ប៉ុន្មានម៉ោង ក្រោយពីមានសំណើ របស់លោក ហ៊ុន សែន ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ស្ត្រីម្នាក់ឈ្មោះ ហ៊ូ រុនអេង ត្រូវបានតុលាការរាជធានីភ្នំពេញចាប់ខ្លួនពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
តាមដីកាចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ យី សុខវួច បញ្ជាក់ថា ឈ្មោះ ហ៊ូ រុនអេង ភេទស្រី កើតថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិព្រែកដើមចាន់ ឃុំសំបួរមាស ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលជាបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
យល់ឃើញថា ដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ ហ៊ួ រុនអេង មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេចឱ្យនាំខ្លួនឈ្មោះ ហ៊ួ រុនអេង ភេទស្រី កើតថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧១ ដែលមានអត្តសញ្ញាណខាងលើនេះ។ បង្គាប់មកកងកម្លាំងសាធារណៈឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។
លោក ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់លោកនៅប៉ុន្មានម៉ោងមុននេះ បានសរសេរពាក់ព័ន្ធការបង្ហោះរបស់លោកពីសិល្បករសិល្បការិនីទៅលេងព្រំដែន ហើយលោកលើកពីឈ្មោះមនុស្សម្នាក់ ដែលលោកថា ពួកជ្រុលនិយមចូលមក ដោយបង្ហាញពីការសរសេររបស់បុគ្គលឈ្មោះ ហ៊ូ រុនអេង ដែលមានខ្លឹមសារថា ធ្វើកលល្បិចចោទខ្មែរថា ជាខ្មាំងឱ្យអ្នកដឹកនាំខ្មែរសម្លាប់ ចាប់ដាក់គុក ឬសម្លាប់អស់ទៅ…
ជាការឆ្លើយតប លោក ហ៊ុន សែន បានសរសេរថា៖«សូមសមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមច្បាប់ ព្រោះវាមិនមែនជាការបញ្ចេញមតិទេ។ ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍ និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផង កុំចាំដល់ពេលគេញាត់គុក ទើបស្រែកថា រំលោភសិទ្ធិមនុស្ស ត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល»៕