អ្នកវិភាគថា អាមេរិក អាចដាក់ទណ្ឌកម្មលើមន្ត្រីធំៗរបស់កម្ពុជាបន្ថែមទៀត បន្ទាប់ពីឧកញ៉ា លី យ៉ុងផាត់ បើថ្នាក់ដឹកនាំកម្ពុជាព្រងើយកន្តើយក្នុងការបើករំហូរប្រជាធិបតេយ្យ
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងនៅថ្ងៃទី១៣ កញ្ញាថា ការដាក់ទណ្ឌកម្មលើឧកញ៉ា លី យ៉ុងផាត់ គឺដោយសារពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ ហើយនៅពេលសហគមន៍អន្តរជាតិស្នើឱ្យកម្ពុជាប្តូរឥរិយាបថបើករំហូរលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស គឺរដ្ឋាភិបាល ហាក់ដូចមិនចាប់អារម្មណ៍។ ការណ៍នេះ អាមេរិកអាចនឹងដាក់ទណ្ឌកម្មលើមន្ត្រីធំៗថែមទៀត។
ការដាក់ទណ្ឌកម្មនេះ លោកសុជាតិ ថ្លែងថា វាធ្វើឱ្យបញ្ហាតូចក្លាយទៅជាបញ្ហាធំ ហើយទោះបីសហគមន៍អន្តរជាតិមិនធ្វើទុក្ខបុកម្នេញលើរដ្ឋាភិបាលកម្ពុជា ប៉ុន្តែធ្វើទៅលើបុគ្គលអ្នកមានទ្រព្យសម្បត្តិរបស់កម្ពុជា។
លោក សេក សុជាតិ បញ្ជាក់ថា៖«ដូច្នេះ វាធ្វើឱ្យប៉ះពាល់ទៅដល់ផ្នែកសេដ្ឋកិច្ច។ អ៊ីចឹងកាលណាគំនាបផ្នែកសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិទៅលើកម្ពុជា វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរមែនទែនទៅដល់រូបភាពប្រទេសកម្ពុជាទាំងមូល ជាពិសេសគឺទំនួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងស្ថានភាពដ៏លំបាកបែបនេះ»។
លោកសុជាតិ ថ្លែងថា ដោយសារតែការមិនទទួលយកនូវការស្នើសុំពីសហគមន៍អន្តរជាតិនេះ ហើយវាពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ ជាពិសេស លោកលី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា និងជាបុគ្គលដ៏សំខាន់ក្នុងគណបក្សកាន់អំណាច ដូច្នេះវាធ្វើឱ្យបញ្ហានេះ ក្លាយទៅជាបញ្ហាមួយ ដែលការដាក់ទណ្ឌកម្មលើបុគ្គលរូបនេះ វាជះឥទ្ធិពលលើរដ្ឋាភិបាល និងគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា៖«ដូច្នេះ តាមពិតទៅអ្វីៗ គឺអាចមានដំណោះស្រាយ ក៏ប៉ុន្តែរឿងថា ដោះស្រាយបានដោយវិធីណា គឺអាស្រ័យលើឆន្ទៈ និងការសម្រុះសម្រួលផ្នែកនយោបាយកម្ពុជា។ តើកម្ពុជា អាចថយមួយជំហាន និងធ្វើឱ្យមានរំហូរប្រជាធិបតេយ្យឡើងវិញ ដើម្បីដោះស្រាយបញ្ហាហ្នឹងជារួម ឬយ៉ាងណា»?
លោកសុជាតិ ថ្លែងថា៖«ខ្ញុំមើលក្នុងរូបភាពនេះ បើសិនជាគណបក្សកាន់អំណាច ក៏ដូចជា រដ្ឋាភិបាលនៅតែបន្តរឹតត្បិតសេរីភាពអ្នកនៅក្រៅរដ្ឋាភិបាល អ៊ីចឹងខ្ញុំជឿងថា បើសិនជាមិនមានអ្វីប្រែប្រួលដូចការស្នើសុំទេ វានឹងអាចមានការដាក់ទណ្ឌកម្មទៅលើបុគ្គលសំខាន់ៗផ្សេងៗទៀត»។
ព្រឹទ្ធសភា និងក្រសួងការបរទេសនៃរដ្ឋាភិបាលកម្ពុជា រួមនឹងគណកប្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ កញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកជារឿងដ៏អយុត្តិធម៌ ហើយមានចេតនានយោបាយ ដែលសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤។
វិធានការដែលត្រូវបានធ្វើឡើង ដោយផ្អែកលើរបាយការណ៍ ដែលមិនមានមូលដ្ឋានច្បាស់លាស់ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោតាមអនឡាញនេះមានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ ដោយលោក ឡយ ជេ អូស្ទីន(Lioyd J. Austin III) រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា កន្លងទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។
ក្រសួងការបទេស លើកឡើងថា តួនាទីរបស់លោក លី យ៉ុងផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន L.Y.P Group ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ បានផ្តល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។
ក្រសួងការបរទេសបញ្ជាក់ថា៖«ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើជាមូលដ្ឋាននៃសកម្មភាពទាំងនោះពិតជាគួរឱ្យសោកស្តាយនិងនាំឱ្យមានការយល់ខុស។ របាយការណ៍នេះមិនបានផ្តល់នូវរូបភាព ដែលមានតុល្យភាព និងសុក្រឹតអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាលើការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ»៕