Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពីបទញុះញង់ និងបំភ្លៃព័ត៌មានមិនពិត ខណៈលោកវិលត្រឡប់ពីប្រទេសជប៉ុន នៅព្រឹកមិញនេះ

 

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៩ ឧសភានេះ តាមដីកាបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅពេលលោកវិលត្រឡប់មកពីប្រទេសជប៉ុន។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ CNN នាថ្ងៃទី៩ ឧសភា ថា លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ឥឡូវនេះ លោក ស៊ុន ចន្ធី កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចនគរបាល ក៏កំពុងសាកសួរផងដែរ ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការ។

លោកថ្លែងថា៖«យើងឃាត់ខ្លួនគាត់នេះ ទី១ពាក់ព័ន្ធនឹងការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋយល់ច្រឡំ បង្កឱ្យមានភាពវឹកវរក្នុងសង្គម។ យើងអនុវត្តទៅលើការប្រព្រឹត្តបទល្មើសខុសច្បាប់របស់បុគ្គល ជាពិសេសបទល្មើសព្រហ្មទណ្ឌ។ យើងអនុវត្តមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ»។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី មិនអាចទាក់ទង ដើម្បីសុំអត្ថាធិប្បាយបានទេ នៅថ្ងៃចាប់ខ្លួននេះ។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថា ការចាប់ខ្លួនអ្នកនយោបាយនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់ពីសម្ពាធនយោបាយ ការរឹតត្បិតសេរីភាពនយោបាយ ក៏ដូចជាបង្ហាញឱ្យឃើញពីការអនុវត្តច្បាប់នៅកម្ពុជា ហាក់ដូចមិនរីកចម្រើន និងរឹតតែធ្វើឱ្យមានការបារម្ភ ដល់គ្រប់ភាគីពាក់ព័ន្ធ។
លោកថា៖«រូបភាពនេះនឹងធ្វើឱ្យរដ្ឋាភិបាលកម្ពុជា ប្រឈមនឹងសហគមន៍ជាតិ និងអន្តរជាតិ ក្រោមគោលនយោបាយរឹតត្បិតសេរីភាពកាន់តែខ្លាំង។ដូច្នេះធ្វើឱ្យប៉ះពាល់មុខមាត់និងសេចក្តីថ្លៃថ្នូររបស់រដ្ឋាភិបាល»៕

Comments are closed.