k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

មន្ត្រីសង្គមស៊ីវិលថា អាមេរិកដាក់ទណ្ឌកម្មលើមហាសេដ្ឋីស្រុកខ្មែរ ដោយសារមានការរំលោភសិទ្ធិមនុស្ស ខណៈភាគីបក្សកាន់អំណាច ចាត់ទុកជារឿងអយុត្តិធម៌ និងគ្មានមូលដ្ឋានច្បាស់លាស់ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មន្ត្រីសង្គមស៊ីវិលថា អាមេរិកដាក់ទណ្ឌកម្មលើមហាសេដ្ឋីស្រុកខ្មែរ ដោយសារមានការរំលោភសិទ្ធិមនុស្ស ខណៈភាគីបក្សកាន់អំណាច ចាត់ទុកជារឿងអយុត្តិធម៌ និងគ្មានមូលដ្ឋានច្បាស់លាស់

0

ក្រុមមន្ត្រីសង្គមស៊ីវិល លើកឡើងថា សហរដ្ឋអាមេរិក ដែលសម្រេចដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិរបស់ឧកញ៉ាល្បីឈ្មោះ លី យ៉ុងផាត់ គឺដោយសារតែកម្ពុជា មិនព្រមបើករំហូរប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពពេញលេញដល់ក្រុមដែលមាននិន្នាការផ្ទុយ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ចាត់ទុកទណ្ឌកម្មនេះ ជារឿងអយុត្តិធម៌ និងគ្មានមូលដ្ឋានច្បាស់លាស់។

នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងនៅថ្ងៃទី១៤ ខែកញ្ញា ថា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីធំៗ ឬមហាសេដ្ឋីស្រុកខ្មែរ គឺមិនមែនជាលើកទី១ទេ ហើយថាទណ្ឌកម្មរបស់អាមេរិកមកលើបុគ្គលមួយចំនួនដែលមានឋានៈខ្ពង់ខ្ពស់នោះមិនមែនសម្រាប់តែកម្ពុជាទេ គឺទណ្ឌកម្មសម្រាប់ប្រទេសលើពិភពលោក ដោយសារមេដឹកនាំមិនអនុវត្តច្បាប់ទៅតាមគន្លងប្រជាធិបតេយ្យ ក៏ដូចជាការគោរពសិទ្ធិមនុស្ស និងការផ្តល់សេរីភាពមិនពេញលេញដល់អ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។

លោក អំ សំអាត បញ្ជាក់ថា៖«ជាធម្មតានៅពេលមានទណ្ឌកម្មអ៊ីចឹង វាចៀសមិនផុតទេពីផលប៉ះពាល់ទាក់ទងនឹងមុខជំនួញពាណិជ្ជកម្មនៅខាងក្រៅប្រទេស នៅអឺរ៉ុបក្តី នៅអាមេរិកក្តី និងបណ្តាប្រទេសផ្សេងៗក្តីហ្នឹង វាតែងតែមានការប៉ះពាល់»។

លោកសំអាតថ្លែងថា៖«ច្បាប់របស់សហរដ្ឋអាមេរិកនេះ គឺការដាក់ទណ្ឌកម្មហ្នឹងទៅលើបុគ្គលល្បីៗ បុគ្លលដែលមានអំណាចនៅក្នុងពិភពលោក ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស បញ្ហាជួញដូរមនុស្ស ការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់បញ្ហាសិទ្ធិមនុស្ស ប៉ះពាល់ទៅដល់លទ្ធិប្រជាធិបតេយ្យអីជាដើម។ អាហ្នឹងបុគ្គលនៅក្នុងប្រទេសមួយចំនួនក៏រងនូវទណ្ឌកម្មនេះផងដែរ»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងថា ការដាក់ទណ្ឌកម្មបែបនេះមកលើមន្ត្រីធំៗ ឬមហាសេដ្ឋីស្រុកខ្មែរ វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា។ ទោះជាយ៉ាងណា លោកសម្តែងនូវក្តីសង្ឃឹមថា រឿងរ៉ាវនេះ នឹងអាចសម្របសម្រួលបានក្នុងទិដ្ឋភាពជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណា កុំឱ្យប្រជាពលរដ្ឋខ្មែររងគ្រោះ ដោយសារតែការរឹតត្បិតទៅលើទិដ្ឋភាពផ្សេងៗដែលពាក់ព័ន្ធនឹងរឿងនយោបាយ។

លោកសុជាតិ ថ្លែងថា៖«បើសិនជាគណបក្សកាន់អំណាច ក៏ដូចជារដ្ឋាភិលបាលនៅតែបន្តរឹតត្បិតសេរីភាពអ្នកដែលមាននិន្នាការខុសពីរដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាច ខ្ញុំជឿថា វានឹងអាចមានការដាក់ទណ្ឌកម្មទៅលើបុគ្គលសំខាន់ៗផ្សេងៗទៀត»។

លោកសុជាតិ បញ្ជាក់ថា៖«ដូច្នេះទិដ្ឋភាពទាំងអស់នេះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរមែនទែន។ បើសិនជាយើងអាចដោះស្រាយបាន ដោយសន្តិវិធី គឺជាដំណោះស្រាយមួយដ៏ល្អ ហើយចាត់ទុកថា វាគឺជាទិដ្ឋភាពមួយ ដែលគ្រប់ភាគីពាក់ព័ន្ធធ្វើដើម្បីផលប្រយោជន៍រួមរបស់សង្គម និងប្រទេសជាតិ។ យើងមិនចង់ឃើញខ្មែរណាម្នាក់ត្រូវទទួលរងការរឹតត្បិត ដោយសារតែសហគមន៍អន្តរជាតិនោះទេ»។

ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច សម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម កាលពីថ្ងៃទី១២ ខែកញ្ញា លើឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាមនុស្សសំខាន់របស់ខ្លួន ដោយចាត់ទុកការដាក់ទណ្ឌកម្មនេះ ជារឿងអយុត្តិធម៌បំផុត។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា លើកឡើងថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងអយុត្តិធម៌ ពីបទពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យាផ្សេងៗនោះ គឺមានលក្ខណៈនយោបាយ ដោយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកែលម្អទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ គឺជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលជាប្រទេសឯករាជ្យមួយ ដែលពុំស្ថិតក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«ការដាក់ទណ្ឌកម្មនេះគឺជាការរំលោភសិទ្ធិមនុស្សនិងរំលោភលើបុគ្គលភាព ប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម លី យ៉ុងផាត់ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា»។

សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖«គណបក្សប្រជាជនកម្ពុជា ច្រានចោលយ៉ាងដាច់ខាតនូវសេចក្តីសម្រេចរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលទង្វើនេះបំពានដល់ការគោរពនូវគោលការណ៍នៃទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋ ដែលផ្អែកលើច្បាប់អន្តរជាតិ ពិសេសការគោរពអធិបតេយ្យភាព ឯករាជ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។ គណបក្សប្រជាជនកម្ពុជា ស្នើដ៏ទទូចឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌នេះ ហើយលុបចោលការដាក់ទណ្ឌកម្មលើឯកឧត្តម លី យ៉ុងផាត់ និងទ្រព្យសម្បត្តិធ្វើអាជីវកម្មទាំងអស់របស់ឯកឧត្តម»។

សហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា។ ការបង្កកទៅលើទ្រព្យសម្បត្តិនោះ រួមមាន ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋានអូរស្មាច់, សណ្ឋាគារហ្គាឌិនស៊ីធី, រមណីយដ្ឋាកោះកុង និងសណ្ឋាគារភ្នំពេញ។ ការដាក់ទណ្ឌកម្មនេះ គឺដោយសារ លោក លី យ៉ុងផាត់ និងអាជីវកម្មរបស់លោកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ក្នុងជំនួញឆបោកតាមអនឡាញ៕

Leave A Reply

Your email address will not be published.