Hot News Always

BREAKING NEWS

ការចរចាប្រាក់ឈ្នួលកម្មករ តំណាងកម្មករ បញ្ចុះពីការសុំដំឡើង $១៤ មកនៅ $១០លើប្រាក់ឈ្នួល $២០៤ ខណៈភាគីនិយោជកយល់ព្រមដំឡើងជូនពី $១ ទៅ $២

0 4

សម្រាប់ការចរចាដំឡើងប្រាក់ឈ្នួលកម្មករ នៅថ្ងៃទី៦ កញ្ញានេះ តំណាងភាគីកម្មករនិយោជិត បានបន្ថយពីការសុំដំឡើង១៤ដុល្លារ មកនៅ ១០ដុល្លារអាមេរិក លើប្រាក់ឈ្នួល ២០៤ដុល្លារ។ ឯតំណាងភាគីនិយោជករោងចក្រ ព្រមដំឡើងជូនពី១ដុល្លារ កាលពីចរចានៅសប្តាហ៍មុន ទៅ ២ដុល្លារអាមេរិក លើប្រាក់ឈ្នួល ២០៤ដុល្លារ នៅសប្តាហ៍នេះ។

ទោះយ៉ាងណា កិច្ចប្រជុំចរចានៅសប្តាហ៍នេះ រវាងភាគីកម្មករ និងភាគីរោងចក្រ ដែលមានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៃក្រសួងការងារ ធ្វើជាអាជ្ញាកណ្តាល ឬអ្នកសម្របសម្រួលនោះ មិនទាន់មានការឯកភាពគ្នានៅឡើយទេ។ ការប្រជុំចរចាប្រាក់ឈ្នួលបន្តទៀត នឹងធ្វើនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់អ្នកកាសែត ក្រោយកិច្ចប្រជុំនៅថ្ងៃទី៦ ខែកញ្ញា ថា ការប្រជុំចរចាប្រាក់ឈ្នួលកម្មករនៅថ្ងៃនេះ មានការវិវត្តន៍ច្រើនជាងកាលពីសប្តាហ៍មុន ដោយភាគីនិយោជក បានឯកភាពដំឡើង ១ដុល្លារបន្ថែមទៀត បន្ទាប់ពីសប្តាហ៍មុន ព្រមដំឡើង១ដុល្លារ។

លោកថ្លែងថា គោលជំហរចុងក្រោយរបស់និយោជក គឺគាត់ស្នើសុំដំឡើង ២ដុល្លារ ថែមទៅលើប្រាក់ឈ្នួល ២០៤ដុល្លារ។ ចំណែកភាគីកម្មករ កាលពីសប្តាហ៍មុន បានស្នើ ១៤ដុល្លារ ប៉ុន្តែបន្ទាប់ពីនិយោជក បានកែសម្រួលគោលជំហរ ភាគីកម្មករ ក៏បានកែសម្រួលគោលជំហរបន្តិច មកនៅកំណើនតែ១០ដុល្លារ។

លោក ហេង សួរ បញ្ជាក់ថា៖«អ៊ីចឹង ថ្ងៃនេះយើងឃើញនូវការវិវត្តន៍មួយ ខិតទៅរកភាពកៀកគ្នាហ្នឹងច្រើនជាងសប្តាហ៍មុន។ និយោជកកើន២[ដុល្លារ] ហើយកម្មករនិយោជិត បានស្នើសុំកើន១០ដុល្លារ។ យើងនឹងប្រជុំបន្តទៀតនៅសប្តាហ៍ក្រោយ ហើយខ្ញុំសង្ឃឹមថា ការដកឃ្លានៅថ្ងៃនេះ ភាគីនីមួយៗ នឹងរកហេតុផល ហើយស្វែងយល់ពីការពន្យល់គ្នា ហើយអាចកែសម្រួលគោលជំហររបស់ខ្លួននៅសប្តាហ៍ក្រោយទៀត។
លោកបន្តថា៖«រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការនេះ នឹងខិតខំសម្របសម្រួលឱ្យភាគីទាំង២នេះ កាន់តែយល់គ្នា និងខិតជិតរកគ្នា ពីព្រោះ»។

លោក គង់ អាទិត្យ ប្រធានសហភាពការងារ ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី៦ កញ្ញា ថា កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករនេះ មិនទាន់ត្រូវគ្នានៅឡើយទេ ហើយនឹងត្រូវចរចាគ្នា ចំនួន២លើកបន្តទៀត គឺនៅថ្ងៃទី១២ និងថ្ងៃទី១៩ ខែកញ្ញា។

លោកថ្លែងថា៖«ខាងនិយោជក គេឱ្យ ២ដុល្លារ ខាងយើងទារ ២០១៤ សរុបទាំងអស់ តែអត់ទាន់បានព្រមព្រៀងគ្នាទេ»៕

Leave A Reply

Your email address will not be published.