ក្រោយមានប្រតិកម្មរិះគន់ខ្លាំងពីពលរដ្ឋ ក្រសួងអប់រំ ចេញបំភ្លឺ និងច្រានចោលព័ត៌មានដែលថា ភាសាវៀតណាម នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅស្ថាប័នអប់រំរបស់កម្ពុជា
ប៉ុន្មានថ្ងៃនេះមានប្រតិកម្មរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកពីសាធារណជនខ្មែរចំពោះព័ត៌មានថា ភាសាវៀតណាម នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាផ្លូវការនៅតាមស្ថាប័នអប់រំរបស់កម្ពុជា។ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ធ្នូ បានច្រានចោលទាំងស្រុង ដោយថា នោះជាការចុះផ្សាយព័ត៌មានក្លែងក្លាយ។
ក្រសួងអប់រំ យុវជន និងកីឡា បានបំភ្លឺក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤ ថា ក្រសួង មិនធ្លាប់យល់ព្រមលើសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាម ទៅក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ។ ក្រសួងស្នើឱ្យប្រភពព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះធ្វើការកែតម្រូវជាបន្ទាន់។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖«ក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ»។
គណនីហ្វេសប៊ុក ឈ្មោះ Mono Tep បានសរសេរថា ត្រូវគ្នាបដិសេធបញ្ចូលភាសាយួនក្នុងកម្មវិធីអប់រំ បើមិនចង់រស់ក្រោមអាណានិគមយួនដូចឡាវ។ គណនីហ្វេសប៊ុក ឈ្មោះ Trachor ក៏បានសរសេរថា យួនចង់ឱ្យមានវិទ្យាស្ថានភាសាយួននៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា? នៅខ្មែរក្រោមវិញ កុំថាឡើយ ភាសាខ្មែររៀនឱ្យទូលំទូលាយ ត្រឹមតែសាលាបឋមសិក្សាខ្មែរគ្មានផង។
គណនីហ្វេសប៊ុក ឈ្មោះ ជាង កង់ ក៏បានសរសេរថា៖«ភាសាយួនមិនមែនជាភាសាអន្តរជាតិទេ ដូច្នេះមិនចាំបាច់មាននៅក្នុងកម្មវិធីសិក្សាអប់រំជាតិឡើយ»។
គណនីហ្វេសប៊ុក ឈ្មោះ Chetra Huot សរសេរដែរថា៖«តើភាសាវៀតណាម វាមានសារៈសំខាន់ខ្លាំងប៉ុន្មានភាគរយទៅ ដែលខ្មែរខ្វះមិនបាន? សូមគិតឡើងវិញ។ ខ្ញុំមិនអនុញ្ញាតឱ្យមានការដាក់បញ្ចូលទេ ភាសានេះមិនមែនជាភាសាសកលទេ»៕