រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ថា មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលយកផែនទីGoogle Map ដើម្បីកំណត់ព្រំដែន មិនអាចយកមកប្រើក្នុងការបោះបង្គោលព្រំដែនបានទេ
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លោក ឡាំ ជា បានបញ្ជាក់ថា កិច្ចការបោះបង្គោលព្រំដែន មិនអាចយកផែនទី Google Map មកកំណត់វាស់វែងព្រំដែន ដូចដែលមេបក្សប្រឆាំង លោក សម រង្ស៊ី បានលើកឡើងនោះទេ ហើយថា បើទោះបីភាគីម្ខាងចង់យកផែនទីនេះមកប្រើ ក៏ភាគីម្ខាងទៀតមិនទទួលស្គាល់ដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី៣១ សីហា លោករដ្ឋមន្ត្រី ឡា ជា ថ្លែងថា៖«គឺជាគោលការណ៍ច្បាប់អន្តរជាតិ ដាច់ខាតត្រូវតែយកផែនទីមូលដ្ឋាន ដែលបន្សល់ទុកពីអាណានិគមបារាំង ក្រុមភូមិសាស្ត្រឥណ្ឌូចិន ជាផែនទីគោល»។
លោក ឡាំ ជា បញ្ជាក់ថា ការណ៍ ដែលលោក សម រង្ស៊ី និយាយថា គាត់បានចុះទៅមើលព្រំដែន ហើយយកខ្សែផែនទី Google Map មកចុចនោះ គឺវាមិនត្រូវគ្នានឹងមូលដ្ឋានខ្សែផែនទី ដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ព្រំដែនជាមួយប្រទេសជិតខាងទេ។ លោកថា ការផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី គឺជាការបំផុសនូវចលនា ធ្វើយ៉ាងណាបង្កឱ្យមានអស្ថិរភាព ហើយមិនមានការពិតសូម្បីតែបន្តិច ដែលបង្ហាញថា បង្គោលព្រំដែនចេះដើរ។
លោករដ្ឋមន្ត្រីបន្ថែមថា កិច្ចការងារបោះបង្គោលព្រំដែន ចំណាយពេលរាប់ឆ្នាំ ក្នុងការចរចា កំណត់និយាមការ ជជែកគ្នា តាំងពីនៅលើផែនទី និងលើដីជាក់ស្តែង ដោយមានចំណុចនិយាមការ ជាង ៣ពាន់ចំណុចនិយាមការ រវាងកម្ពុជា និងវៀតណាម នៅលើខ្សែព្រំដែន ប្រមាណ ១ ២៧០គីឡូម៉ែត្រនេះ ដែលសម្រេចបាន៨៤ភាគរយ ដោយបានបោះបង្គោលចំនួន ២ ០៤៧បង្គោល។
បើតាមលោករដ្ឋមន្ត្រី ចំនួនបង្គោលជាង ២ ០០០ ដែលបានបោះរួចនេះ គឺមាន ៣ប្រភេទ ដែលបង្គោលប្រភេទទី១ គឺបង្គោលមេ ទី២ បង្គោលបំពេញបន្ថែម និងទី៣ បង្គោលតម្រុយព្រំដែន។
លោកឡាំ ជា ថ្លែងថា៖«សូមកុំជឿទៅលើបុគ្គលមួយចំនួន ដែលមានគំនិតទុច្ចរិត។ ខ្ញុំមិនយល់ថា គាត់ គឺជាខ្មែរ ឬក៏ជាអ្នកណា ដែលតែងតែបង្កបញ្ហា គ្មានមនសិការ ធ្វើយ៉ាងណា គឺបង្កចលាចល ឱ្យមានភាពវឹកវរ ឱ្យមានការយល់ច្រឡំ។ បុគ្គលបែបនេះ យើងមិនអាចជឿ ហើយសូមកុំឱ្យជឿតទៅទៀត»។
មេបក្សប្រឆាំងនៅក្រៅប្រទេស លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានបង្ហោះសារ ចង់បង្ហាញថា បង្គោលព្រំដែន កម្ពុជា-វៀតណាម ចូលក្នុងដីកម្ពុជា។ ការលើកឡើងនេះ លោកសំអាងលើការប្រើប្រាស់ផែនទី Google Map ដោយបានទាញបង្ហាញខ្សែបន្ទាត់បង្គោលព្រំដែន រវាងកម្ពុជា និងវៀតណាម៕