Your Hot News in Hands

BREAKING NEWS

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO ជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

91

 

គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក(ICC- Angkor) របស់អង្គការ UNESCO បានជួបប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែមីនា ។

កិច្ចប្រជុំបច្ចេកទេសនេះ ដឹកនាំដោយលោក IChitomo Taninai ជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និងលោកPiere Vincent ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា។

ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ក្រុមអ្នកជំនាញអន្តរជាតិ បានពិភាក្សា និងពិនិត្យលើការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា។ ជាមួយគ្នានេះក្រុមអ្នកជំនាញអន្តរជាតិ នឹងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត ដើម្បីឱ្យតាមការដ្ឋានយកទៅអនុវត្តន៍ស្របតាមកិច្ចការដែលកំពុងបំពេញនោះ។

សហប្រធានជប៉ុន លោក IChitomo Taninai បានថ្លែងក្នុងកិច្ចប្រជុំនេះថា កិច្ចពិភាក្សាលើការងារជាច្រើនស្ដីពីការពិនិត្យមើលការងារមួយចំនួននៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ការជួសជុល និងអភិរក្សប្រាសាទបុរាណនានាគឺមានសារៈសំខាន់សម្រាប់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក (ICC-Angkor-Sambor Prei Kuk) និងសម្រាប់កិច្ចការអភិរក្ស អភិវឌ្ឍន៍ សម្រាប់ទសវត្សរ៍តទៅមុខទៀត

លោក IChitomo Taninai ថ្លែងទៀតថា ក្រៅតែពីជួយដល់ការងារក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រទេសជប៉ុនក៏បានជួយដល់ប្រាសាទ សំបូរព្រៃគុកផងដែរ។ កាលពីឆ្នាំមុនជប៉ុន បានជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបុរាណវិទ្យា ដល់អាជ្ញាធរជាតិសំបូរព្រៃគុក ហើយរំពឹងថាក្នុងឆ្នាំនេះ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងមានធនធានមនុស្សនិងបុរាណវិទ្យា សម្រាប់ការងារជួសជុល និងអភិរក្ស រមណីយដ្ឋានសំបូរព្រៃគុក ឱ្យមានតម្លៃលេចធ្លោជាសកលនាពេលខាងមុខ។

ពេញមួយថ្ងៃទី១៤ ខែមីនា អង្គប្រជុំបានពិភាក្សានិងពិនិត្យទៅលើការងារនៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ជាច្រើនដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា ព្រមទាំងត្រួតពិនិត្យទៅលើរបាយការណ៍ស្ដីពីការងារទាំងនោះផង៕