លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យកងទ័ពត្រូវតែមានសមត្ថភាពពេញលេញ និងឆន្ទៈមោះមុត ដើម្បីទប់ស្កាត់កម្លាំងខាងក្នុង និងខាងក្រៅ ដែលប៉ុនប៉ងបង្កអសន្តិសុខ
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ មេសា បានប្រាប់កងកម្លាំងយោធា ត្រូវតែមានសមត្ថភាពពេញលេញ ឆន្ទៈមោះមុត និងវិន័យល្អ ដើម្បីការពារឱ្យបាននូវឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខសណ្តាប់ធ្នាប់សង្គមសំដៅធ្វើឱ្យបរាជ័យនូវឧបាយកល និងសកម្មភាពរបស់កម្លាំងដទៃ។
លោកថ្លែងនៅសាកលវិទ្យាល័យការពារជាតិ ថា៖«កម្លាំងដទៃ ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ ទោះក្នុងតម្លៃណាក៏ដោយត្រូវរក្សាសន្តិភាពឱ្យបាន»។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថាប្រសាសន៍របស់លោកហ៊ុន ម៉ាណែត ទាក់ទងនឹងការស្នើឱ្យកងទ័ពជាតិ ឬកងកម្លាំងគ្រប់ប្រភេទការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពារកុំឱ្យមានបដិវត្តន៍ គឺជារឿងត្រឹមត្រូវក្នុងនាមជាកងកម្លាំងជាតិ។ កងកម្លាំងជាតិ គឺត្រូវធ្វើកិច្ចការទាំងអស់ ដើម្បីបម្រើសង្គម និងផលប្រយោជន៍ជាពិសេស គឺសណ្តាប់ធ្នាប់របស់សង្គមជាតិ។
លោកថ្លែងថា៖«ក៏ប៉ុន្តែបើក្នុងករណី នៃការប្រើប្រាស់កងកម្លាំង ដើម្បីបង្ក្រាបទៅលើប្រជាពលរដ្ឋស្លូតត្រង់ ឬក៏ជនរងគ្រោះដោយសារតែអំពើអយុត្តិធម៌នៅក្នុងសង្គម វានឹងធ្វើឱ្យមើលឃើញកាន់តែច្បាស់ពីចេតនាក្នុងការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់អំណាចជាម្ចាស់ប្រទេសស្របតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ»។
បើតាមលោក សុជាតិ ករណីនាពេលកន្លងមក ដូចជា ការធ្វើរដ្ឋប្រហារនៅប្រទេសមួយចំនួន គឺតែងតែមានអង្គការចាត់តាំងមួយច្បាស់លាស់។អង្គការនេះមានក្រុមសកម្មជនដែលធ្វើដោយពុំខ្លាចការធ្វើទុក្ខបុកម្នេញ ឬក៏មិនខ្លាចលះបង់ជីវិតដើម្បីបំពេញនូវបេសកកម្មរបស់ខ្លួនឡើយ ក៏ប៉ុន្តែនៅប្រទេសកម្ពុជា គេមិនទាន់ឃើញក្រុមណា ដែលហ៊ានលះបង់ ដើម្បីបម្រើផលប្រយោជន៍ក្រុមរបស់ខ្លួនរហូតដល់បំផ្លាញអធិបតេយ្យភាព បំផ្លាញនូវសន្តិសុខសង្គមរបស់កម្ពុជានៅឡើយទេ។
លោកលើកឡើងថា កន្លងមកឃើញមានតែប្រជាពលរដ្ឋជាសកម្មជនសង្គមហើយសកម្មជននយោបាយដែលពួកគាត់ស្ថិតនៅក្រោមការចាត់តាំង ហើយដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ។ គេគ្រប់គ្នាបានឃើញហើយអ្នកនយោបាយ សកម្មជនទាំងអស់ដែលអនុវត្តអ្វីដែលមានចែងក្នុងលក្ខន្តិកៈក៏ដូចជាអ្វីដែលមានចែងក្នុងច្បាប់កំពូលរបស់ជាតិគឺដើម្បីស្វែងរកយុត្តិធម៌មួយជូនដល់ស្ថាប័នរបស់គាត់ ឬដល់សមាជិកសកម្ម ឬអ្នកគាំទ្រជាដើមប៉ុណ្ណោះ។
លោកបញ្ចាក់ថា៖«ដូច្នេះក្នុងករណីខ្លះបើសិនជាយើងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនៅក្នុងផ្លូវបំផ្លាញសកម្មជន ឬក៏ថ្នាក់ដឹកនាំនយោបាយដែលមានការទទួលស្គាល់ដោយច្បាប់ បញ្ហានេះជារឿងមួយដែលខ្ញុំគិតថា មិនគួរប្រើទេ ពីព្រោះវាជាការល្មើសទៅនឹងអ្វីដែលមានចែងនៅក្នុងច្បាប់ក៏ ដូចជារដ្ឋធម្មនុញ្ញរបស់យើង»៕ អត្ថបទ គឹម សារុំ
Comments are closed.