សំណុំរឿងក្រុមហ៊ុន របស់ជនត្រូវចោទ ឡេង ចាន់ណា ត្រូវបានតុលាការបង្កកគណនីធនាគារ ១៨៣គណនី និងឃុំខ្លួនមនុស្ស៥នាក់
តុលាការខេត្តសៀមរាបនៅថ្ងៃទី១៧ មេសា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់ស្ត្រីជនត្រូវចោទ ឈ្មោះ ឡេង ចាន់ណា ដោយបង្កកគណនីធនាគារចំនួន ១៨៣គណនី និងឃុំមនុស្ស៥នាក់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប សំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្តនីតិវិធីជាច្រើន ដែលទី១.បានសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ និងទ្រព្យសម្បត្តិមួយចំនួន។ ២.បានសម្រេចឃុំខ្លួនជនត្រូវចោទ៥នាក់ ចេញ ដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ២នាក់ និងបានចេញដីកាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤នាក់ ដោយកំណត់ឱ្យចូលខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ និងទី៣ បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធី។
បើតាមសេចក្តីប្រកាសដដែល សាលាដំបូងខេត្តសៀមរាប បាននិងកំពុងចាត់ការ ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ឯ.ក. របស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ដោយភាពត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។
ប្រភពដដែលបញ្ជាក់ថា៖«សំណុំរឿងនេះ ត្រូវធ្វើការស៊ើបសួរទៅលើបុគ្គលដែលមានការពាក់ព័ន្ធ ច្រើននាក់បន្តទៀត ហើយចំនួនជនរងគ្រោះក៏មានច្រើនផងដែរ។ ទាមទារពេលវេលាសមរម្យក្នុងការ ស្រាវជ្រាវឱ្យអស់លទ្ធភាពក្នុងន័យស្វែងរកការពិត ដើម្បីដោះស្រាយជូនជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់តាមនីតិវិធីច្បាប់»។
ទោះជាយ៉ាងណាអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានដែរថា សាធារណជន និងបណ្តាញសារព័ត៌មាន មេត្តាសហការគ្រប់ជ្រុងជ្រោយ ដោយរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ ដើម្បីឱ្យសាលាដំបូងខេត្តសៀមរាប បន្តចាត់ការសំណុំរឿងនេះ ប្រកបដោយប្រសិទ្ធភាព និងផ្តល់យុត្តិធម៌ជូនភាគីដែលមានការពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។
គួររំឭកថា ជនត្រូវចោទ ឡេង ចាន់ណា ប្រធានក្រុមហ៊ុន ប្រ៊ីលាន ស៉ីធីវើល ពាក់ព័ន្ធអំពើឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ ហើយត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ក្នុងខេត្តសៀមរាប៕
Comments are closed.