មន្ត្រីនាំពាក្យថា អ្នកចូលរួមបាតុកម្មប្រឆាំង CLV ត្រូវជាប់ទោសពីបទរួមគំនិតក្បត់ ដែលនឹងត្រូវដាក់ពន្ធនាគារពី ៥-១០ឆ្នាំ ខណៈអ្នកឃ្លាំមើលថា ការអនុវត្តក៏ត្រូវគោរពតាមបទដ្ឋាអន្តរជាតិស្តីពីសិទ្ធិមនុស្ស
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមានថា បុគ្គលទាំងឡាយណា ដែលចូលរួមធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) នឹងត្រូវជាប់ទោសពី«បទល្មើសរួមគំនិតក្បត់» ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយបើជនល្មើសជាអ្នករាជការសាធារណៈនឹងត្រូវដាក់ពន្ធនាគារពី១០ឆ្នាំ ទៅ ២០ឆ្នាំ។
សេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១៣ សីហា របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជា ក្តាប់បានយ៉ាងច្បាស់នូវភស្តុតាង ដែលបង្ហាញថា ផែនការអូសទាញប្រមូលប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ពុំមែនធ្វើឡើង ដើម្បីជាការសម្តែងមតិតាមច្បាប់ទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលនយោបាយបោកបញ្ឆោតអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ឱ្យធ្វើបាតុកម្មបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា៖«ចំពោះរាល់បុគ្គលទាំងឡាយ ដែលចូលរួមនៅក្នុងគម្រោងនេះត្រូវជាប់ទោសពី«បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយទោសនេះត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានប្រាប់អំពីទិដ្ឋភាពច្បាប់ ដែលត្រូវអនុវត្តចំពោះផែនការបដិវត្តន៍ពណ៌ខាងលើ ជាពិសេស ចំពោះមេខ្លោងដឹកនាំអនុវត្តផែនការនេះ។
អ្នកនាំពាក្យបញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដើម្បីដណ្តើមអំណាចតាមមធ្យោបាយក្រៅពីការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ត្រូវផ្តន្ទាទោសក្រោម«បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា៤៥១ និងមាត្រា៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ បើជនល្មើសជាអ្នករាជការសាធារណៈទោស សម្រាប់«បទល្មើសឧបឃាត»នេះត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិមនុស្ស(លីកាដូ)លោក អំ សំអាត ថ្លែងនៅថ្ងៃទី១៤ សីហា ថា ការចោទប្រកាន់ ឬចាប់ខ្លួនបុគ្គលណាម្នាក់ត្រូវផ្អែកលើច្បាប់ និងធាតុផ្សំនៃបទល្មើសឱ្យបានគ្រប់ជ្រុងជ្រោយ បើមិនដូច្នោះទេ បុគ្គលគ្រប់រូបមិនអាចត្រូវបានចាប់ខ្លួននោះទេ។
លោក អំ សំអាត បញ្ជាក់ថា៖«មួយទៀត[ការចាប់ខ្លួន] ក៏ត្រូវគោរពតាមបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់ និងរដ្ឋធម្មនុញ្ញផងដែរ ធ្វើម៉េចឱ្យវាសមស្រប ដើម្បីធានាទី១ គឺ ការអនុវត្តច្បាប់ហ្នឹងវាមានប្រសិទ្ធភាព។ ទី២ ធានាកិច្ចការពារសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ»។
លោក អំ សំអាត ថ្លែងថា៖«ពីព្រោះបុគ្គលគ្រប់រូប គឺមានសិទ្ធិ មានសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួន ដែលធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ អ៊ីចឹង ការចាប់ខ្លួនណាមួយធ្វើទៅបាន ទាល់តែអនុវត្តទៅតាមគោលការណ៍នៃច្បាប់ចែង ហើយមានធាតុផ្សំ នៃបទល្មើសគ្រប់គ្រាន់»៕