អតីតតំណាងរាស្ត្របក្សប្រឆាំងស្និទ្ធនឹងលោក សម រង្ស៊ី ស្វែងរកកិច្ចអន្តរាគមន៍លើកលែងទោសពីព្រះមហាក្សត្រ ដើម្បីបានចូលស្រុកវិញ
លោក គង់ សុភា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់រងការវាយប្រហារនៅមុខរដ្ឋសភា បានធ្វើលិខិតស្នើសុំកិច្ចអន្តរាគមន៍ទៅលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីស្នើទៅព្រះមហាក្សត្រឱ្យលើកលែង ទោស និងទម្លាក់ការចោទប្រកាន់នានាប្រឆាំងរូបលោក ដើម្បីបានវិលត្រឡប់ចូលស្រុក។ នេះបើតាមលិខិតចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ពីប្រទេសកាណាដា ដែល Cambodia Now ទើបទទួលបាននៅថ្ងៃនេះ។
លោក គង់ សុភា បានបញ្ជាក់ក្នុងលិខិតខាងលើថា៖«ខ្ញុំសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍ឱ្យខ្ញុំបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរាដោយក្តីមេត្តាបំផុត»។
អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀងរូបនេះបានសម្តែងការសោកស្តាយនូវទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ ដែលបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងគោល នយោបាយនានារបស់រដ្ឋាភិបាល។ លោកក៏សូម អភ័យទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។
លោកបណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់ The Cambodia now នៅថ្ងៃទី១៨ មេសា ថា បញ្ហាទាំងអស់នេះ វាជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលកម្ពុជា ជាប្រទេសហត្ថលេខីជាសមាជិក។
លោកថ្លែងថា៖«ហេតុអីបានជាខ្ញុំផ្តល់ទស្សនៈថា វាជាសិទ្ធិសេរីភាព។ ដោយសារតែយើងឃើញហើយអ្វីៗគ្រប់បែបយ៉ាងក្នុងការសម្រេចចិត្តរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ហើយមនុស្សរស់នៅពេលបច្ចុប្បន្ន គឺប្រែប្រួលទៅតាមស្ថានភាព និងសេដ្ឋកិច្ចរបស់ពួកគាត់»។
លោកបន្តថា គាត់មានកត្តាច្រើនយ៉ាងដែលតម្រូវឬក៏ចាំបាច់ត្រូវធ្វើការសម្របសម្រួលទៅតាមបរិបទនៃសង្គម ដែលពួកគាត់កំពុងជួបប្រទះ ឬក៏កំពុងប្រឈមទាំងអស់។
លោកសុជាតិបន្ថែមថា អ្វីដែលលោកផ្តល់ជាការលើកទឹកចិត្តចំពោះបុគ្គលដែលត្រូវគោរព ឬក៏ត្រូវគាំទ្រ សម្រាប់អ្នកនិយម ឬក៏ធ្វើការងារ ដើម្បីផលប្រយោជន៍រួម និងសង្គម និងប្រទេសជាតិ គឺជាបុគ្គលដែលមានបេះដូង និងឆន្ទះម៉ឹងម៉ាត់មិនប្រែប្រួលទៅតាមការប្រើប្រាស់អារម្មណ៍របស់ពួកគាត់។
លោកថ្លែងថា៖«ដូច្នេះអ្នកនយោបាយទាំងឡាយណាដែលគាត់មិនមានបេះដូងស្មោះត្រង់ជាមួយនឹងខ្លួនគាត់ ហើយអ្វីដែលគាត់តាំងចិត្តនឹងលើកឡើង យើងក៏គួរតែជូនពរគាត់។ យើងជូនពរគាត់ឱ្យជួបតែនឹងសេចក្តីសុខកុំឱ្យគាត់ក្លាយទៅជាបុគ្គលដែលរងគ្រោះដោយសារតែការសម្រេចចិត្តមិននឹងនរបស់ពួកគាត់ក្នុងសង្គមរបស់យើង»។
គួររំឭកថា កាលខែកក្កដា ឆ្នាំ២០២៣ លោកគង់ សុភាត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ (PEC) ពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតចំនួន២០ឆ្នាំ ក្នុងចំណោមមនុស្ស ១៦នាក់ទៀត ដោយរួមមានទាំងលោក សម រង្ស៉ី ផង៕ ដោយ គឹម សារុំ និងបញ្ញា ពល
Comments are closed.