បណ្ឌិតល្បីឈ្មោះ យ៉ង សាំងកុមារ ដែលមានជំនាញកសិកម្ម និងកាន់តំណែងខ្ពស់ក្នុងរដ្ឋាភិបាល កំពុងរងការចោទប្រកាន់ករណីលក់គម្រោងដីចម្ការបោកប្រាស់ប្រជាពលរដ្ឋ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បណ្ឌិត យ៉ង សាំងកុមារ ដែលល្បីផ្នែកកសិកម្ម កំពុងទទួលរងការចោទប្រកាន់ពីករណីបោកប្រាស់ប្រជាពលរដ្ឋក្នុងរឿងលក់ដីគម្រោង ដែលមានឈ្មោះ«គម្រោងសម្បូរសប្បាយ»នៅខេត្តព្រះវិហារ។ ទោះបីមានការចោទប្រកាន់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះក្តី មិនទាន់ឃើញលោកយ៉ង សាំងកុមារ ចេញប្រតិកម្ម ឬបំភ្លឺទៅនឹងការចោទនេះនៅឡើយទេ។
បច្ចុប្បន្ន បណ្ឌិត យ៉ង សាំងកុមារ ជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ក្នុងតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកមានអតីតភាពជាមន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលប្រជែងនឹងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន មុនពេលលោកចុះចូលជាមួយគណបក្សនេះ ហើយទទួលបានតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម។
តាមរយៈ«គម្រោងសម្បូរសប្បាយ» របស់បណ្ឌិត យ៉ង សាំងកុមារ ការទិញដីពីគម្រោងនេះ គឺប្រជាពលរដ្ឋនឹងទទួលបានផលចំណេញ ដូចជា អ្នកទិញទទួលបានដើមទុន បានដំណាំ បានទាំងដី និងមានអ្នកថែទាំដាំដុះឱ្យជាប់ជានិច្ចផងដែរ។ ក្នុងគម្រោងនោះ ក្រៅពីចម្ការដំណាំស្រកានាគ ក៏មានការដាំបន្លែបន្ថែមជូនទៀត ហើយបើអ្នកទិញដីទំហំធំ ក៏មានការដាំខ្នុរ ទៀប ចេក ល្ហុង បន្ថែមឱ្យអតិថិជនផងដែរ។ នេះបើតាមការអះអាងរបស់លោក យ៉ង សាំងកុមារ ដែលត្រូវបានផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក រយៈពេល ៣¬-៤ថ្ងៃកន្លងទៅនេះ។ ទោះបីមានការអះអាងរបស់បណ្ឌិត យ៉ង សាំងកុមារ ថាមានផលចំណេញក៏ដោយ ប៉ុន្តែបណ្ឌិតរូបនេះត្រូវបានចោទប្រកាន់ថា បង្កើតគម្រោងលក់ដីបោកប្រាស់ប្រជាពលរដ្ឋ។
នៅពេល The Cambodia Now News (CNN) ទាក់ទង នាថ្ងៃទី១០ ខែកញ្ញា ដើម្បីសុំការបកស្រាយបំភ្លឺជុំវិញការចោទប្រកាន់នេះ លោក យ៉ង សាំងកុមារ មិនឆ្លើយតបទេ៕