លោក ហ៊ុន ម៉ាណែត សន្យាគ្រប់គ្រងមានតម្លាភាពលើថវិការៃអង្គាសពីពលរដ្ឋសម្រាប់កសាងតាមព្រំដែន និងផ្លូវជាង ២ ៦៦០គីឡូ ម៉ែត្រ ក្រោយមានការទាមទារឱ្យរដ្ឋាភិបាលធ្វើដោយចំហ
សម្រាប់ថវិការៃអង្គាសពីពលរដ្ឋសម្រាប់កសាងតាមព្រំដែន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែង ខណៈលោកអញ្ជើញចែកសញ្ញាបត្រដល់សិក្ខាកាមមេធាវី នាថ្ងៃទី៥ កញ្ញា ថាមកដល់ពេលនេះ រដ្ឋាភិបាលទទួលបានថវិកាជាង១៩លានដុល្លារអាមេរិក។ លោកប្រកាសធានាគ្រប់គ្រងមូលនិធិទាំងអស់នេះឱ្យមានតម្លាភាព ច្បាស់លាស់ត្រឹមត្រូវ ដោយផ្តល់នូវផែនការលម្អិតដល់ប្រជាពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ការធានានូវតម្លាភាព និងចំគោលដៅ គឺជាកិច្ចការសំខាន់។ យើងនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សាយជូនដំណឹងប្រជាពលរដ្ឋ។ ឯកឧត្តម ខ្វាន់ សៀម ខាងវិស្វកម្ម នឹងធ្វើផែនការលម្អិត និងរាយការណ៍ជាសាធារណៈជូនប្រជាពលរដ្ឋ អំពីគម្រោង ដែលត្រូវធ្វើ»។
បើតាមលោក ហ៊ុន ម៉ាណែត ផ្លូវក្រវាត់ព្រំដែនដែលត្រូវធ្វើ មានប្រវែងជាង ២ ៦៦០គីឡូម៉ែត្រ ហើយមកដល់ពេលនេះ ធ្វើបាន៥០ភាគរយ គឺប្រវែង ១ ៣០០គីឡូម៉ែត្រ។ ឯផ្លូវនៅសល់ប្រវែង ១ ៣០០គីឡូម៉ែត្រទៀតដែលត្រូវធ្វើបន្ត ហើយត្រូវចំណាយថវិកា ជាង ២០០លានដុល្លារអាមេរិក និងបញ្ចប់ក្នុងរយៈពេល១០ឆ្នាំទៀត។
លោកថ្លែងថា៖«ប្រជាពលរដ្ឋអាចទៅមើលផ្ទាល់តែម្តងថា ធ្វើ [ឬ]អត់ បានប៉ុន្មាន។ យើងដាក់ឱ្យច្បាស់ អត់មានឱ្យស្រពិចស្រពិល។ យើងនឹងកំណត់ឱ្យច្បាស់ ពីកន្លែងណា ដល់កន្លែងណា បង្គោលណា ចម្ងាយប៉ុន្មានត្រូវប្រើប្រាស់ថវិកានេះ ព្រោះចំណុចនេះ គេតែងតែលើកមក។ ឥឡូវខ្ញុំសូមបញ្ជាក់តែម្តង តម្លាភាព និងការប្រើប្រាស់ឱ្យចំគោលដៅនៃថវិកាសម្រាប់ធ្វើផ្លូវក្រវាត់ព្រំដែននេះ គឺសូមធានា យើងធ្វើជាជំហាន»។
ទាក់ទងនឹងការលើកឡើងថា រដ្ឋាភិបាលខ្វះលុយ បានជារៃអង្គាសថវិកាពីប្រជាពលរដ្ឋនោះ លោក ហ៊ុន ម៉ាណែត មិនធ្វើអត្ថាធិប្បាយពិស្តាទេ ដោយគ្រាន់តែបញ្ជាក់ខ្លីថា រដ្ឋាភិបាលមិនអត់លុយទេ។
កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវធ្វើដោយបើកចំហ និងតម្លាភាព ទៅលើថវិកា ដែលរៃអង្គាសបានពីប្រជាពលរដ្ឋ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ ដើម្បីចៀសវាងពីអំពើពុករលួយ និងការមន្ទិលសង្ស័យ៕