Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកនាំពាក្យរដ្ឋាភិបាល ស្នើពិចារណាឡើងវិញការដាក់ទណ្ឌកម្មបន្ថែមលើកម្ពុជា តាមរយៈពន្ធ EBA ខណៈមេបក្សជំនាន់ថ្មី ជំរុញឱ្យមានការជជែកគ្នា ដើម្បីចៀសវាងបាត់ផលប្រយោជន៍ជាតិ

0

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ស្នើសភាអឺរ៉ុប ឬដៃគូអភិវឌ្ឍន៍ ពិចារណាឡើងវិញពីការបោះឆ្នោតឱ្យសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធEBA ដែលនៅសល់៨០% ដើម្បីដាក់ទណ្ឌកម្មបន្ថែមលើកម្ពុជា ហើយថា រដ្ឋាភិបាលធ្វើអ្វីៗ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស រហូតអភិវឌ្ឍប្រទេសបានលូតលាស់ដល់សព្វថ្ងៃ។ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ជំរុញឱ្យរដ្ឋាភិបាល រកការជជែកគ្នា ដើម្បីចៀសវាងការបាត់ផលប្រយោជន៍ជាតិ តាមរយៈការលែងផ្តល់ឱ្យនូវការអនុគ្រោះពន្ធ EBA។

លោក ប៉ែន បូណា ថ្លែងនៅថ្ងៃទី២ ធ្នូ ថា៖«ឥឡូវកំពុងដាក់គោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ទាំងអស់ហ្នឹង ដើម្បីលើកស្ទួយកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ដូច្នេះយើងបានធ្វើអ្វីៗល្អប្រសើរហើយ ប៉ុន្តែកុំយកបញ្ហាការអនុវត្តច្បាប់មកធ្វើជាមូលហេតុ ដើម្បីចោទប្រកាន់រាជរដ្ឋាភិបាលថា រំលោភសិទ្ធិមនុស្ស។ មិនមែនទេ អនុវត្តច្បាប់ គឺដើម្បីពង្រឹងនីតិរដ្ឋ»។

លោកបន្តថា៖«រាជរដ្ឋាភិបាលកម្ពុជាមានជំហរច្បាស់លាស់ណាស់ គឺមិនយកអធិបតេយ្យជាតិទៅដោះដូរជំនួយ ឬក៏ប្រព័ន្ធអនុគ្រោះពន្ធណាមួយទេ។ អ៊ីចឹង សូមឱ្យដៃគូអភិវឌ្ឍន៍ហ្នឹងគិតគូរឡើងវិញអំពីអ្វី ដែលរាជរដ្ឋាភិបាលបានធ្វើ»។

លោក មាជ សុវណ្ណារ៉ា ថ្លែងនៅថ្ងៃទី២ ខែធ្នូ ថា អ្វី ដែលសហភាពអឺរ៉ុបចង់ដាក់ទណ្ឌកម្មបន្ថែម វាធ្វើឱ្យប៉ះពាល់ខ្លាំងដល់ពលរដ្ឋ ក៏ដូចជាកម្មកររាប់ម៉ឺននាក់ ដែលកំពុងធ្វើការនៅតាមរោងចក្រ។ ដូច្នេះការដាក់លក្ខខណ្ឌណាមួយពីសហភាពអឺរ៉ុបកន្លងទៅ រដ្ឋាភិបាលគួរតែមានការជជែកគ្នាក្នុងនយោបាយទំនាក់ទំនងការទូត ឬផ្នែកពាណិជ្ជកម្មជួញដូរ រវាងទ្វេភាគីជាមួយសហភាពអឺរ៉ុប។

លោកថ្លែងថា៖«អ៊ីចឹង រដ្ឋាភិបាលមានបទពិសោធន៍ភាពជូរចត់ ឬក៏មានបញ្ហាក្នុងទំនាក់ទំនងបែបណានៃនយោបាសេដ្ឋកិច្ចពាណិជ្ជកម្មជួញដូរ ការអនុគ្រោះពន្ធបែបណា គឺគណបក្សជំនាន់ថ្មីចង់ឃើញចង់ជំរុញឱ្យមានការជជែកគ្នា ចៀសវាងការបាត់ផលប្រយោជន៍ជាតិ ផលប្រយោជន៍កម្មកររាប់សែន[នាក់]។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា៖«អាហ្នឹងយើងត្រូវដកមួយជំហានម្នាក់ ហើយធ្វើការជជែកនៅចំណុចណាមួយ តាមរយៈទូតរបស់សហភាពអឺរ៉ុប ក៏ដូចជាទូតរបស់ប្រទេសមហាអំណាច…»។

សភាអឺរ៉ុប បានបោះឆ្នោត កាលពីថ្ងៃទី២៨ វិច្ឆិកា សម្រេចឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញលើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ លើលែងតែអាវុធ(Everything But Arms-EBA) ដែលនៅសល់៨០% បន្ទាប់ពីកាត់ពន្ធ២០% កាលពីអាណត្តិនៃរាជរដ្ឋាភិបាលរបស់អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានអំណាចខ្លាំងនៅកម្ពុជានោះ ដើម្បីពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើរដ្ឋាភិបាលកម្ពុជា ដោយសារការរឹតត្បិតសិទ្ធិសេរីភាព នៃការសម្តែងមតិ រិតត្បិតផ្នែកនយោបាយ និងមិនបើកលម្ហប្រជាធិបតេយ្យឱ្យបានពេញលេញ។

ដោយឡែក អ្នកនាំពាក្យរដ្ឋសភា ដែលមានសមាជិកនៃគណបក្សប្រជាជនកម្ពុជាលើសលប់របស់លោក ហ៊ុន សែន និងមានសមាជិកតែ៥រូប នៃគណបក្សហ្វ៊ុនស៊ីនប៉ិច កាលពីថ្ងៃទី២៩ វិច្ឆិកា បានសម្តែងការខកចិត្តខ្លាំងចំពោះការសម្រេចរបស់សភាអឺរ៉ុប។ អ្នកនាំពាក្យរដ្ឋសភាលើកឡើងថា ការសម្រេចនេះ គឺជាការយល់ច្រឡំ និងមានភាពលម្អៀងដោយផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង។ អ្នកនាំពាក្យបញ្ជាក់ថា៖«ការចោទប្រកាន់ដ៏អយុត្តិធម៌នេះ បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំគោលការណ៍ប្រជាធិបតេយ្យ»។

ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដោយចាត់ទុកថា ខ្លឹមសារនៃសេចក្តីសម្រេចនេះមានលក្ខណៈបុរេវិនិច្ឆ័យ មិនផ្អែកលើមូលដ្ឋានជាក់ស្តែង អាចបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។ សេចក្តីបំភ្លឺនៃស្ថាប័ននេះលើកឡើងថារដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈលើកកម្ពស់និងការពារសិទ្ធិមនុស្សយ៉ាងច្បាស់តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ដែលជាច្បាប់កំពូលរបស់កម្ពុជា។ ការចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ។

អ្នកនាំពាក្យបន្តថា ផ្អែកតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ មាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា១៩(៣) មាត្រា២០ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ សុទ្ធតែបានចែងយ៉ាងច្បាស់ថាការប្រើប្រាស់សិទ្ធិសេរីភាពទាំងអស់ត្រូវតែភ្ជាប់មកជាមួយនូវករណីយកិច្ចនិងការទទួលខុសត្រូវពិសេស ពោលគឺត្រូវស្ថិតក្នុងព្រំដែនដែលច្បាប់បានកំណត់។

សេចក្តីបំភ្លឺបញ្ជាក់ថា៖«ការអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចទម្លាក់បទចោទ ឬដោះលែងបុគ្គល សកម្មជន ឬក្រុមណាមួយ មិនបានចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទៅនោះទេ»៕

Leave A Reply

Your email address will not be published.