Hot News Always

BREAKING NEWS

អ្នកនាំពាក្យបក្សកាន់អំណាច ចាត់ទុកសារគំរាមបែកធ្លាយរបស់លោក ហ៊ុន សែន ថា អាចជាការច្នៃប្រឌិតរបស់ក្រុមប្រឆាំង តាមរយៈបច្ចេកវិទ្យាទំនើបដែលកំពុងរីកចម្រើន

0 7

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បង្ហាញការសង្ស័យទៅលើសារសំឡេងគំរាមរបស់ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលបានបែកធ្លាយប៉ុន្មានថ្ងៃមុននេះថា មិនមែនជាការពិត។ លោកចាត់ទុកសំឡេងរបស់លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរ រដ្ឋាភិបាលតាមចាប់សកម្មជនបក្សប្រឆាំងនៅប្រទេសថៃនោះ ថា អាចជាការច្នៃប្រឌិតរបស់ក្រុមប្រឆាំង។

លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភា ផងនោះ បានប្រាប់ The Cambodia Now News(CNN) នៅថ្ងៃទី២៦ ខែកញ្ញា ថា៖«ជាការយល់ឃើញរបស់ខ្ញុំផ្ទាល់ គឺថា គោលនយោបាយរបស់គណបក្សប្រជាជន អត់មានករណីហ្នឹងកើតឡើងទេ។ ខ្ញុំយល់ថា វាអត់មានករណីហ្នឹងកើតឡើងចេញពីសម្តេចតេជោទេ ហើយខ្ញុំមានការសង្ស័យថា ក្នុងលក្ខណៈបច្ចុប្បន្ន មានបច្ចេកវិទ្យាទំនើប គេអាចធ្វើជាសំឡេងរបស់សម្តេចបាន ឬសំឡេងរបស់អ្នកដទៃបាន»។

មន្ត្រីជាន់ខ្ពស់រូបនេះបន្ថែមថា ពាក់ព័ន្ធនឹងការបញ្ជាឱ្យចាប់ខ្លួនសកម្មជន ដែលធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសថៃ ករណីនេះជាសមត្ថកិច្ចរបស់ថៃ មិនមែនជាសមត្ថកិច្ចរបស់កម្ពុជាទេ។

លោក សុខ ឥសាន ថ្លែងថា៖«ហើយដោយសារយើងមានកិច្ចព្រមព្រៀង ថៃមិនអនុញ្ញាតឱ្យអ្នកប្រឆាំងខ្មែរទៅធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលខ្មែរនៅលើទឹកដីថៃទេ កាលណាមានករណីហ្នឹង គេចាប់បញ្ជូនមកឱ្យខ្មែរវិញហើយ។ ដោយឡែក ខ្មែរកាលណាតែមានសកម្មជនថៃមកធ្វើសកម្មភាពលើទឹកដីខ្មែរប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ សមត្ថកិច្ចខ្មែរ ក៏ចាប់បញ្ជូនទៅថៃវិញដែរ។ អាហ្នឹង ជាកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល កម្ពុជា និងថៃ»។

លោកឥសានបញ្ជាក់ថា៖«សំឡេង ដែលបែកធ្លាយនេះ ខ្ញុំយល់ថា ជាការប្រឌិតរបស់ក្រុម[ជ្រុលនិយម]មួយចំនួន ដែលស្ថិតក្នុងក្រុមប្រឆាំងហ្នឹងហើយ ព្រោះឥឡូវបច្ចេកវិទ្យាទំនើប គេអាចធ្វើបានតើ»។

ប៉ុន្មានថ្ងៃកន្លងទៅនេះ សារសំឡេងរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក។ តាមរយៈសារសំឡេងបែកធ្លាយនោះ គឺលោក ហ៊ុន សែន បានបញ្ជាឱ្យ កម្លាំងអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលធ្វើការជាមួយនគរបាលថៃ តាមចាប់សកម្មជនប្រឆាំងម្នាក់ ឈ្មោះ ផន ផាន់ណា ឬផន បញ្ញា រហូតដល់ប្រទេសថៃ ទោះបីបុគ្គលនោះ ស្លាប់ ឬរស់ ត្រូវចាប់ឱ្យបាន មិនឱ្យរួចខ្លួនទេ ទោះក្នុងតម្លៃណាក៏ដោយ។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្ស លីកាដូ ថ្លែងនៅថ្ងៃទី២៧ កញ្ញា ថា ក្នុងនាមអង្គការសង្គមស៊ីវិល មិនមានជំនាញកំណត់ថា សារសំឡេងនោះយ៉ាងណាទេ ប៉ុន្តែលោកថា៖«អ្វី ដែលអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សយើងធ្វើ គឺគ្រាន់តែថា ធ្វើម៉េច យើងគោរពទៅតាមគោលការណ៍នៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

អ្នកកាសែតជើងចាស់ម្នាក់ ដែលធ្លាប់បម្រើការឱ្យស្ថាប័នសារព័ត៌អន្តរជាតិឯករាជ្យមួយ ក៏បានលើកឡើងដែរថា លោកមិនជឿថា សារសំឡេងនោះជាសំឡេងរបស់លោក ហ៊ុន សែន ទេ។ លោកថា សារសំឡេងនោះ អាចត្រូវបានគេច្នៃប្រឌិតឡើង ដោយបច្ចេកវិទ្យាទំនើប AI (Artificial Intelligence)៕

Leave A Reply

Your email address will not be published.