Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មន្ត្រីសង្គមស៊ីវិលថា កម្ចីឥណទាន ដែលលោក ហ៊ុន សែន សុំខ្ចីពីមិត្តដែកថែបចិន ដើម្បីពង្រឹឯករាជ្យភាពនយោបាយរបស់កម្ពុជា អាចជាហានិភ័យធំសម្រាប់កម្ពុជា បើប្រើមិនចំគោលដៅ

0

មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧នេះគ្មានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ចំណាយក្នុងឆ្នាំ២០២៥ទេ ដូច្នេះប្រទេស ដែលមេដឹកនាំកម្ពុជាត្រូវខ្ចីបុលមុនគេគឺមិត្តដែកថែបចិន ហើយបើប្រើប្រាស់បំណុលនោះមិនចំគោលដៅ គឺជាហានិភ័យធំសម្រាប់កម្ពុជា។ ការលើកឡើងនេះ ក្រោយលោក ហ៊ុន សែន សុំឱ្យចិនបន្តផ្តល់ជំនួយឥតសំណង និងសុំខ្ចីលុយបន្ថែម ដើម្បីពង្រឹងឯករាជ្យភាពនយោបាយកម្ពុជា។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងនៅថ្ងៃទី៦ ខែធ្នូ ថា កម្ពុជាមិនមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់ចំណាយក្នុងឆ្នាំ២០២៥ទេ គឺត្រូវការខ្ចីបុលពីអន្តរជាតិ ដើម្បីយកមកបង្គ្រប់ការចំណាយ ដូច្នេះគោលដៅ ដែលរដ្ឋាភិបាលតាំងពីអាណត្តិមុន និងអាណត្តិទី៧នេះត្រូវខ្ចី គឺប្រទេសចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា។

លោក សេក សុជាតិ បញ្ជាក់ថា៖«យើងក៏មិនបានដឹងអំពីលក្ខខណ្ឌមួយចំនួន ដែលទាក់ទងនឹងការខ្ចីបុលហ្នឹងទេ។ ក៏ប៉ុន្តែ យើងសង្ឃឹមថា ការខ្ចីបុលនេះ បើសិនជាជំនួយឥតសំណង ឬក៏ស្ថិតក្នុងអត្រាការប្រាក់ទាបបំផុតណាមួយ គឺសុទ្ធសឹងតែជាផលប្រយោជន៍របស់កម្ពុជា»។ លោកបន្តថា ប៉ុន្តែរឿងដែលសំខាន់អ្នក ដែលទទួលបាននូវប្រាក់កម្ចីទាំងអស់នោះ មិនថា ពីប្រទេសចិន ឬប្រទេសណាមួយ តើការប្រើប្រាស់ត្រូវចំគោលដៅកម្រិតណា ហើយមានប្រសិទ្ធភាពបែបណា នោះគឺជារឿងដែលសំខាន់។

លោកថ្លែងថា៖«ហើយក្នុងករណី បើសិនជាកញ្ចប់ថវិកានោះ ប្រើប្រាស់មិនបានត្រឹមត្រូវតាមផ្លូវ ដែលជាគោលនយោបាយកំណត់ ហើយប្រើប្រាស់មិនបានពេញលេញ គឺជាហានិភ័យមួយ សម្រាប់កម្ពុជា ពីព្រោះយើងដឹងហើយ បំណុលទាំងអស់គឺសុទ្ធសឹងជាបំណុលរួមរបស់ប្រជាជាតិខ្មែរ ដែលត្រូវសងតាមរយៈការបង់ពន្ធតាមគ្រប់រូបភាពទាំងអស់ ហើយថវិកាទាំងអស់នេះ គឺជាថវិកាមួយ ដែលខ្ចី សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រទេសជាតិរបស់យើង»។
លោកសុជាតិ បានបន្ថែមថា បើបំណុលនេះ ត្រូវប្រើដើម្បីទប់ស្កាត់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចការសង្គម និងប្រទេសជាតិ គឺជាការប្រើប្រាស់ថវិកា មិនត្រូវចំគោលដៅ ដែលជាហានិភ័យធំសម្រាប់កម្ពុជា នៅពេលបច្ចុប្បន្ន និងទៅអនាគត។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។ នេះបើតាមហ្វេសប៊ុកលោក ហ៊ុន សែន សរសេរពីថ្ងៃទី៤ ធ្នូ ក្រោយពីលោក ហ៊ុន សែន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន កាលពីថ្ងៃទី២-៤ ធ្នូ ឆ្នាំ២០២៤។

នៅពេលទាក់ទងសុំអត្ថាធិប្បាយ កាលពីថ្ងៃទី៥ ខែធ្នូ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធធ្វើអត្ថាធិប្បាយ ដោយលោកថា មិនបានដឹងរឿងខ្ចីបំណុលនេះច្បាស់ទេ៕

Leave A Reply

Your email address will not be published.