មេធាវីរបស់លោក មាជ សុវណ្ណារ៉ា ប្រធានបក្សជំនាន់ថ្មី ស្នើសុំតុលាការលើកលែងបទចោទប្រកាន់កូនក្តី ខណៈមេបក្សរូនេះប្រកាសវិលចូលស្រុក ដើម្បីឆ្លើយបំភ្លឺការចោទ
លោកមេធាវី សឺន ជុំជួន ដែលការពារក្តីជូនប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានដាក់ពាក្យទៅសាលាដំបូងខេត្តរតនីគិរី នៅថ្ងៃទី១១ ខែកញ្ញា ដើម្បីស្នើសុំឱ្យមានការលើកលែងបទចោទប្រកាន់លើកូនក្តី ពីបទ«ញុះញង់ឱ្យមានការរើសអើង» ខណៈមេបក្សរូបនេះក៏បានអះអាងថា លោកនឹងវិលចូលស្រុកឆាប់ៗនេះ ដើម្បីឆ្លើយបំភ្លឺចំពោះការចោទប្រកាន់នេះ។
លិខិតស្នើសុំលើកលែងបទចោទ របស់លោកមេធាវីសឺន ជុំជួន ដាក់ជូនទៅប្រធានសាលាដំបូងខេត្តរតនគិរី បញ្ជាក់ថា ស្នើសុំលើកលែងបទចោទ ពីបទ«ញុះញង់ឱ្យមានការរើសអើង» ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៩១ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តរតនគិរី។ ក្នុងលិខិតនោះ មេធាវី សឺន ជុំជួន បានជម្រាបប្រធានតុលាការថា កន្លងទៅ មានវីដេអូឃ្លីបមួយ ដែលសកម្មជន នៃគណបក្សជំនាន់ថ្មី របស់លោក មាជ សុវណ្ណារ៉ា បានបង្ហោះពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយ កាលពីខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើង«ហេតុអ្វីក្រុមហ៊ុនចម្ការចេក ចម្ការកៅស៊ូ មានម្ចាស់ជាយួននៅលើទឹកដី ខេត្តរតនគិរី បែរជាគ្មានកម្មករខ្មែរ»។
លោក សឺន ជុំជួន បញ្ជាក់ថា៖«ស្របពេលនោះកូនក្តីខ្ញុំបាទ មិនមិនវត្តមាននៅក្នុងប្រទេសកម្ពុជានោះទេ ដោយកំពុងជាប់បំពេញបេសកកម្មនៅក្រៅប្រទេស និងក្រោយពេលទទួលបានព័ត៌មាននោះ កូនក្តីខ្ញុំបាទក៏បានធ្វើការបញ្ជាឱ្យខុទ្ទកាល័យនៃគណបក្សជំនាន់ថ្មីដកវីដេអូនោះចេញវិញភ្លាមៗ»។
លោកបានបន្តថា៖«ស្របពេលជាមួយគ្នានោះ ក៏មានការលេចឮព័ត៌មានថា មានដីកាតាមចាប់ខ្លួនកូនក្តីខ្ញុំបាទ ដោយឃ្លីបវីដេអូនោះបានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយកូនក្តីខ្ញុំមិនមានចេតនាឡើយ ហើយវីដេអូនោះក៏បានលុបចេញវិញភ្លាមៗផងដែរ»។
ជាមួយគ្នានេះ លោកមេធាវី ក៏បានបង្ហាញពីក្រមព្រហ្មទណ្ឌ ដោយផ្អែកតាមបញ្ញត្តិមាត្រា ៤ បានចែងថា ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត។ បញ្ញត្តិមាត្រា ៦៥២ នៃក្រមព្រហ្មទណ្ឌ ក៏បានចែងថា ត្រូវលើកលែងឱ្យរួចផុតពីទោស ប្រសិនបើបុគ្គលនោះ បានធ្វើឱ្យបទល្មើសនោះមិនបានសម្រេច។
មេធាវី សឺន ជុំជួន បានបញ្ជាក់ថា៖«អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ ក្នុងនាមជាមេធាវីការពារសិទ្ធិឱ្យកូនក្តី ខ្ញុំបាទស្នើសុំឯកឧត្តមប្រធាន មេត្តាពិចារណាតាមគតិច្បាប់ និងលើកលែងបទចោទចំពោះកូនក្តីខ្ញុំបាទដោយក្តីអនុគ្រោះ»។
នៅពេលទាក់ទងសួរអំពីដំណើររឿងនេះ មេធាវី សឺន ជុំជួន ប្រាប់ថា តាំងពីដាក់ពាក្យស្នើសុំលើកលែងបទចោទលើកូនក្តីលោក កាលពីសប្តាហ៍មុនមកនោះ មកដល់ថ្ងទី១៧ ខែកញ្ញានេះ លោកមិនទាន់ទទួលបានដំណឹងពីការសម្រេចយ៉ាងណារបស់តុលាការនៅឡើយទេ។ ក្នុងនាមជាមេធាវី លោកថា បានពន្យល់លោក មាជ សុវណ្ណារ៉ា ឱ្យចូលឆ្លើយបំភ្លឺតាមនីតិវិធីនៅចំពោះមុខតុលាការផងដែរ ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវ។
លោកមេធាវី សឺន ជុំជួន បានអះអាងថា៖«[សំណុំរឿងនេះ]ខ្វះតម្រុយ ឬធាតុផ្សំបទល្មើស [ដើម្បីចោទប្រកាន់កូនក្តីខ្ញុំ]»។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី១៧ ខែកញ្ញា ថា មេធាវីរបស់លោកបានធ្វើការងារលើសំណុំរឿងចោទប្រកាន់រូបលោកនេះជាមួយតុលាការរួចហើយ។ លោកថា ក្នុងនាមជាមនុស្ស ដែលមានភាពស្អាតស្អំ លោកនឹងវិលចូលស្រុកវិញ ដើម្បីឆ្លើយបំភ្លឺចំពោះការចោទប្រកាន់នេះ។
លោក មាជ សុវណ្ណារ៉ា ថ្លែងថា៖«ឥឡូវខ្ញុំមានមេធាវីធានាការពារ ដើម្បីខ្ញុំអាចចូលទៅស្រុកវិញ ហើយមើលទៅក៏មិនទាន់ឃើញប៉ូលិសយុត្តិធម៌ណាចេញដីកាប្រកាសជាសាធារណៈដើម្បីចាប់ខ្លួនទេ។ ខ្ញុំនឹងចូលទៅក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ»។
នៅពេលទាក់ទង នាថ្ងៃទី១៧ កញ្ញា នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្តី
បដិសេធធ្វើអត្ថាធិប្បាយ ដោយបង្វែរសំណួរឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងរតនគិរី វិញ ដែលមិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ៕