Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

លោក ហ៊ុន សែន ថា កម្ពុជា កំពុងពិចារណាបង្កើតច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការខ្លះទៅជាក្រុមភេរវកម្ម តែអ្នកនយោបាយ និងមន្ត្រីសិទ្ធិមនុស្សថា ច្បាប់មានច្រើនហើយគួរប្រើសិនទៅ

0

ដោយទំនងសំដៅលើអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដែលតែងរិះគន់ពីសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ប្រធានគណបក្សនេះ និងជាប្រធានព្រឹទ្ធសភា ថ្លែងថា កម្ពុជា កំពុងពិចារណាធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវកម្ម ដើម្បីទប់ស្កាត់អ្នកប៉ុនប៉ងបំផ្លាញសន្តិភាព ដែលលោកហៅថា ក្រុមជ្រុលនិយម។

ប៉ុន្តែអ្នកនយោបាយនៃបក្សក្រៅរដ្ឋាភិបាល និងមន្ត្រីសិទ្ធិមនុស្ស បានថ្លែងថា កម្ពុជា មានច្បាប់ច្រើនគ្រប់គ្រាន់ហើយ ដូចជា ក្រមព្រហ្មទណ្ឌ ច្បាប់ប្រឆាំងភេរវកម្ម ច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ ច្បាប់ប្រឆាំងនឹងបទឧក្រិដ្ឋផ្សេងៗ ដែលកម្ពុជា អាចអនុវត្តប្រឆាំងនឹងបទល្មើស ដូច្នេះ ត្រូវអនុវត្តច្បាប់ទាំងអស់នេះឱ្យបានត្រឹមត្រូវសិនទៅ។

ថ្លែងក្នុងពិធីដែលលោកទទួលសញ្ញាបត្របណ្ឌិតកិត្តិយស«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»នៅសាកលវិទ្យាល័យដុងហុកវ៉ាយស៍ នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា លោក ហ៊ុន សែន បញ្ជាក់ថា វាមិនមែនជារឿងចម្លែកទេ ដែលកម្ពុជាត្រូវនិយាយពីសន្តិភាព ការការពារសន្តិភាព។ បើប្រទេសនានា មិនគិតគូរពីសន្តិភាព តើប្រទេសនោះចាំបាច់កសាងកម្លាំងយោធា ធ្វើទំនើបកម្មនៃកម្លាំងយោធាធ្វើអ្វី។ ពិភពលោកកំពុងបង្កើនការរត់ប្រណាំងសព្វាវុធ បង្កើនការចំណាយយោធាកាន់តែធំ។ ដូច្នេះពួកគេមិនគួរមកបំភ្លេចអំពីរឿងសន្តិភាពរបស់កម្ពុជាទេ។

លោក ហ៊ុន សែន ថ្លែងថា៖«ក្រុមជ្រុលនិយមលើកឡើងពីរឿងនេះ ហើយខ្ញុំគួរតែត្រូវបាននិយាយនៅទីនេះថា ប្រហែលជាកម្ពុជា មានការចាំបាច់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងខ្លះទៅជាក្រុមភេរវកម្មនៅពេលខាងមុខ។ យើងកំពុងតែពិចារណាទៅលើបញ្ហានេះ ព្រោះថា អ្នកប៉ុនប៉ងបំផ្លាញនូវសន្តិភាពរបស់យើង ក៏នៅតែមាននៅឡើយ»។

អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖«ដូច្នេះ ដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឱ្យបានហ្មត់ចត់។ [រយៈពេល២៦ឆ្នាំ] យើងមានសន្តិភាព វាខ្លីណាស់ ប៉ុន្តែវាក៏វែងណាស់ បើប្រៀបធៀបទៅនឹងសន្តិភាព ដែលយើងធ្លាប់មានក្នុងអតីតកាល។ យើងមាន[សន្តិភាព]២៦ឆ្នាំ យើងមិនត្រូវការត្រឹម២៦ឆ្នាំទេ យើងត្រូវការសន្តិភាពជារៀងរហូត»។

ប៉ុន្តែ ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី១២ ខែកញ្ញា ថា កម្ពុជា អាចមានច្បាប់គ្រប់គ្រាន់ហើយ ដើម្បីអនុវត្តប្រឆាំងនឹងភេរវកម្ម ឬក៏បទល្មើសផ្សេងៗ ដែលកើតមានឡើង។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា៖«ដូច្នេះ ខ្ញុំគិតថា មិនចាំបាច់បង្កើតច្បាប់ថ្មី ដើម្បីដាក់ក្រុមនេះ ក្រុមនោះចូលទៅក្នុងក្របខ័ណ្ឌ ឬក្នុងលក្ខណៈជាភេរវករអីជាដើម។ បើសិនជាមានច្បាប់បែបហ្នឹងមែន ខ្ញុំគិតថា វាធ្វើឱ្យសេរីភាព របស់អ្នកដែលនៅក្រៅរដ្ឋាភិបាលហ្នឹង កាន់តែ រួមតូចទៅៗ ហើយពិបាកនឹងធ្វើការបញ្ចេញមតិ ធ្វើសកម្មភាពនយោបាយ ឬក៏សកម្មភាពសង្គមផ្សេងៗហ្នឹងកាន់តែពិបាក»។

នាយកប្រតិបត្តិ នៃអង្គការការពារសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ថ្លែងថា៖«កន្លងមកច្បាប់យើងមានច្រើនហើយ ដែលទាក់ទងជាមួយនឹងការទប់ស្កាត់រាល់ឧក្រិដ្ឋកម្ម ភេរវកម្ម វិទ្ធង្សនាអីផ្សេងៗ»៕

Leave A Reply

Your email address will not be published.