ពលករនៅកូរ៉េខាងត្បូង និងនៅសហរដ្ឋអាមេរិក បន្តធ្វើបាតុកម្មប្រឆាំងគម្រោងCLV មន្ត្រីនាំពាក្យព្រមានចាត់វិធានការច្បាប់ បើរកឃើញពួកគេធ្វើបាតុកម្ម ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល
ពលករខ្មែរនៅសាធារណរដ្ឋកូរ៉េ រាប់ពាន់នាក់ និងពលរដ្ឋនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើបាតុកម្មជាលើកទី២ទៀត ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដកខ្លួនពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV)។ អ្នកនាំពាក្យរដ្ឋាភិបាលថា ការធ្វើបាតុកម្ម ជាសិទ្ធិសេរីភាព ប៉ុន្តែបានព្រមានចាត់វិធានការច្បាប់ ដោយសហការជាមួយប្រទេសសាមីនោះ បើរកឃើញពួកគេធ្វើបាតុកម្មក្នុងចេតនាផ្តួលរំលំ។
ការចាប់ផ្តើមបន្តធ្វើបាតុកម្មជាថ្មីពីថ្ងៃទី១-២ ខែកញ្ញានេះទៀតរបស់ប្រជាពលរដ្ឋ មិនទាន់ត្រូវបានកំណត់ពេលវេលាណាច្បាស់លាស់ ដែលនឹងត្រូវបញ្ឈប់នោះទេ។ ក្នុងអំឡុងពេលធ្វើបាតុកម្មនោះ ពួកគេប្រកាសមិនដកថយពីការធ្វើបាតុកម្មនេះទេ ដោយនៅតែបន្តធ្វើ ដើម្បីទាមទារឱ្យរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ចប់កិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ CLV ដោយសារបារម្ភដល់ហានិភ័យដែលអាចបាត់ខេត្ត៤ គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី តាមរយៈគម្រោងនោះ។
បាតុករម្នាក់ក្នុងក្រុមបាតុកម្មនោះបានប្រកាសថា៖«[យើ]សង្ឃឹមថា រាជរដ្ឋាភិបាល នឹងឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ ដើម្បីបញ្ចៀសបាតុភាពណាមួយ ដែលកើតឡើងជាយថាហេតុ»។
ក្នុងបាតុកម្ម បាតុករម្នាក់ ដែលជាតំណាងរបស់ពួកគេ បានប្រកាសថា ពួកគេមិនគាំទ្រគម្រោង CLVទេ។ ដកចេញគម្រោង CLV ប្រឆាំងដាច់ខាតគម្រោង CLV។ ជាមួយគ្នានោះ ពួកគេក៏បានកាន់បដាលើក ដែលសរសេរមានន័យថា ពួកគេមិនគាំទ្រគម្រោង CLV, NO CLV។
ទោះយ៉ាងណា ការបារម្ភរបស់ពលរដ្ឋពីការបាត់បង់ទឹកដីនេះ ទាំងលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក៏បានបកស្រាយបញ្ជាក់រួចហើយថា គម្រោងអភិវឌ្ឍន៍ CLVនេះ មិនធ្វើឱ្យកម្ពុជាខាតបង់ទឹកដី ឬបាត់អធិបតេយ្យភាពឡើយ។ ផ្ទុយទៅវិញ កម្ពុជា ទទួលផលចំណេញច្រើនពីគម្រោងនេះ ដូចជាទទួលបានហេដ្ឋារចនាសម្ព័ន្ធនានា និងផលចំណេញលើវិស័យពាណិជ្ជកម្មជាច្រើនទៀត។
ជាការឆ្លើយតប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់The Cambodia Now News (CNN) នៅថ្ងៃទី២ ខែកញ្ញា ថា ការធ្វើបាតុកម្មដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ អាចធ្វើបាន មិនថា នៅក្នុងប្រទេស ឬក្រៅប្រទេស ឱ្យតែប្រទេសអនុញ្ញាត។ ប៉ុន្តែលោកថា បាតុកម្ម ដែលបានកើតឡើងនេះ ពួកគេមិនមែនធ្វើរឿង CLV ទេ គឺពួកគេធ្វើ ដើម្បីទាញទៅរកការផ្តួលរំលំ ដោយមានការអំពាវនាវឱ្យបាតុករងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាល ធ្វើឱ្យសេដ្ឋកិច្ចធា្លក់ចុះ។
លោក ប៉ែន បូណា ថ្លែងថា៖«ធម្មតាទេ បើសិនជាគាត់នៅក្រៅស្រុកក៏ដោយ ប៉ុន្តែបើយើងរកឃើញថា មានបទល្មើសជាក់ស្តែង ហើយមានភស្តុតាងគ្រប់គ្រាន់ ក៏យើងអាចនឹងធ្វើការជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីចាត់ការផ្លូវច្បាប់ចំពោះអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់ហ្នឹង»។ លោកថា ការប្រព្រឹត្តអំពើខុសច្បាប់នេះហើយ ដែលរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលមួយចំនួន ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាពេលកន្លងទៅនោះ គឺជារឿងត្រឹមត្រូវ។
គួរបញ្ជាក់ថា កាលពីខែសីហា បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅក្រៅប្រទេស មានដូចជា ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ដើម្បីប្រឆាំងតវ៉ាទាមទារឱ្យរដ្ឋាភិបាល បញ្ចប់កិច្ចហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះ៕