លោកហ៊ុន សែន សម្រេចបញ្ចប់គម្រោងអភិវឌ្ឍន៍ CLV ជាមួយឡាវ និងវៀតណាម ដោយថា ជាការគិតពីកង្វល់រឿងទឹកដីរបស់ពលរដ្ឋ និងដកអាវុធពីពួកជ្រុលនិយម
ប្រធានរដ្ឋសភា លោក ហ៊ុន សែន នាយប់ថ្ងៃទី២០ កញ្ញា បានប្រកាសសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការលើតំបន់ត្រីក្រោណគអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV ហើយ ដោយលោកថា ការសម្រេចនេះជាការគិតពីក្តីកង្វល់របស់ប្រជាពលរដ្ឋរឿងបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាសប្រជាពលរដ្ឋកម្ពុជាទៀត។
លោក ហ៊ុន សែន ដែលក៏ជាប្រធាគណបក្សប្រជាជនកម្ពុជាផងនោះ បានបញ្ជាក់ថា៖«ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថា្នក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចហើយ»។
រឿង CLV នេះ គឺជារឿងដ៏ចម្រូងចម្រាស រវាងខ្មែរ និងខ្មែរ រយៈពេលជាច្រើនខែកន្លងទៅនេះ។ ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋភាគច្រើនបានប្រឆាំងនឹងរដ្ឋាបាល ដែលបានសម្រេចធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ដែលមានខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ រឿងចម្រូងចម្រាសនេះធ្វើឱ្យមានការចាប់មនុស្សមួយចំនួនផងដែរ៕