មានការរិះគន់លើយុវជនមួយចំនួនប៉ាតម្សៅចាប់នារីៗថើបតាមផ្លូវសាធារណៈ ដែលធ្វើឱ្យខូចសីលធម៌សង្គម
មួយរយៈកន្លងទៅនេះមានក្រុមយុវជនមួយចំនួនដែលគេដឹងថា ជាសិស្សសាលាផងនោះបានដើរធ្វើសកម្មភាពជាក្រុមនៅតាមទីសាធារណៈស្ទាក់ចាប់នារីៗប៉ាតម្សៅ និងថើប ដែលសកម្មភាពនេះបង្កការរិះគន់យ៉ាងខ្លាំងពីសាធារណជន ខណៈក្រសួងអប់រំចេញសេចក្តីណែនាំដល់សាលាទូទាំងប្រទេសហើយ។
លោក សំ សុគន្ធ មានលំនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ និយាយថា សកម្មរបស់ក្រុមយុវជនដែលដើរប៉ាតម្សៅស្ទាក់យុវតីក្មេងស្រីៗថើបនេះមិនមែនជាទង្វើល្អទេ បើទោះជាពួកគេត្រៀមខ្លួនសម្រាប់បុណ្យចូលឆ្នាំខ្មែរក្តី។
លោកសុគន្ធប្រាប់ CNN ថា៖«រឿងសប្បាយគេមិនហាមឃាត់ទេ តែសប្បាយឱ្យសមទំនងផង។ យើងជាយុវជនខ្មែរជាទំពាំងស្នងឫស្សី ដូច្នេះត្រូវតែរៀនដឹងនិងចេះថែរក្សាវប្បធម៌ខ្មែរកុំឱ្យគេថាយើងជាន់ពន្លិចវប្បធម៌ខ្លួនឯង»។
ជាយុវនខ្មែរគួរប្រកាន់នូវឥរិយាបថថ្លៃថ្នូរ ជាពិសេសយុវជនជាបុរសៗគួរតែគោរពដល់សេចក្តីថ្លៃថ្នូររបស់នារីខ្មែរក្មេងស្រីឱ្យបានខ្ជាប់ខ្លួន។ នេះជាការលើកឡើងរបស់យុវនិស្សិត១រូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យុវនិស្សិតដែលត្រូវបានអ្នកនិពន្ធដាក់ឈ្មោះឱ្យថាសុខ ចន្ថា បានបន្តទៀតថា ការដែលមានក្រុមយុវជនស្ទាក់នារីប៉ាតម្សៅ និងចាប់ថើបតាមផ្លូវសាធារណៈនេះគឺជារឿងមិនត្រឹមត្រូវ ហើយជាទង្វើខុសឆ្គងយ៉ាងខ្លាំងទៅនឹងប្រពៃណីខ្មែរ។ រឿងប៉ាតម្សៅជារឿងខុសឆ្គង១ហើយ តែការថើបនេះវាកាន់តែខុសទៅទៀត។
លោកសុខ ចន្ថា បញ្ជាក់ថា ក្រុមយុវជនដែលប្រព្រឹត្តនោះគួរត្រូវបានទទួលការអប់រំពីសាលាព្រោះក៏ជាការព្រមានកុំឱ្យយុវជនផ្សេងទៀតយកគំរូអាក្រក់តាមដែរ ព្រោះជាទង្វើមិនល្អសម្រាប់សង្គមខ្មែរ។
លោក សុខ ចន្ថា ប្រាប់CNNថា៖«ក្នុងនាមខ្ញុំជាយុវជន ខ្ញុំសូមអំពាវនាវដល់សាលា និងអាជ្ញាធរដែលរៀបចំសង្ក្រាន្តសូមតាមដានយ៉ាងលម្អិតកុំឱ្យមានភាពអនាធិបតេយ្យ។ ខ្ញុំក៏សំណូមពរទៅដល់នារីៗ ឬក៏ឪពុកម្តាយរបស់ពួកគាត់ឱ្យមានការរំឭកដល់កូនៗឱ្យមានការការពារខ្លួន។ រីឯយុវតីក៏ត្រូវតែចេះរក្សានូវតម្លៃជាស្រ្តីខ្មែរដែរ»។
លោក សៅ ចន្ថា នាយកវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី លើកឡើងដែរថា បញ្ហានេះសេចក្តីណែនាំរបស់ក្រសួងអប់រំ ឬក៏មតិរបស់មហាជនរិះគន់ពាក់ព័ន្ធនឹងការលេងប៉ាតម្សៅ និងចាប់នារីថើបនេះមិនខុសទេ ដោយសារតែការអប់រំនិយាយអំពីទំនៀមទម្លាប់ និងសីលធម៌ការរស់នៅ។
លោកថ្លែងថា៖«ការដែលគាត់ធ្វើសកម្មភាពនេះវាជ្រុលជ្រួស ឬហួសពីអ្វីដែលជាទំនៀមទម្លាប់។ សម្រាប់ការណែនាំនេះគឺយើងគិតថា ក្រសួងអប់រំលើកតម្កើងឡើងវិញនូវសីលធម៌របស់យុវជនដើម្បីឱ្យយុវជនមានគោលដៅច្បាស់លាស់»។
បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលCNNទទួលបាននៅថ្ងៃទី៣ មេសាបានសរសេរថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សាបាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ។ល។ ទៅលើគ្នាទៅវិញ ទៅមក ដោយគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំងគ្មានសុវត្ថិភាព។
ប្រភពដដែលបញ្ជាក់ថា៖«ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
សារព័ត៌មានCNNមិនអាចស្វែងរកការពន្យល់បន្ថែមពីលោកសំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទេ តែបើតាម ប្រសាសន៍របស់លោកដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយថា ការទប់ស្កាត់ក្មេងៗសិស្សសាលាដែលបានប្រមូលផ្តុំឈូឆរជិះម៉ូតូតាមដងផ្លូវសាធារណៈមួយចំនួបជួបជុំលេងបាចទឹកប៉ាតម្សៅ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងបានប៉ះពាល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ និងប៉ះពាល់សេចក្តីថ្លៃថ្នូរ។
លោកថ្លែងថា៖«យើងនឹងធ្វើការអនុវត្តវិធានការជាបន្ទាន់ ហើយឯកឧត្តមជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេប្រកាសឱ្យក្មេងៗទាំងនោះបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងឡាយណា ដែលបង្កអសកម្ម និងបង្កអនាធិបតេយ្យនៅក្នុងសង្គម»៕ គឹម សារុំ
សូមចុចទីនេះដើម្បីទស្សនាវីដេអូយុវជនប្រុសស្រីពពាក់ពពូនលេងប៉ាតម្ស៉ៅពាសពេញផ្លូវ
Comments are closed.