Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ឧបនាយករដ្ឋមន្ត្រី ៣រូប ក្នុងចំណោមឧបនាយករដ្ឋមន្ត្រី ១២រូប ត្រូវបានចាត់តាំងឱ្យកាន់ការជានាយករដ្ឋមន្ត្រីស្តីទី ពេលអវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

0

ក្នុងជួរមន្ត្រីកំពូល នៃរដ្ឋាភិបាលអាណតិ្តទី៧ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺមានឧបនាយករដ្ឋមន្ត្រីចំនួន១២រូប ហើយក្នុងចំណោមនោះ ឧបនាយករដ្ឋមន្ត្រី ៣រូបត្រូវបានចាត់តាំងឱ្យទទួលបន្ទុកការងារជានាយករដ្ឋមន្ត្រីស្តីទី នៅពេលនាយករដ្ឋមន្ត្រីអវត្តមាន។ នេះបើតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៧ វិច្ឆិកា ដែលទើបទទួលបាននាថ្ងៃទី៣ ធ្នូ។

សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់តាំងលោក នេត្រ សាវឿន ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រីក្នុងលំដាប់លេខរៀងទី១ឱ្យទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី នៅពេលអវត្តមាននាយករដ្ឋមន្ត្រី ដោយជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខ័ណ្ឌអន្តរក្រសួង។ ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ហ៊ុន ម៉ាណែត ក៏បានផ្តល់អំណាចឱ្យលោក នេត សាវឿន អាចបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្រ្តីអវត្តមាន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿញៀន ជាប្រធានគណៈកម្មាធិការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល ជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការក្រុមប្រឹក្សា ដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ឧបនាយករដ្ឋមន្ត្រីក្នុងលំដាប់លេខរៀងទី២ លោក ប្រាក់ សុខុន ត្រូវបានចាត់តាំងឱ្យទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឧបនាយករដ្ឋមន្ត្រី នេត សាវឿន អវត្តមាន ដោយជួយនាយករដ្ឋមន្ត្រីលើវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់យោបល់ជូននាយករដ្ឋមន្ត្រី អំពីក្របខ័ណ្ឌគោលនយោបាយក្រៅប្រទេស…។

រីឯឧបនាយករដ្ឋមន្ត្រីក្នុងលំដាប់លេខរៀងទី៣ គឺ លោក អូន ព័ន្ធមុនីរត័្ន ត្រូវបានចាត់តាំងឱ្យទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អវត្តមាន។ ឧបនាយករដ្ឋន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…។

ចំណែក ឧបនាយករដ្ឋមន្ត្រី លោក ស សុខា ដែលស្ថិតក្នុងលំដាប់លេខរៀងទី៧ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្មានឈ្មោះដែលត្រូវចាត់តាំងឱ្យទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីនោះទេ។ បើគិតទៅដល់រដ្ឋាភិបាលអាណត្តិមុនៗ ដឹកនាំដោយអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាឪពុកលោក ស សុខា តាមធម្មតាត្រូវបានចាត់តាំងឱ្យទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អវត្តមាន៕

Leave A Reply

Your email address will not be published.