Your Hot News in Hands

BREAKING NEWS

មន្ទីរពេទ្យ តម្លៃជាង $១១លាន ត្រូវបានសម្ពោធដាក់ឳ្យប្រជាពលរដ្ឋ ស្រុកកោះធំ ប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ

112

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យតេជោសែនកោះធំ នៅខេត្តកណ្តាល ដើម្បីបម្រើឱ្យការព្យាបាល ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកចំនួន៣ នៃខេត្តកណ្តាល និងស្រុកចំនួន ១ នៃខេត្តតាកែវ ដែលមានប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់។

មន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកសាងឡើង ដោយចំណាយថវិកាប្រមាណជាង ១១លានដុល្លារអាមេរិក ក្នុងនោះការសាងសង់រចនាសម្ព័ន្ធ អគារមន្ទីរពេទ្យប្រមាណជា៦លានដុល្លារ និងការបំពាក់សម្ភារបរិក្ខារពេទ្យប្រមាណ៥លានដុល្លារ។

មន្ទីរពេទ្យនេះ មានចំនួន៣អគារ និងកម្ពស់២ជាន់ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន១៧០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ។ ប្រជាពលរដ្ឋប្រមាណជាង៦០ម៉ឺននាក់ ដែលត្រូវទទួលបានការព្យាបាលពីមន្ទីរទ្យនេះ ពួកគេរស់នៅស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។

តាមរបាយការណ៍របស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរពេទ្យមានច្រើនផ្នែក ដូចជា ផ្នែកជំងឺមាត់-ធ្មេញ ផ្នែកចក្ខុរោគ-វ៉ែនតា ផ្នែកពិគ្រោះសម្ភព-រោគស្ត្រី ផ្នែកពិគ្រោះជំងឺច្រមុះត្រចៀកបំពង់ក ផ្នែកឱសថស្ថាន ផ្នែករូបភាពវេជ្ជសាស្ត្រផ្នែកជំងឺក្រោយវះកាត់ ផ្នែកសង្គ្រោះបន្ទាន់។

គម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យ សម្រាប់អភិវឌ្ឍជាតិរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ មន្ទីរពេទ្យបង្អែកមួយនេះ ចាប់ផ្តើមដំណើរការ ដោយផ្តល់សេវាដូចជាពិគ្រោះ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ សម្ពព រោគស្ត្រី និងវះកាត់ផងដែរ៕ ដោយរាជសី