តុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ ក្រោយពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ករណីចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរ
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World)ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញហើយ នៅថ្ងៃទី១៦ ខែកញ្ញានេះ ក្រោយពីតុលាការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងន់ដល់សន្តិសុខសង្គម ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររយៈពេល២ឆ្នាំកន្លងទៅនោះ។
បើតាមលិខិតដោះលែងរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៦ ខែកញ្ញា គឺការដោះលែងកញ្ញា ឈឹម ស៊ីថរ អនុវត្តតាមដីកាបង្គាប់ឱ្យដោះលែងចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ កញ្ញា ឈឹម ស៊ីថរ កើតនៅឆ្នាំ១៩៨៧ និងត្រូវបានចាប់ខ្លួន ឬឃុំខ្លួននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដោយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ។
កញ្ញា ឈឹម ស៊ីថរ ជាមេដឹកនាំសហជីព ដែលចេញមុខតវ៉ាយ៉ាងសកម្មប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៍ នាពេលកន្លងទៅ ដើម្បីរកយុត្តិធម៌ជូនបុគ្គលិកកម្មករខ្មែរ៕