លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត សួរបក្សប្រឆាំងនៅក្រៅប្រទេសថា ហេតុអ្វីមិនជំទាស់CLV កាលពីបក្សខ្លួនមានអាសនៈក្នុងសភា បែរជាជំទាស់ពេលនេះ តែមន្ត្រីបក្សប្រឆាំងថាធ្លាប់ស្នើឱ្យធ្វើប្រជាមតិដែរ
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានចោទសួរទៅមេបក្សប្រឆាំងនៅក្រៅប្រទេស ដែលកំពុងជំរុញឱ្យមានការប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) ថា ហេតុអ្វី គណបក្សប្រឆាំងដែលមានអាសនៈក្នុងសភាដែរតាំងពីឆ្នាំ១៩៩៨ មិនជំទាស់គម្រោងនេះ ដែលមាននៅឆ្នាំ១៩៩៩ បែរជាមកជំទាស់នៅពេលនេះ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី ទូទាំងប្រទេស នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ CLV មានពីឆ្នាំ១៩៩៩ ហើយគណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សដឹកនាំសភាតែឯងទេ មាន៣គណបក្សពីឆ្នាំ២០០៣។ គណបក្សប្រឆាំងក៏នៅក្នុងសភាដែរ ម៉េចក៏មិនតវ៉ាជំទាស់ពេលនោះ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ស្ងាត់ម៉េស បានន័យថា អស់លោក ក៏យល់ថា កិច្ចព្រមព្រៀងមិនគ្រោះថ្នាក់ ទើបឯងឥឡូវចេញមកបំផុស ឃើញចរន្តចាប់ផ្តើមដុតបន្ថែម។ ចុះពេលដែលគាត់មានសមាជិកសភារបស់គាត់មានសមាជិក៥៥កៅអីក្នុងសភា ម៉េចក៏មិននិយាយរឿងហ្នឹង»។
លោកថ្លែងថា៖«បក្សប្រឆាំងឱ្យតែរាជរដ្ឋាភិបាលធ្វើអ្វីខុសគ្រោះថ្នាក់ គេយកតែឱកាសហ្នឹង ដើម្បីវាយ វាយខ្លាំងបំផុតក្នុងសភា ពេលដែលខ្លួនឯងនៅក្នុងសភា៥៥កៅអី។ ហេតុអីបានមិននិយាយថា អាហ្នឹងខុស។ គាត់នៅក្នុងសភា តាំងពីឆ្នាំ៩៨ រហូតដល់ ២០១៧ ជិត២០ឆ្នាំ ហេតុអីក៏មិនជំទាស់ពេលនោះ? គិតថា អាហ្នឹងត្រូវដែរទេ? ឥឡូវទើបឃើញចរន្តនេះតាំងដុតបន្ថែមឱ្យក្មេងៗចេញមកធ្វើសកម្មភាពគ្រោះថ្នាក់»។
ជាការឆ្លើយតប លោក ម៉ែន សុថាវរិន្ទ អតីតតំណាងរាស្ត្រ នៃអតីតគណកប្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងមានអាសនៈនៅក្នុងសភាជំនាន់នោះ បាននិយាយនៅថ្ងៃទី១៥ សីហានេះថា កាលនៅឆ្នាំ១៩៩៩ ដែលរដ្ឋាភិបាលធ្វើកិច្ចសហប្រតិបត្តិកាអភិវឌ្ឍន៍គម្រោង CLV គឺគណបក្សប្រឆាំងក៏បានស្នើឱ្យធ្វើប្រជាមតិដែរ ដើម្បីឱ្យប្រជារាស្ត្រជាអ្នកសម្រេច។ លោកថា បើក្រឡេកមើលប្រទេសនៅអឺរ៉ុប បើចង់ធ្វើអ្វីមួយ គឺគេធ្វើប្រជាមតិ រាស្ត្រជាអ្នកសម្រេចទៅលើការងារធំៗ។
លោកថ្លែងថា៖«២០១៦ ដែលខាងវៀតណាម មកទាក់ទងជាមួយរដ្ឋាភិបាលហ្នឹង កាលនោះគណបក្សប្រឆាំងមានដល់៥៥[កៅអី]ហើយ។ យើងអត់ព្រមទេ យើងសុំឱ្យធ្វើប្រជាមតិ យើងតវ៉ាក្នុងសភា ប៉ុន្តែសុំឱ្យធ្វើប្រជាមតិ ប៉ុន្តែអត់ព្រម យើងសុំថា ឱ្យរាស្ត្រអ្នកសម្រេច។ គណបក្សសង្គ្រោះជាតិ កាលហ្នឹង មាន៥៥សំឡេង យើងអត់ស្របទេ ប៉ុន្តែគណបក្សប្រជាជនក៏ច្រើន គេអត់ស្របទេ»។
លោកម៉ែន សុថាវរិន្ទ បញ្ជាក់ថា៖«CLVហ្នឹង គឺយើងមិនមែនកាត់ដីឱ្យទៅវៀតណាមទេ ប៉ុន្តែយើងការពារព្រោះបើសិនជាយើង ទាំង៤ខេត្តហ្នឹង មាន៥០ម៉ឺននាក់ [ឡាវ]មាន៥០ម៉ឺននាក់ ខាង[វៀតណាម]មានដល់៧លាននាក់…។ យើងធ្វើអ្វីមួយយើងការពារមុន សុំឱ្យរាស្ត្រអ្នកអនុម័តរឿងហ្នឹងទៅ។ ទាំង៤ខេត្តហ្នឹង រដ្ឋាភិបាលអភិវឌ្ឍន៍ដោយខ្លួនឯង យើងគាំទ្រតើ ប៉ុន្តែបើឱ្យ[វៀតណាម]មកចូល យើងអត់ឱ្យទេ»៕