Hot News Always

BREAKING NEWS

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលព្រមានថា ក្រុមប្រឆាំងគ្មានទីតាំងឈរជើងលើទឹកដីកម្ពុជាទៀតទេ ហើយថាការិះគន់រឿងបាត់ដីទៅវៀតណាម គឺជាការកុហកបោកប្រាស់ពលរដ្ឋ

0 3

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នាយប់ថ្ងៃទី១១ កញ្ញា បានប្រតិកម្ម និងព្រមានក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសថា ពួកគេនឹងមិនមានទីតាំងដើម្បីឈរជើងនៅលើទឹកដីនៃប្រទេសកម្ពុជាទៀតទេ ហើយថា ការរិះគន់របស់ក្រុមប្រឆាំងរឿងបាត់ដីតាមព្រំដែនទៅខាងវៀតណាម គឺជារឿងបំផ្លើសកុហកបោកប្រាស់ពលរដ្ឋ។

ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក អ៊ុ សំអាន អតីតតំណាងរាស្ត្រ ថ្មីៗនេះ បានរិះគន់ ដោយបញ្ចេញឯកសារបន្តបន្ទាប់ ដែលនិយាយថា ដីកម្ពុជា នៅតាមព្រំដែន បានបាត់ទៅខាងវៀតណាម តាមរយៈការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ។

លោក ប៉ែន បូណា ថ្លែងថា ក្រុមប្រឆាំងជ្រុលនិយមនេះ បានយកវីដេអូចាស់ៗកាលពី១០ ទៅ១៥ឆ្នាំមុន មកបង្ហោះបំផ្លើសបំភ្លៃឱ្យប្រជាពលរដ្ឋមួយចំនួនអាចយល់ច្រឡំ។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើកិច្ចការគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិឱ្យបាន និងបើកចំហឱ្យប្រជាពលរដ្ឋទៅមើលព្រំដែន។ លោកថា ការផ្សាយរបស់អ្នកនយោបាយប្រឆាំងបែបនេះជាការបន្តកេរដំណែលមនោគមន៍វិជ្ជាជ្រុលនិយមពីប៉ុលពត ដែលបំផ្លិចបំផ្លាញប្រទេសជាតិ និងបំបែកបំបាក់ឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

លោកបានបញ្ជាក់ថា៖«ពួកគេកំពុងតែបកអាក្រាតមុខមាត់ ដោយខ្លួនឯងទេ។ និយាយកុហកកាន់តែច្រើន ប្រជាពលរដ្ឋកាន់តែអស់ជំនឿ។ ឥឡូវនេះ ឃើញស្រាប់ហើយ នៅពេលដែលគេនិយាយថា បាត់ដីកន្លែងណា ប្រជាពលរដ្ឋ និងអាជ្ញាធរនៅកន្លែងនោះ បានទៅដល់ទីតាំងតែម្តង ដើម្បីបង្ហាញជូនប្រជាពលរដ្ឋឃើញថា អត់មានបាត់ដីទេ»។

លោកបន្តថា ពួកទាំងនោះ គឺជាពួកជ្រុលនិយមនិយាយកុហកបោកប្រាស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យពួកគេកាន់តែបាត់បង់ការគាំទ្រតិចទៅៗ។ លោកក៏បានលើកឡើងថា ដោយសារការនិយាយកុហកបែបនេះ បានជាបាតុកម្ម មានគ្នា៥-៦នាក់ ដែលគួរតែចេះខ្មាសអៀនចំពោះបញ្ហានេះ។

លោក ប៉ែន ប៉ូណា ថ្លែងថា៖«ហើយពួកក្រុមជ្រុលនិយមទាំងអស់នេះ ខ្ញុំសូមបញ្ជាក់ពួកអ្នកគា្មនទីតាំងឈរជើងនៅលើទឹកដីកម្ពុជា តទៅទៀតទេ»។

ប៉ុន្មានថ្ងៃមកនេះ លោក សម រង្ស៊ី និងលោក អ៊ុ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង បានបង្ហោះពីការបាត់ដីខ្មែរទៅខាងវៀតណាម តាមរយៈការបោះបង្គោលព្រំដែន។ លោកអ៊ុ សំអាន ក៏បានបង្ហោះវីដេអូ និង រូបថតចាស់ៗពីសកម្មភាពលោក សម រង្ស៊ី ដែលចុះមើលព្រំដែន ជាមួយប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយបង្ហាញថា វៀតណាម បានបោះបង្គោលចូលដីខ្មែរ។ ប៉ុន្មានម៉ោងមុននេះ លោកសំអាន ក៏បានបង្ហោះរឿងដីខ្មែរប្រមាណ៥១គីឡូម៉ែត្រការ៉េ នៅតំបន់ដាក់ដាំ ដាក់ហ៊ូត ខេត្តមណ្ឌលគិរី ដោយលោកថា ត្រូវបានវៀតណាម កាន់កាប់ទាំងស្រុង។

លោក អ៊ុ សំអាន ក៏បានបង្ហាញពីបង្គោលព្រំដែនលេខ ១៤៦ ដែលត្រូវបានដក ដោយលោកអះអាងថា ជាបង្គោលព្រំដែនបោះឆ្នាំ១៩៨៧ សម័យវៀតណាមគ្រប់គ្រងកម្ពុជា ហើយថា រដ្ឋាភិបាលមិនត្រូវដកបង្គោលនេះទេត្រូវរក្សាវានៅកន្លែងដើម ដើម្បីឱ្យកូនខ្មែរបានដឹងថា បង្គោលនេះបានបោះចូលដីខ្មែរចម្ងាយប៉ុន្មាន ហើយបង្គោលថ្មី បោះចូលដីខ្មែរចម្ងាយប៉ុន្មាន ពីបង្គោលបោះឆ្នាំ១៩៨៧នោះ និងចម្ងាយប៉ុន្មានពីបង្គោលសម័យបារាំង៕

Leave A Reply

Your email address will not be published.