Your Hot News in Hands

BREAKING NEWS

និស្សិតសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញ មកស្វែងយល់ប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ

162

 

និស្សិតផ្នែកវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញចំនួន៨០នាក់ មកស្វែងយល់ពីសារៈសំខាន់ និងការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ តាមរយៈទស្សនកិច្ចសិក្សា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ អាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញដើម្បីធ្វើបទបង្ហាញ ព្រមទាំងបានដឹកនាំចុះទៅតាមកន្លែង និងទីតាំងជាក់ស្តែងផង។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញជូនដល់និស្សិតទាំងនោះ អំពីកិច្ចការងារគ្រប់គ្រងក្នុងតំបន់អង្គរ អំពីប្រវត្តិនៃការរីកចម្រើននៃសំណង់ធារាសាស្ដ្របុរាណ។ សារៈសំខាន់នៃការគ្រប់គ្រងទឹក និងប្រើប្រាស់ទឹក ផលប៉ះពាល់កើតមានឡើងក្នុងតំបន់អង្គរ អំឡុងពេលគ្មានការជួសជុលថែទាំ  ព្រមទាំងជួសជុលប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យមានដំណើរការឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា និងសមិទ្ធផលដែលទទួលបានពីការងារគ្រប់គ្រងទឹកក្នុងតំបន់អង្គរជាដើម។

បន្ទាប់ពីបញ្ចប់បទបង្ហាញរួចមក អ្នកជំនាញរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតចុះពិនិត្យតាមទីតាំងសំណង់គ្រប់គ្រងទឹកសំខាន់ៗជាច្រើនកន្លែង ថែមទាំងពន្យល់លម្អិតពីការងារចាត់ចែងគ្រប់គ្រងទឹក មុខងារនៃសំណង់ធារាស្ត្រនីមួយៗ ការភ្ជាប់ទំនាក់ទំនងគ្នានៃប្រព័ន្ធទឹកក្រោមដី រួមទាំងឆ្លើយតបនឹងសំណួររបស់និស្សិត ដើម្បីផ្តល់ចំណេះដឹងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផង៕

អត្ថបទ និងរូបភាព: នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ