មេបក្សប្រឆាំងក្រៅប្រទេស ហាក់មានសុទិដ្ឋិនិយមពេក ប្រាប់ឱ្យពលរដ្ឋត្រៀមទទួលការផ្លាស់ប្តូរនៅកម្ពុជា ខណៈបក្សកាន់អំណាច ចាត់ទុកអង្គការចាត់តាំងនៃក្រុមប្រឆាំងសុទ្ធតែខុសច្បាប់
លោក សម រង្ស៊ី មេបក្សប្រឆាំងយ៉ាងស្រួចស្រាល់តទល់នឹងមេបក្សកាន់អំណាច លោក ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិយមពេកហើយ ដោយប្រកាសនាថ្ងៃទី១២ ធ្នូ នេះ ប្រាប់ឱ្យប្រជាពលរដ្ឋខ្មែរត្រៀមខ្លួនដើម្បីទទួលយកការផ្លាស់ប្តូរមួយនៅកម្ពុជា។ ប៉ុន្តែគណបក្សកំពុងកាន់អំណាចដ៏រឹងមាំបច្ចុប្បន្ន ថា ក្រុមអង្គការចាត់តាំងដែលបង្កើតឡើងដោយលោករង្ស៊ី សុទ្ធតែជាក្រុមខុសច្បាប់ និងគ្មានលទ្ធភាពអាចធ្វើបានឡើយ។
អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលគេដឹងថា ជាមេដឹកនាំនយោបាយជើងចាស់មានបទពិសោធន៍ជាង៣០ឆ្នាំ និងជាគូប្រជែងដ៏មានឥទ្ធិពល តទល់នឹងអតីតនាយករដ្ឋមន្ត្រី ដ៏មានអំណាចខ្លាំងនៅកម្ពុជា គឺលោក ហ៊ុន សែន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា៖«ខ្មែរយើងទាំងអស់គ្នា ត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរមួយនៅកម្ពុជា។ រដ្ឋាភិបាលថ្មី ត្រូវតែកំណត់អាណត្តិ នាយករដ្ឋមន្ត្រី»។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចដ៏រឹងមាំ លោក ហ៊ុន សែន កាលពីថ្ងៃទី៥ ធ្នូ បានផ្តាំទៅលោក សម រង្ស៊ី ដែលជាអ្នកបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនោះ ឱ្យបញ្ចេញឈ្មោះក្បាលម៉ាស៊ីនដឹកនាំគណៈរដ្ឋមន្ត្រីឱ្យបានលឿន ថា តើអ្នកណាជានាយករដ្ឋមន្ត្រី អ្នកណាជាឧបនាយករដ្ឋមន្ត្រី និងអ្នកណាជារដ្ឋមន្ត្រី ដើម្បីលោកចេញច្បាប់ដាក់ទោសឱ្យបានឆាប់ដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច លោក សុខ ឥសាន មិនអាចទាក់ទងសុំអត្ថាធិប្បាយជុំវិញការប្រកាសរបស់លោក សម រង្ស៊ី បានទេ នាថ្ងៃទី១២ ធ្នូ ប៉ុន្តែលោកបានថ្លែងមុនមួយថ្ងៃថា លោក សម រង្ស៊ី មិនមានលទ្ធភាពបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ដែលប្រកាសបង្កើតដោយខ្លួនឯងនោះឡើយ លុះត្រាតែមានការបោះឆ្នោត។ លោកថា កុំចង់យកសិទ្ធិរបស់រដ្ឋាភិបាលក្រៅប្រទេសទៅទូលពិតដល់អង្គការសហប្រជាជាតិ តវ៉ារឿងកោះគុតកោះ វាគ្មានផ្លូវទេ។
លោក សុខ ឥសាន បញ្ជាក់ថា៖«អ៊ីចឹង អង្គការចាត់តាំងទាំងឡាយ ដែលទណ្ឌិត សម រង្ស៊ី បង្កើតឡើងនេះ សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់។ អ៊ីចឹងទេ បានជារាជរដ្ឋាភិបាល កំណត់ថា ក្រុមសម រង្ស៊ី នេះ គឺជាក្រុមជ្រុលនិយម ជាក្រុមឧទ្ទាមក្រៅច្បាប់ ដែលមិនមានការទទួលស្គាល់ពីក្នុងប្រទេស ឬមួយក៏ពីអន្តរជាតិណាទទួលស្គាល់ទេ។ អ៊ីចឹង ខ្ញុំយល់ថា វាគ្រាន់តែជាសំឡេងសារនយោបាយរបស់ទណ្ឌិត ដែលស្ថិតក្នុងភាពទាល់ច្រកតែប៉ុណ្ណោះទេ»៕