អតីតមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច ទាមទារឱ្យប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទូទាត់សងលុយ ជាង $១០ម៉ឺន ដែលបានចំណាយឱ្យគណបក្សធ្វើសកម្មភាព
តាមរយៈមេធាវីរបស់ខ្លួន លោក យ៉ង់ សារឹម អតីតប្រធានក្រុមការងារខេត្តត្បូងឃ្មុំ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានទាមទារឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទូទាត់សងប្រាក់ចំនួន ១៣៣ ៥៦៤ ៩១ដុល្លារអាមេរិក មកឱ្យខ្លួនវិញ ដែលលោកបានចំណាយឱ្យគណបក្សធ្វើសកម្មភាពនយោបាយ តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២៤។
លិខិតជូនដំណឹងរបស់មេធាវី លោក ទិត សាវុឌ្ឍី ចុះថ្ងៃទី៦ ធ្នូ ឆ្នាំ២០២៤ តំណាងដោយអាណត្តិឱ្យលោក យ៉ង់ សារឹម ដែលជាជនរងគ្រោះ ផ្ញើថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែល The Cambodia Now News (CNN)ទទួលបាននាដើមសប្តាហ៍នេះថា លោក យ៉ង់ សារឹម ជាជនរងគ្រោះ និងជាដើមបណ្តឹងរដ្ឋប្បវេណី បានពឹងពាក់និងប្រគល់សិទ្ធិឱ្យលោក ទាមទារប្រាក់ដែលបានចំណាយ និងផ្តល់ឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើសកម្មភាពពីឆ្នាំ២០០១-២០២៤ ដោយបានជាប់ជាតំណាងរាស្ត្រចំនួន៥អាសនៈ នីតិកាលទី៧ នៃរដ្ឋសភាជាតិឆ្នាំ២០២៣ ព្រមទាំងទទួលបានការងារផ្តល់ឱ្យថ្នាក់ដឹកនាំក្លាយជាទីប្រឹក្សារដ្ឋសភា សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់រាជរដ្ឋាភិបាល។
លិខិតរបស់មេធាវីបញ្ជាក់ថា៖«ចំណែកកូនក្តីទូលបង្គំខ្ញុំ ឈ្មោះ យ៉ង់ សារឹម បានទទួលត្រឡប់តបស្នងមកវិញ នូវក្រដាសមួយសន្លឹក ដែលចែងថា សេចក្តីសម្រេចស្តីពីការបញ្ចប់សមាជិកភាពពីគណបក្សហ្វ៊ុនស៊ិនប៉ិច ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប៉ុណ្ណោះ»។
លិខិតដដែលបន្តថា៖«ដោយហេតុថា ការដឹកនាំ និងការសម្រេចចិត្តរបស់ព្រះអង្គម្ចាស់ប្រធានគណបក្ស បានធ្វើឱ្យកូនក្តីទូលបង្គំខ្ញុំពុំទទួលបានតម្លៃតបស្នង នៃបំណុលនយោបាយ ហេតុដូច្នេះ កូនក្តីទូលបង្គំខ្ញុំស្នើសុំទូទាត់សងប្រាក់ ដែលបានផ្តល់ជូនគណបក្សត្រឡប់មកវិញ ដូចមានចំនួនក្នុងកម្មវត្ថុខាងលើ ចាប់ពីថ្ងៃចេញលិខិតជូនដំណឹង រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥»។
The Cambodia Now News (CNN) មិនទាន់ស្វែងរកប្រភពទាក់ទងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីសុំការបកស្រាយបំភ្លឺបានទេ ខណៈអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន ក៏មិនអាចសុំការបកស្រាយបំភ្លឺបាន ពេលទាក់ទងនៅថ្ងៃទី១១ ខែធ្នូ នេះ៕