ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ រិះគន់ការចាប់អ្នកប្រឆាំងCLV និងទាមទារឱ្យអាជ្ញាធរគោរពសេរីភាពបញ្ចេញមតិ ខណៈអ្នកនាំពាក្យថា អ្នកបញ្ចេញមតិមិនរងចំណាត់ការ លើកលែងអ្នកបំពានច្បាប់
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃទី២៨ ខែសីហា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា រិះគន់ការបង្ក្រាប និងចាប់ខ្លួនអ្នកប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដោយទាមទារឱ្យអាជ្ញាធររដ្ឋាភិបាល ត្រូវតែគោរពសិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។
អាជ្ញាធររដ្ឋាភិបាល បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ៩៤នាក់ ចាប់ពីខែកក្កដា មកដល់ចុងខែសីហានេះ ដោយសារតែពួកគេមានភាពចម្រូងចម្រាសនឹងគ្នាលើគម្រោងCLV ដែលក្នុងនោះមានខ្លះជាសកម្មជនបរិស្ថាន។ ពួកគេជាច្រើន ក្នុងចំណោម អ្នកដែលត្រូវបានចាប់ខ្លួនោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបង្កឱ្យមានភាពវឹកវរ ដោយគ្រាន់តែពួកគេសម្តែងនូវទស្សនៈទៅលើគម្រោង CLV ឬក៏រៀបចំតវ៉ា ដោយសន្តិវិធីប៉ុណ្ណោះ។ នេះបើតាមអង្គការអន្តរជាតិទាំង២។
ប៉ុន្តែរដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា នៅថ្ងៃទី៣០ សីហានេះ បានច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិទាំង២ ដោយលោកស្នើឱ្យអង្គការធ្វើការផ្នែកសិទ្ធិមនុស្សទាំនោះ ត្រូវចេះបែងចែក រវាងការបញ្ចេញមតិ និងការបំពានច្បាប់។
លោក ប៉ែន បូណា បញ្ជាក់ថា៖«នៅកម្ពុជា អ្នកបញ្ចេញមតិអត់មានរងចំណាត់ការអីទាំងអស់ឱ្យតែស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ និងការគោរពសិទ្ធិអ្នកដទៃ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មានតែអ្នកបំពានច្បាប់តែប៉ុណ្ណោះរ ដែលត្រូវរងចំណាត់ការតាមផ្លូវច្បាប់។ ការបំផុសបំផុលឱ្យមានការងើបឡើងបះបោររំលំរាជរដ្ឋាភិបាលស្របច្បាប់ តើអង្គការសង្គមស៊ីវិលទាំងហ្នឹងចង់លើកទឹកចិត្តឱ្យមនុស្សធ្វើអ៊ីចឹងមែនដែរ ឬទេ»។
លោកបន្ថែមថា៖«ហើយអ្នកដែលត្រូវចាប់ខ្លួន ដោយអាជ្ញាធរទាំងប៉ុន្មាន គឺសុទ្ធតែមានភស្តុតាងទាំងអស់នៅជាប់ខ្លួន។ រាជរដ្ឋាភិបាលបានព្រមានទុកជាមុនថា កុំ មិនអនុញ្ញាតទេ»៕