Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានបក្សហ៊្វុនស៊ិនប៉ិច និងថ្នាក់ដឹកនាំ ៣រូបទៀត ជាសមាជិករដ្ឋសភា និងព្រឹទ្ធសភាផង រងបណ្តឹងពីមន្ត្រី២រូបរបស់បក្ស ពីបទឆបោក និងរំលោភលើទំនុកចិត្ត

0

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងថ្នាក់ដឹកនាំបក្ស ចំនួន ៣រូបទៀត មានលោក អាំង សំបូរ អគ្គលេខាធិការបក្ស និងជាតំណាងរាស្ត្រ លោក ញឿន រ៉ាដែន អ្នកនាំពាក្យបក្ស និងជាតំណាងរាស្ត្រ ព្រមទាំង លោក ហេង ហាលីម សមាជិកព្រឹទ្ធសភា ទទួលរងបណ្តឹងពីមន្ត្រីជាន់ខ្ពស់របស់គណបក្ស ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត។

ពាក្យបណ្តឹងប្តឹងចូលទៅដល់សាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានដើមបណ្តឹង ចំនួន២រូប គឺលោក កែវ ម៉ុន អាយុ៧២ឆ្នាំ និងលោក សេន ថុល អាយុ៧២ឆ្នាំ ដែល The Cambodia Now News(CNN) ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា បញ្ជាក់ថា កាលពីឆ្នាំ២០២១ ឈ្មោះ នរោត្តម ចក្រាវុធ ឈ្មោះ អាំង សំបូរ ឈ្មោះ ហេង ហាលីម(ហេង ហាក់លីម) និងឈ្មោះ ញឿន រ៉ាដែន បានរួមគ្នាធ្វើសកម្មភាពឆបោក និងរំលោភលើទំនុកចិត្តមកលើលោក កែវ ម៉ុន និងលោក សេន ថុល ដោយឱ្យមន្ត្រីទាំង២រូប គាំទ្រនិងជួយជ្រោមជ្រែងថ្នាក់ដឹកនាំទាំង៤រូប បានក្លាយជាជនបន្តវេនដឹកនាំគណបក្ស។

មន្ត្រីទាំង២រូប បានអះអាងក្នុងពាក្យបណ្តឹងថា៖«យើងខ្ញុំត្រូវចំណាយទ្រព្យធន មធ្យោបាយ សម្ភារ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រហូតទទួលបានការគាំទ្រពីប្រជាពលរដ្ឋ រហូតក្លាយខ្លួនទៅជាសមាជិកសភា តំណាងរាស្ត្រ នីតិកាលទី៧ នៅមណ្ឌលរាជធានីភ្នំពេញ មណ្ឌលកំពង់ចាម មណ្ឌលព្រៃវែង និងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មកដល់សព្វថ្ងៃនេះ»។

បើតាមពាក្យបណ្តឹង មន្ត្រីទាំង២រូប គឺលោក កែវ ម៉ុន និងលោក សេន ថុល តាមរយៈកូតារបស់គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានតំណែង ឬតួនាទីជាទីប្រឹក្សានៃរដ្ឋសភានីតិកាលទី៧ តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ប៉ុន្តែនាពេលថ្មីៗនេះ ឈ្មោះនរោត្តម ចក្រាវុធ ឈ្មោះ អាំង សំបូរ ឈ្មោះ ហេង ហាលីម និងឈ្មោះ ញឿន រ៉ាដែន បានរួមគ្នារៀបចំឯកសារទុច្ចរិតបញ្ចប់មុខតំណែងពួកគាត់ទាំង២ ពីទីប្រឹក្សារដ្ឋសភា តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយគ្មានមូលហេតុត្រឹមត្រូវ និងបញ្ជាក់ឱ្យបានច្បាស់លាស់ នូវអ្វី ដែលនាំឱ្យបញ្ចប់មុខតំណែងពីទីប្រឹក្សារដ្ឋសភា។

ដើមបណ្តឹងទាំង២រូប បានបញ្ជាក់ថា៖«ដូច្នេះ បានធ្វើឱ្យយើងខ្ញុំមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានខិតខំចំណាយទ្រព្យធន មធ្យោបាយ សម្ភារ ពេលវេលា កម្លាំងកាយចិត្ត និងធ្វើឱ្យប៉ះពាល់ អាប់ឱនកិត្តិយស សេចក្តីថ្ងៃថ្នូរយ៉ាងធ្ងន់ធ្ងរមកលើយើងខ្ញុំ»។

ដើមបណ្តឹងបានបន្តថា៖«ក្នុងរឿងនេះយើងខ្ញុំសុំប្តឹងនូវទង្វើរបស់ជនសង្ស័យទាំងបួនរូប នូវការខូចខាតជាទឹកប្រាក់មកខ្ញុំបាទ ឈ្មោះ កែវ ម៉ុន ចំនួន $២២ ២០០ និងការខូចខាតមកខ្ញុំបាទ ឈ្មោះ សេន ថុល ចំនួន $១៩ ៨០០ និងសងជំងឺចិត្តក្នុងម្នាក់ៗចំនួន $៥ ០០០។ ជាមួយគ្នានេះ ក្នុងនាមយើងខ្ញុំជាជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី យើងខ្ញុំសូមស្នើសុំ ឯកឧត្តម ព្រះរាជអាជ្ញា មេត្តាប្តឹងជនសង្ស័យខាងលើនេះទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមច្បាប់កំណត់»។

នៅពេល The Cambodia Now News (CNN) ទាក់ទងលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាតំណាងរាស្ត្រ នៅថ្ងៃទី២២ ខែកញ្ញា ដើម្បីសុំការបកស្រាយបំភ្លឺ លោកមិនឆ្លើយទេ ដោយថា ច្រឡំហើយ ខណៈលោក ហេង ហាលីម ដែលជាសមាជិកព្រឹទ្ធសភា ប្រាប់ថា លោកជាប់រវល់។ រីឯ លោក អាំង សំបូរ អគ្គលេខាធិការបក្ស និងជាតំណាងរាស្ត្រ មិនឆ្លើយតបតាមរយៈសារអេឡិចត្រូនិកទេ នៅពេលទាក់ទង នាថ្ងៃទី២២ កញ្ញា ដែរនោះ។

ពាក់ព័ន្ធនឹងការដកតំណែងទីប្រឹក្សារដ្ឋសភាពីមន្ត្រីទាំង២រូបនេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ និងជាអគ្គលេខាធិការ នៃរដ្ឋសភា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ រហូតមកដល់ម៉ោងផ្សាយថ្ងៃទី២៣ កញ្ញា នេះ៕

Leave A Reply

Your email address will not be published.