លោក ហ៊ុន សែន ប្រកាសបង្ក្រាបបាតុកម្មប្រឆាំង CLV ដែលមានចេតនាផ្តួលរំលំ និងហៅអ្នកប្រឆាំងក្រៅប្រទេសចូលមកដឹកនាំបាតុកម្ម តែអ្នកនយោបាយ និងមន្ត្រីសិទ្ធិមនុស្ស ស្នើឱ្យដោះស្រាយដោយសន្តិវិធី
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលអះអាងថា លោកនៅតែមានអំណាចពេញដៃ ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងប្រទេស បានប្រកាសបង្ក្រាបឱ្យខាងតែបានក្រុមណា ដែលធ្វើបាតុកម្មក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈបាតុកម្មប្រឆាំងនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ដោយលោកបានហៅក្រុមប្រឆាំងឱ្យចូលមកដឹកនាំបញ្ជាបាតុកម្មចុះ។
ស្ថិតក្នុងភាពចម្រូងចម្រាស និងខ្វែងគំនិតគ្នាលើគម្រោង ដែលរដ្ឋាភិបាលធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ដែលកម្ពុជា មានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីនោះ អ្នកនយោបាយ និងមន្ត្រីសិទ្ធិមនុស្ស ស្នើឱ្យភាគីខ្វែងគំនិតគ្នា ដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើហិង្សា ដែលនាំឱ្យខាតបង់ និងគ្រោះថ្នាក់ សម្រាប់ខ្មែរ។
ក្នុងសារសំឡេងជិត១ម៉ោង ដែលផ្សព្វផ្សាយ ពីថ្ងៃទី១២ ខែសីហា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានអំណាចខ្លាំង បានព្រមានប្រជាពលរដ្ឋ ឬយុវជន ដែលប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កុំដើរហួសពីបន្ទាត់ក្រហម ឈានទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលអាចនាំឱ្យគ្រោះថ្នាក់ដល់ខ្លួន។ លោកថា ការញុះញង់ពីខាងក្រៅ អាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្តែពលរដ្ឋនៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់ ខណៈខ្លួនកំពុងស្ថិតក្នុងប្រទេស។
លោក ហ៊ុន សែន បញ្ជាក់ថា៖«យើងគ្មានជម្រើសទេ ជម្រើស ដែលនៅសេសសល់របស់យើង គឺការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងជីវិតរបស់ប្រជាជនយើង។ យើងហ៊ានធ្វើអ្វីគ្រប់យ៉ាង ដោយតម្លៃណាក៏ដោយ ដើម្បីធានាថា ប្រជាជនរបស់យើងរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែលកំពុងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ»។
លោក ហ៊ុន សែន បានប្រាប់មនុស្សក្នុងក្រុមមួយ ដែលលោកថា មានគម្រោងផ្តួលរំលំរដ្ឋាភិបាលនោះ គឺ លោកបានស្គាល់មុខសញ្ញារួចស្រេចហើយ។ សូមកុំភាន់ច្រឡំថា រដ្ឋាភិបាលមិនដឹងអ្វី សូម្បីតែរូបលោក ក៏អង្គុយស្តាប់ ហើយមើលសាររបស់អ្នកទាំងអស់គ្នា ដែលបានបញ្ចេញមក។ ប៉ុន្តែសារ បញ្ជូនពីខាងក្រៅ គឺញុះញង់ឱ្យបងប្អូនខាងក្នុងទទួលយកការវិនាសមួយ ដែលពិបាកនឹងស្រោចស្រង់។ លោកថា នេះមិនមែនជាការគំរាមទេ ប៉ុន្តែជាការនិយាយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិ និងប្រជាជន ដោយមិនអាចទុកឱ្យមនុស្សប៉ុន្មាននាក់បំផ្លាញសេចក្តីសុខរបស់ប្រជាជន១៧លាននាក់បានឡើយ។
លោកហ៊ុន សែន ថ្លែងថា៖«មានអ្នកខ្លះឃើញហេតុការណ៍នៅបង់ក្លាដែស ប្រៀបធៀបជាមួយហេតុការណ៍នៅកម្ពុជា សូមសាកល្បងមើល៍។ ប្រសិនបើអ្នកអាចចាត់ទុកខ្លួនឯងជាអ្នកខ្លាំង គឺសូមអញ្ជើញសាកល្បង ហើយអ្នក ដែលនៅក្រៅប្រទេស ក៏សូមអញ្ជើញមក ដើម្បីដឹកនាំចលនា និងបញ្ជាចលនា សម្រាប់ការផ្តួលរំលំមួយនេះ តើអ្នកទាំងនោះអាចហ៊ានធ្វើកិច្ចការនេះទេ»។
ជុំវិញការប្រកាសបង្ក្រាបបាតុកម្មរបស់លោក ហ៊ុន សែន ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា ប្រសិនបើមានករណីហិង្សានេះកើតឡើង នោះគឺជាការខាតបង់ និងគ្រោះថ្នាក់សម្រាប់ខ្មែរ ដែលហាក់ដូចជាហុចដៃឱ្យប្រទេសជិតខាងចំណេញជាង។ លោកចោទសួរថា បើជម្លោះរវាងខ្មែរ និងខ្មែរកើតឡើង ថា តើអាចធានាបានពីការមិនលូកដៃចូលពីប្រទេសជិតខាងបានទេ?
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា៖«អ្វី ដែលអាចធ្វើបាន គឺយើងជជែកគ្នា ហើយស្រង់យកមតិ តើមតិភាគច្រើនហ្នឹងយល់ថាយ៉ាងម៉េច ហើយការបកស្រាយហ្នឹងអាចទទួលយកបានប៉ុនណា ហើយឱ្យមានការដេញដោលគ្នាទៅ វាជារឿងប្រសើរជាង។ ឱ្យមានសំណួរ ឱ្យមានចម្លើយ ឱ្យមានហេតុនិងផល ទើបវាមានដំណោះស្រាយ រវាងខ្មែរ និងខ្មែរ»។
លោកបន្ថែមថា៖«ពេលណាយើងយល់គ្នាច្បាស់ យើងឯកភាពគ្នា យើងកាត់បន្ថយជម្លោះ ហើយកាលណាកាត់បន្ថយជម្លោះ យើងគិតថា ចំណេញដល់ប្រទេសជាតិ ហើយអ្នកជិតខាង ក៏គេមិនមានឱកាសជ្រៀតជ្រែកដែរ»។
ជាងនេះទៀត លោក អ៊ូ ច័ន្ទរ័ត្ន លើកទឹកចិត្តឱ្យរដ្ឋាភិបាលត្រូវប្រឹងព្យាយាមអត់ធ្មត់ឱ្យមែនទែន និងយកមតិផ្សេងៗ ដើម្បីបកស្រាយទៅ ប្រសើរជាការប្រើហិង្សាដោះស្រាយ។
នាយកប្រតិបត្តិ នៃអង្គការការពារសិទ្ធិមនុស្ស(លីកាដូ) លោក អំ សំអាត ស្នើឱ្យអ្នកនយោបាយត្រូវតម្កល់ឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ និងដោះស្រាយបញ្ហាដោយសន្តិវិធី តាមបែបលទ្ធិប្រជាធិបតេយ្យ ដើម្បីរួមគ្នាអភិវឌ្ឍន៍ជាតិឱ្យបានរីកចម្រើគ្រប់វិស័យ។
លោកថ្លែងថា៖«អ៊ីចឹង គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គឺយើងត្រូវអនុវត្ត ដើម្បីកែលម្អទៅតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សទៅតាមគោលការណ៍ នៃរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីរស់នៅក្នុងប្រទេសមួយ ដែលមានសុខសន្តិភាព វិបុលភាព ប្រជាពលរដ្ឋរស់នៅដោយសុខដុមរមនា»៕