
ក្រុមស្រាវជ្រាវបានប្រើប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាស តាមរយៈ Google Earth បានបង្ហាញ ថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលេខ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។
ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែនទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។
ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ។ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាប ច្រាលចូលក្នុងព្រែក។
លោក ទិន ទីណា <<យើងពុំដឹងថា ព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័ន ទី៧ ឬប្រហែលអាចជាមុននោះយូរផង>>។
ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរការរអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឱ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដំដែក ស្រុកសូទ្រនិគម។
អ្នកស្រុករស់នៅតាមទំនប់ព្រែកជីកមួយចំនួននៅចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹកបុរាណមួយដែលមានសំពៅចរាចរ ចុះឡើងចន្លោះពីទន្លេសាប ទៅដល់ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្ម ទៅសាងសង់ប្រាសាទ នៅអង្គរដែរ។
នៅឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែមពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។
លោកបន្តថា៖<<ក្នុងពេលធ្វើកំណាយនេះ យើងបានរកឃើញកុលាលភាជន៍ខ្លះៗដូចជាកុលាលភាជន៍ផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាល មុនសម័យអង្គរផង>*៕
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន, រូបភាពឯកសារ
Comments are closed.