Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់គ្រប់អភិបាលរាជធានី-ខេត្ត ត្រូវត្រៀមកម្លាំងទប់ស្កាត់បាតុកម្មប្រឆាំង CLV ដោយរឹតបន្តឹងការចូលក្រុង តែអ្នកឃ្លាំមើលថា ការរឹតត្បិតជ្រុលពេក រឹតតែបង្កភាពតានតឹង និងប៉ះពាល់សេដ្ឋកិច្ច

0

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យប្រុងប្រយ័ត្ន និងត្រៀមកម្លាំង ដើម្បីទប់ស្កាត់បាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) ដោយលោកបញ្ជាឱ្យរឹតបន្តឹងការចូលក្រុងជាក្រុមៗរបស់ពលរដ្ឋ និងប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានត្រូវត្រៀមកម្លាំងចាប់ពីថ្ងៃទី១៥ ដល់ចុងខែសីហានេះ។

ជុំវិញវិធានការនេះ មន្ត្រីសង្គមស៊ីវិលលើកឡើងថា វិធានការរឹតបន្តឹងហួសហេតុពេកក្នុងស្ថានភាពនេះ នឹងធ្វើឱ្យសភាពការណ៍កាន់តែតានតឹងឡើងក្នុងសង្គម ហើយក៏ផ្ទុយពីគោលការណ៍ដើមនៃរដ្ឋធម្មនុញ្ញនិងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ព្រោះបញ្ហាសេដ្ឋកិច្ច គឺវាពាក់ព័ន្ធនឹងសង្គម។

ក្នុងសារសំឡេងជាង៣នាទី ដែលត្រូវបានផ្សាយនៅថ្ងៃទី១៤ សីហានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា អះអាងថា លោកបានទទួលព័ត៌មានអំពីការបំផុសឱ្យពលរដ្ឋចូលមករាជធានីភ្នំពេញនៅ ថ្ងៃទី១៨ សីហា ដើម្បីធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាល ដកកម្ពុជា ចេញពី CLV។ លោកនិយាយថា មនុស្សមួយចំនួនបានឆ្លៀតឱកាសយករឿងនេះទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែង ក៏ដូចជា ការធ្វើបដិវត្តន៍ពណ៌ជាដើម។ លោកក៏បានប្រាប់ឱ្យអគ្គស្នងការនគរបាលជាតិធ្វើការនេះជាមួយស្នងការគ្រប់រាជធានី-ខេត្តរួចហើយ។

លោក ស សុខា ថ្លែងថា៖«ប៉ុន្តែក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី ខេត្តទាំងអស់ សូមឱ្យឯកឧត្តម លោកជំទាវទាំងអស់យកចិត្តទុកដាក់ ជាពិសេស មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ ហើយចន្លោះពីថ្ងៃ១៥ ដល់ចុងខែនេះ សូមឱ្យរឹតបន្តឹងពាក់ព័ន្ធការធ្វើដំណើរជាក្រុមៗមកចូលរាជធានីភ្នំពេញ ហើយជាពិសេស ខេត្តជាប់បណ្តារាជធានីភ្នំពេញ»។ លោកក៏បានប្រាប់ឱ្យរឹតបន្តឹងនៅមូលដ្ឋានឱ្យបានខ្លាំងជាពិសេសកម្លាំងប្រជាការពារ ដែលនៅកៀកប្រជាពលរដ្ឋ ដឹងពីរំហូរពលរដ្ឋចេញចូល ហើយបើមានការប្រមូលផ្តុំ ទោះបីតិច ឬច្រើនត្រូវតែផ្តល់ព័ត៌មានទៅគណៈបញ្ជាការឯកភាពខេត្តជាបន្ទាន់ ដោយមិនអាចមើលស្រាលបានទេ។
លោក ស សុខា អះអាងថា៖«ដោយសារតែមានគ្រុបមួយ ដែលគាត់កំពុងប្រឆាំងសព្វថ្ងៃ គឺគាត់មានការកើនឡើងគួរឱ្យកត់សម្គាល់។ មុនប្រជុំមុននេះ មានប្រមាណជា ៧ ១០០នាក់ទេ ឥឡូវឡើងដល់ ៧ ៥០០ហើយ ឡើងលឿនមែនទែន»។ លោកក៏បានប្រាប់ឱ្យមានការពង្រឹងទំនាក់ទំនង រវាងកងកម្លាំងពាក់ព័ន្ធ ដូចជា នគរបាល ប៉េអឹម និងប្រជាការពារ ដែលពួកគាត់ជាតួអង្គសំខាន់ ក្នុងការទប់ស្កាត់ជាកង់ៗ ឬមួយដាក់ប៉ុស្តិ៍កម្រិតណាមួយ រឹតបន្តឹងការចូលរាជធានីភ្នំពេញ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា វិធានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើររបស់ពលរដ្ឋ គឺជាចលករមួយរឹតតែធ្វើឱ្យមានភាពតានតឹងឡើងក្នុងសង្គម និងប្រាសចាកពីគោលការណ៍ដើមនៃរដ្ឋធម្មនុញ្ញ ដែលផ្តល់សិទ្ធិឱ្យមានការជួបជុំរបស់ប្រជាពលរដ្ឋ ដើម្បីតស៊ូមតិនូវអ្វី ដែលពួកគាត់មិនពេញចិត្ត។

លោកថ្លែងថា៖«បញ្ហាប្រឈម គឺប៉ះពាល់ទៅដល់សេដ្ឋកិច្ច។ យើងដឹងហើយថា សេដ្ឋកិច្ចវាពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ ហើយទាក់ទងនឹងទិដ្ឋភាពសង្គម។ ដូច្នេះ វានឹងបង្កើតឱ្យមានបញ្ហា រួមទាំងការទំនាក់ទំនង ហើយនឹងធ្វើឱ្យអ្នកវិនិយោគ ក៏លែងហ៊ានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា។ ដូច្នេះ វាសុទ្ធសឹងតែជាមូលហេតុ ដែលធ្វើឱ្យកម្ពុជាមានបញ្ហា»។

លោក សេក សុជាតិ បន្តថា៖«ដំណោះស្រាយ ខ្ញុំគិតថា រដ្ឋាភិបាល គួរអនុវត្តច្បាប់ ដោយឈរទៅលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។ ធ្វើយ៉ាងណាក៏ដោយ ដើម្បីបង្រួបបង្រួម និងផ្សះផ្សាគ្នា កសាងសន្តិភាពមួយប្រកបទៅដោយកិច្ចសហប្រតិបត្តិការល្អ រវាងប្រជាពលរដ្ឋ និងរដ្ឋអំណាច ជាជាងការប្រើប្រាស់អំណាច ដើម្បីទប់ស្កាត់ពួកគាត់»។

បើតាមអ្នកផ្តល់យោបល់រូបនេះ ដំណោះស្រាយដ៏ល្អ សម្រាប់រដ្ឋអំណាច និងប្រជាពលរដ្ឋ គឺគួរតែបើករំហូរឱ្យមានការពិភាក្សាគ្នាលើកយកបញ្ហាមកដាក់លើតុ ហើយជជែកគ្នាជាសាធារណៈ ដើម្បីដោះស្រាយបញ្ហា កុំឱ្យប្រជាពលរដ្ឋមានចម្ងល់ ចង់ស្វែងរកដំណោះស្រាយ ប៉ុន្តែបែរជាមានការរឹតត្បិតទៅវិញ។

នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្ស (លីកាដូ) លោក អំ សំអាត និយាយនៅថ្ងៃទី១៤ ខែសីហា ថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិទទួលស្គាល់។ ដូច្នេះទោះបីក្នុងកាលៈទេសៈណាក៏ដោយ សិទ្ធិក្នុងការធ្វើដំណើររបស់ពលរដ្ឋ ការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ មិនអាចធ្វើឡើងដោយហួសហេតុបានទេ ត្រូវតែមានគោលការណ៍ នៃការគោរពសិទ្ធិទាំងអស់។

លោកថ្លែងថា៖«ព្រោះប្រទេសយើងក៏មិនទាន់ដល់ការដាក់កន្លែងណាមួយជាកន្លែង ដែលមានគ្រាអាសន្នអីដែរ។ អ៊ីចឹង សិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋនៅមានដដែល ដោយមិនអាចធ្វើការរឹតត្បិតហួសហេតុពេក អាហ្នឹងជាគោលការណ៍ នៃសិទ្ធិមនុស្ស។ អ៊ីចឹង ការដើរហើររបស់ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋដើរហើរដោយធម្មតា មិនមានពាក់ព័ន្ធបទល្មើស មិនមានពាក់ព័ន្ធនឹងការប្រព្រឹត្តអ្វី ដែលខុសច្បាប់ទេ អាហ្នឹងមិនអាចហាមឃាត់បានទេ»។

លោក អំ សំអាត អំពាវនាវថា៖«អ្នកនយោបាយគួរតែតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ។ អ្នកនយោបាយគួរតែដោះស្រាយគ្នាតាមនយោបាយ ដោយសន្តិវិធី»៕

Leave A Reply

Your email address will not be published.